ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រកាសថា នឹងដឹកនាំមន្ដ្រីរាជការ, យុវជន, មហាជន និងប្រជាពលរដ្ឋ ដើម្បីសម្អាតបរិស្ថានឆ្នេរ សមុទ្រ មានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដោយចាប់ផ្តើមពីចំណុចឆ្នេរអូរឈើទាល រហូតដល់ចុងឆ្នេរអូត្រេះ ស្ថិតក្នុងក្រុងព្រះសីហនុ។
លោកអភិបាលបន្តថា ការងារចុះសម្អាតអនាម័យបរិស្ថាន នៅតាមឆ្នេរសមុទ្រខាងលើនេះ ប្រយោជន៍ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី អាចចូលមកសម្រាកកម្សាន្ដដោយសប្បាយរីករាយ ជាមួយទេសភាព ធម្មជាតិស្រស់បំព្រង និងខ្យល់សមុទ្រដ៏បរិសុទ្ធ។
លោក គួច ចំរើន ឲ្យដឹងបន្តថា គម្រោងសម្អាតបរិស្ថានតាមឆ្នេរសមុទ្រនាក្រុងព្រះសីហនុនេះ នឹងចាប់ផ្តើមឆាប់ៗនេះ ដើម្បីរួមគ្នាសម្អាតបន្ថែម នូវកាកសំណល់ ផ្សេងៗ ដែលកប់ក្នុងដីខ្សាច់ ក្រោយអាជ្ញាធរ រុះរើសំណង់ និងកន្លែងលក់ដូរ ដើម្បីយកឆ្នេរទាំងនោះ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងទុកជាឆ្នេរសាធារណៈ សម្រាប់ផ្តល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្ត ឲ្យបានទូលំទូលាយ និងមិនចំណាយប្រាក់ទេ។
និយាយដល់ចំណុចនេះ លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ក៏បានអំពាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលមកទស្សនាកម្សាន្ត នៅតាមឆ្នេរសាធារណៈទាំងអស់ ត្រូវជួយថែរក្សាអនាម័យបរិស្ថាន និងជាពិសេសសូមកុំបោះចោលសំរាមពាសវាលពាសកាល នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបាត់បង់សោភ័ណភាពឆ្នេរសមុទ្រ របស់យើងនាថ្ងៃអនាគត៕ ដោយ៖ ដែន សីមា