Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ពី​ស្តីបន្ទោស​រឿង​គ្រោះថ្នាក់​ចរាចរ រដ្ឋបាល​រាជធានី ចាប់​ម៉ូតូ​ល្មើសច្បាប់ ជាង​៩​ពាន់​គ្រឿង យក​ទៅ​ផាកពិន័យ​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបាន​ការស្តីបន្ទោស ពី​ប្រធាន​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ករណី​គ្រោះថ្នាក់​ចរាចរ ដែល​កើតឡើង​នៅ​រាជធានី​ភ្នំពេញ មាន​អត្រា​ខ្ពស់​ជាងគេ ដោយ​ឈរ​លំដាប់​លេខ​១ នៅ​ទូទាំង​ប្រទេស ហើយ​ជាមួយនឹង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់​ម៉ូតូ ដែល​ល្មើសច្បាប់ ជាង​៩​ពាន់​គ្រឿង យក​ទៅ​ផាកពិន័យ​។​

​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា មិន​ថា​អ្នកមាន ឬ​អ្នកក្រ មិន​ថា​ប្រជាជន ឬ​មន្ត្រី​ឡើយ ឱ្យ​តែ​អ្នក​ធ្វើ​ចរាចរណ៍​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍ ទើប​យើង​អាច​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ប្រកបដោយ​ប្រសិទ្ធភាព។​

​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​ប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជាផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ និង​សេចក្តីណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជាមួយ​មន្ត្រី​រាជកា​រ​រដ្ឋបាល​រាជធានី​ភ្នំពេញ សំដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។ ការគោរព​ច្បាប់​បានល្អ គឺ​ផ្តើមចេញ​ពី​យើង​ម្នាក់ៗ​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ចរាចណ៍​ផ្លូវគោក លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា បញ្ហា​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ មាន​កត្តា​ច្រើន ដោយសារតែ​មាន​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​អ្នក​ដែល​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍ ចុះបញ្ជី​មាន​ប្រហែល​១,៨​សែន​នាក់ និង​អ្នក​ដែល​មក​ស្នាក់នៅ​បណ្តោះអាសន្ន តាមរយៈ​ការ​មក​ធ្វើ​ការងារ​ផ្សេងៗ​ជាដើម ប្រហែល​៨​សែន​នាក់ ដោយ​មិន​បាន​រាប់បញ្ចូល អ្នក​ដែល​មក​ធ្វើដំណើរ​ឆ្លងកាត់​រាជធានី មកពី ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្តាល និង​បណ្តា​ខេត្ត​ជាច្រើន​ទៀត ។

​លោក​អភិបាលរង បានបញ្ជាក់​ថា “​បញ្ហា​កកស្ទះ​ចរាច​រណ៍ មាន​កត្តា​សត្យានុម័ត និង​កត្តា​អន្តោ​ម័ត ដែល​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​របស់​យើង ប្រឈម​ជាមួយនឹង​បញ្ហា​កកស្ទះ​ចរាច​រណ៍​។ ឥឡូវនេះ អ្នកណា​ក៏​គេ​និយាយ​ដែរ អំពី​បញ្ហា​កកស្ទះ​ចរាច​រណ៍ ដែល​កើតឡើង​ដោយសារ​តែ​កត្តា​វិទ្យាសាស្ត្រ កត្តា​សេដ្ឋកិច្ច និង​កំណើត​មធ្យោបាយ​ធ្វើដំណើរ​”​។

​ទាក់ទង​ទៅនឹង​មធ្យោបាយ​ធ្វើដំណើរ បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបង្ហាញ​ថា គ្រាន់​តែ​រថយន្ត​ដែល​ចុះបញ្ជី​មាន​ចំនួន​៤​សែន​៦​ម៉ឺន​គ្រឿង និង​ម៉ូតូ​១​លាន​៦​សែន​គ្រឿង ដែល​បាននិងកំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ បើ​ក្រឡេក​ទៅ​មើល​ពី​អត្រា នៃ​ការ​គ្រោះថ្នាក់​ចរាចរ នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០១៧ គឺ​មាន​ចំនួន​៥៦២​លើក លើ​៥០៧​លើក បើ​ប្រៀ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ការកើនឡើង​ចំនួន​៥៥​លើក ស្នើ​នឹង​១១​ភាគរយ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២២០​នាក់ និង​អ្នក​រងរបួស​ទាំង​ធ្ងន់​និង​ស្រាល ៧៦២​នាក់​។ លោក​បន្តថា បើសិនជា​យើង​ក្រឡេក​មើល​ទិន្នន័យ​នៃ​អត្រា​គ្រោះថ្នាក់​នេះ នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​របាយ​ការណ៍​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ទូទាំងប្រទេស​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​រកឃើញ​ថា​អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​ភ្នំពេញ​គឺ​ឈរ​លំដាប់​លេខ​១​នៅ​ទូទាំង​ប្រទេស​។ ក្នុង​ប្រជុំ​នោះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ស្តីបន្ទោស​ពី​សម្តេច​ក្រឡាហោម អំពី​ភាព​ធូររលុង​នៅក្នុង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ ផ្លូវគោក អីចឹង​ហើយ​បានជា​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ថ្មីៗ​នេះ ចាប់តាំងពី​ថ្ងៃ​ចូលឆ្នាំ​សកល ២០១៨​មក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើក​ឡើង​តាមផេក​ផ្ទាល់ខ្លួន ក៏ដូចជា​តាម​ការចែក​ចាយ​នូវ​ព័ត៌មាន​កន្លងមក គឺ​បាន​ស្តីបន្ទោស​ទៅ​ដល់​ខណ្ឌ​ដូនពេញ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ អំពី​ភាព​ធូររលុង​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ក្រោយពី​មាន​ការ​រឹតបន្តឹង​ច្បាប់​ចរាច​រណ៍ ម៉ូតូ​ដែល​បើក​បញ្ច្រាសទិស គ្មាន​ពាក់​មួកសុវត្ថិភាព ត្រូវបាន​ចាប់​រហូត​ដល់​ជាង​៩​ពាន់​គ្រឿង​។ ម៉ូតូ​ដែល​បើក​ល្មើស​ច្បាប់​ចរាចរណ៍​ទាំងអស់នោះ នឹង​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៣​ថ្ងៃ និង​ផាកពិន័យ​ទៅតាម​ច្បាប់​ចរាចរណ៍ ហើយ​ម៉ូតូ​ដដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ជា​លើក​ទី​២ នឹង​ចាប់​យក​ទុក​រយៈពេល​១​ខែ​។ បើ​ពិនិត្យ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ គឺ​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​ជា​មធ្យម​ប្រមាណ​៥​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នករងរបួស​ជា​មធ្យម​១៥​នាក់ ហើយ​អ្នក​ស្លាប់ របួស ពិការភាព​អចិន្ត្រៃយ៍ ទាក់ទង​នឹង​ដួល​បោក​ក្បាល​ដែល​ទាក់ទង​នឹង​ការ​មិន​ពាក់​មួយ​សុវត្ថិភាព​។

​លោក​បន្តថា ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍ ទើប​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សារាចរ ក៏ដូចជា​បទបញ្ជាផ្ទៃក្នុង​ស្តីពី​ការជំរុញ​អនុវត្ត​ច្បាប់​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​រួមចំណែក​ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ​ការបាត់បង់​ជីវិត រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ដែល​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ហើយ​មន្ត្រី​ក្រោម​ឱវាទ​និង​ថ្នាក់ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​ត្រូវ​អនុវត្ត​បទបញ្ជា​នេះ​ដើម្បី​ធ្វើ​ជា​គំរូ​អនុវត្ត​ច្បាប់​ចរាចរណ៍​៕​ ដោយ​៖​កូឡាប​

×