ខេត្តព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ បានដឹកនាំកម្លាំងចំរុះរួមមានដូចជា៖ កម្លាំងប្រជាការពារភូមិ ឃុំ-សង្កាត់, កម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធមួយចំនួន បានចុះរុះរើផ្ទះ ឬខ្ទម របស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរចាត់ទុកថា បានចូលទៅកាប់រានដីព្រៃសង់សំណង់ខុសច្បាប់ នៅលើដី របស់រដ្ឋ។
នាឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការ របស់កម្លាំងចម្រុះពេលនេះ ប្រយោជន៍ដើម្បីទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រានរានចូលកាន់កាប់ដីសាធារណៈ របស់រដ្ឋ ដោយខុសច្បាប់ មានទីតាំងស្ថិតនៅក្រុមទី១៦ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
លោកបន្តថា ដីទីតាំងដីខាងលើ ស្ថិតនៅក្នុងដែនគម្របព្រៃឈើដែលកន្លងមករដ្ឋបាលខេត្តព្រះសីហនុ តែងបានផ្សព្វផ្សាយ ជូនដំណឹងជាសារធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មិនអនុញ្ញាតឲ្យចូលកាប់ឆ្ការ ឬទន្ទ្រានយកដីព្រៃនោះ ដើម្បីសង់លំនៅដ្ឋានរស់នៅដោយខុសច្បាប់ នាំឲ្យខាតបង់ថវិកា និងពេលវេលានោះទេ គឺអាជ្ញាធរមិនលើកលែងឲ្យទេ។
លោក ម៉ាង ស៊ីណេត ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ទីតាំងដីព្រៃខាងលើនេះ គឺជាដីដែលរដ្ឋរក្សាបម្រុងទុក សម្រាប់ប្រភពទឹកស្អាតតំបន់ក្បាលឆាយ ដែលចាំបាច់ត្រូវតែការពារ គឺមិនអនុញ្ញាតឲ្យមានការសាងសង់លំនៅដ្ឋាន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រភពទឹកសម្រាប់ប្រើប្រាស់ នៅទូទាំងខេត្តព្រះសីហនុទេ។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការរុះរើផ្ទះប្រជាពលរដ្ឋ ដែលអាជ្ញាធរចាត់ទុកជាសំណង់ខុសច្បាប់ខាងលើនេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានប្រើប្រាស់គ្រឿងចក្រអេស្ការវ៉ាទ័រចំនួន ២គ្រឿង សម្រាប់វាយកម្ទេចសំណង់ មិនរៀបរយតូចៗទាំងនោះ។
សំណង់មិនរៀបរយនេះ ត្រូវបានប្រជាពលរដ្ឋកាប់ព្រៃដើមអាកាស្យារដ្ឋ យកមកសាងសង់អស់ជាច្រើនផ្ទះ ឬខ្ទម។ ហើយថា យុទ្ធនាការនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២នាក់ ដែលរ៉ារាំងសកម្មភាពរុះរើ របស់កម្លាំងចម្រុះ ដោយនាំខ្លួនយកទៅកាន់ទីបញ្ជាការខេត្តព្រះសីហនុផងដែរ។
ចំពោះសកម្មភាព របស់កម្លាំងចម្រុះខាងលើ ក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ដោយពួកគាត់ចាត់ទុកថា នេះជាសកម្មភាពលើកទី៤ ដែលកម្លាំងគណៈបញ្ជាការឯកភាព ក្រុង-ខេត្តព្រះសីហនុ បានចុះមករុះរើសំណង់ខ្ទមមិនរៀបរយ នៅចំណុចទីតាំងស្ថិតក្នុងសង្កាត់លេខ១ខាងលើនេះ។
យ៉ាងនេះក្តី សាធារណជន បានសង្គេតឃើញថា ក្រោយពេលកម្លាំងគណៈបញ្ជាការខាងលើ បានដកចេញមកវិញមិនបានប៉ុន្មានថ្ងៃផង ក៏ឃើញសកម្មភាពសង់ខ្ទមទាំងនោះឡើងវិញរីកដូចផ្សិត ឬមានចំនួនច្រើនលើសដើម។
ត្រង់ចំណុចនេះ សាធារណជន បានដាក់ការសង្ស័យថា សំណង់ខុសច្បាប់ខាងលើ ដែលអាចសាងសង់ដោយគ្មានការហាមឃាត់នោះ ទំនងជាអាចមានមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធខ្លះ នៅពីក្រោយខ្នង ជាថ្នូរទទួលបានផលប្រយោជន៍អ្វីមួយពីប្រជាពលរដ្ឋ ដែលចូលទៅកាប់ព្រៃសង់ខ្ទមខុសច្បាប់ទាំងនោះ រួចបិទភ្នែកឲ្យប្រជាពលរដ្ឋលបលួចចូលទៅកាប់ព្រៃសង់លំនៅដ្ឋាន នៅចំណុចខាងលើជាបន្តបន្ទាប់ ឬហៅថា ជាសកម្មភាព(វែកចក ) តែប៉ុណ្ណោះ។
ទោះជាបែបនេះក្តី អ្នកសារព័ត៌មានមិនទាន់អាចទាក់ទង លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ដើម្បីស្នើសុំការបំភ្លឺបន្ថែមបានទេ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០៕ ដោយ៖ ដែន សីមា