ខេត្តស្វាយរៀង ៖ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ មានករណីភ្លើងឆេះជញ្ជ្រាំងស្រែចំនួនបីឃុំ នៅឃុំសំឡី, ខ្សែត្រ, ស្វាយតាយាន ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អស់ប្រមាណ៦០ហិកតា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ចូលរួមជួយពន្លត់ឲ្យរលត់ទាំងស្រុងនៅម៉ោងប្រមាណ៤រសៀលនេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថាៈ ករណីភ្លើងឆេះជញ្ជ្រាំងស្រែនេះ ផ្តើមចេញពីភូមិព្រៃប្រឹស ឃុំស្វាយតាយានសង្ស័យមានគេដុតជញ្ជ្រាំង ហើយបានរាលដាលដល់ភូមិ ឃុំដទៃទៀតបង្កជាអណ្តាតភ្លើង និងផ្សែងខ្មៅខ្មួលខ្មាញ់ពេញវាលស្រែ, ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍កាច់មែកឈើជួយពន្លត់ កុំឲ្យរាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។
ប្រភពបានបន្តថា ភ្លើងបានឆេះជញ្ជ្រាំងស្រែ នៅសល់ប្រមាណតែប្រមាណពី២០០ម៉ែត្រទៅ៣០០ម៉ែត្រទៀតប៉ុណ្ណោះ នឹងឆេះដល់ផ្ទះពលរដ្ឋ បើពុំមានការជួយពន្លត់ពីពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននោះទេ។
អាជ្ញាធរស្រុកកំពង់រោទិ៍ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅរដូវប្រាំងនេះព្រោះងាយនឹងឆាបឆេះ ខណៈដែលយើងមានការធ្វេសប្រហែសជាពិសេស កុំដុតជញ្ជ្រាំងស្រែ និងព្រៃ ហើយត្រូវពន្លត់ភ្លើងចង្ក្រានឲ្យបានត្រឹមត្រូវ មុនចេញពីផ្ទះចៀសវាងបង្កឲ្យមានភ្លើងផ្ទះដែលកើតឡើងជាយថាហេតុផងដែរ។
សូមបញ្ជាក់ថា នៅហេតុការណ៍ភ្លើងឆេះជញ្ជ្រាំងស្រែ នៅក្នុងស្រុកកំពង់រោទិ៍នេះ មិនបណ្ដាលឲ្យឆេះផ្ទះពលរដ្ឋ និងរងរបួសមនុស្សនោះទេ ដោយមានកម្លាំងសមត្ថកិច្ច ឃុំស្រុកចូលរួមពន្លត់យ៉ាងសស្រាក់សស្រាំ ទើបធ្វើឲ្យភ្លើងរលត់ទាំងស្រុង៕ដោយ៖វ៉ៃកូ