ព្រះសីហនុ៖ អ្នកឃ្លាំមើលសង្គមមួយចំនួន នាខេត្តព្រះសីហនុ បានបន្តរិះគន់ថ្នាក់ដឹកនាំស្ថាបននគរបាល កងរាជអាវុធហត្ថ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលគ្មានវិធានការចុះបង្ក្រាបបទល្មើសសត្វព្រៃ ដែលត្រូវគេដាក់លក់ជាចំហ នៅតាមភោជនីយដ្ឋាន ពិសេសនៅតាមហាងផឹកស៊ី មួយចំនួននាមូលដ្ឋាននេះយ៉ាងអនាធិបតេយ្យ។
បញ្ហានេះ លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា មុខម្ហូបចំអិន ពីសាច់សត្វព្រៃគ្រប់ប្រភេទ គឺពិតជាកំពុងពេញនិយម និងកំពុងដាក់លក់ជូនភ្ញៀវកម្មង់ ឬបញ្ជាទិញជាចំហ នៅតាមភោជនីយដ្ឋាន ឬនៅតាមហាងផឹកស៊ីភាគច្រើនសម្បូរបែបមិនចាញ់អាហារសមុទ្រនោះទេ។
លោកស្រីបន្តថា កន្លងទៅនេះ បទល្មើសសត្វព្រៃ ដែលកើតមានអនាធិបតេយ្យ និងដាក់លក់ដោយចំហ នៅតាមទីតាំងផឹកស៊ីមួយចំនួន នាខេត្តព្រះសីហនុ មិនឃើញមានកម្លាំងសមត្ថកិច្ច ពីស្ថាប័នពាក់ព័ន្ធណាមួយ ចេញបង្ក្រាប ឬទប់ស្កាត់នោះទេ។
លោកស្រី សុធារី បានកត់សម្គាល់ថា មុខម្ហូបចំអិនពីសាច់សត្វព្រៃ ដែលកំពុងដាក់លក់នៅតាមហាង ឬទីកន្លែងទទួលទានផ្សេងៗ ពិតជាកំពុងពេញនិយមសម្រាប់ភ្ញៀវ មិនចាញ់មុខម្ហូបចំអិនពីអាហារសមុទ្រនោះទេ ហើយភ្ញៀវភាគច្រើន អាចកម្មង់ ឬបញ្ជាទិញបានដោយសេរី ព្រោះម្ចាស់ហាង បានដាក់លក់ ដោយគ្មានការលាក់លៀម និងមិនញញើតកម្លាំងសមត្ថកិច្ចជំនាញនោះទេ។
លោកស្រី សុធារី បានកត់សម្គាល់ថា រាល់ថ្ងៃនេះ នៅតាមភោជនីយដ្ឋានភាគច្រើន នាខេត្តព្រះសីហនុ ភ្ញៀវអាចកម្មង់មុខម្ហូបចំអិនពីសាច់ព្រៃបានជាចំហ ដោយម្ចាស់ហាងនីមួយៗ មិនខ្លាចញញើតកម្លាំងសមត្ថកិច្ចមករារាំង ឬហាមឃាត់នោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះ ទទូចដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថ ជាពិសេស លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យជួយទប់ស្កាត់បទល្មើសសត្វព្រៃ នៅតាមភោជនីយដ្ឋាន ឬដាក់លក់នៅតាមហាងផឹកស៊ីមួយចំនួននៅទូទាំងខេត្តព្រះសីហនុ ដើម្បីឈានទៅអភិរក្សសត្វព្រៃដែលស្ទើតែផុតពូជទៅហើយនោះ ឲ្យសម្បូរបែងឡើងវិញ។
ព្រមគ្នានេះ លោកស្រី ជៀប សុធារី ក្នុងនាមមន្ត្រីឃ្លាំមើលសង្គម ប្រចាំខេត្តព្រះសីហនុ ក៏បានសំណូមពរដល់សាធារណជន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសមន្ត្រីស្ថាប័នពាក់ព័ន្ធធ្វើការងារ ទៅលើសកម្មភាពអភិរក្សសត្វព្រៃជាដើម មិនត្រូវទទួលទានមុខម្ហូបចំអិនពីសាច់សត្វព្រៃទៀតទេ។ ពោលគឺ ត្រូវរួមគ្នាធ្វើពហិការកុំបរិភោគអាហារ ឬមុខម្ហូបចំអិនពីសាច់សត្វព្រៃជាបន្តទៀតនាថ្ងៃខាងមុខ ប្រយោជន៍ដើម្បីរួមគ្នាការពារ និងអភិរក្សសត្វព្រៃ ដែលស្ទើផុតពូជនៅកម្ពុជា ឲ្យបានគង់វង្ស ព្រោះបច្ចុប្បន្ននេះ សត្វព្រៃភាគច្រើននៅកម្ពុជា ស្ទើររលាយផុតពូជទៅហើយ។
អ្នកឃ្លាំមើលសង្គមរូបនេះ ចាត់ទុកការទទួលទានមុខម្ហូបបចំអិនពីសាច់សត្វព្រៃថា ជាការលើកទឹកចិត្ត ឲ្យបទល្មើសសម្លាប់សត្វព្រៃគ្រប់ប្រភេទនៅកម្ពុជា អាចបន្តរីករាលដាលថែមទៀតនាថ្ងៃខាងមុខ ហើយទៅថ្ងៃអនាគតសត្វព្រៃ នៅកម្ពុជា នឹងរលាយហិនហោច។
បញ្ហានេះដែរ លោក ស្រេង វ៉ាន់លី មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងដែរថា រាល់ថ្ងៃនេះឃើញមានហាងផឹកស៊ី និងភោជនីយដ្ឋានមួយចំនួន មានបំរើសេវាមុខម្ហូបចំអិនពីសាច់សត្វព្រៃ ដោយចំហពិតមែន។ លោកបន្តថា ស្ទើរគ្រប់ហាងផឹកស៊ី នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងនៅតាមជាយក្រុង តាមស្រុកនានារួមមាន៖ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលាជាដើម គឺភោជនីយដ្ឋានភាគច្រើន មានលក់មុខម្ហូបចំអិនពីសាច់សត្វព្រៃជាចំហ។
ត្រង់ចំណុចនេះ លោក វ៉ាន់លី បានកត់សម្គាល់ថា មិនដែលឃើញកម្លាំងជំនាញពីស្ថាប័នពាក់ព័ន្ធណាមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាប ឬទប់ស្កាត់បទល្មើសលក់សាច់ព្រៃ នៅតាមភោជនីយដ្ឋាន ឬកំពុងដាក់លក់ជូនភ្ញៀវ នៅតាមហាងផឹកស៊ីទាំងនោះទេកន្លងមក។ លោកបន្តថា សត្វព្រៃ ដែលត្រូវម្ចាស់ហាងមួយចំនួន ទិញយកមកលក់ជូនភ្ញៀវ កម្មង់ចំអិនធ្វើជាអាហារទទួលទានរួមមាន៖ សត្វស្លាបគ្រប់ប្រភេទ ពស់វែក សត្វឈ្លួស ជ្រូកព្រៃ ទន្សាយ ក្តាន់ញ៉ែង អណ្តើក សត្វត្រកួត និងក្តាន់ញ៉ែងជាដើម ដោយត្រូវម្ចាស់ហាងប្រកាសលក់ឲ្យភ្ញៀវជាចំហតែម្តង។
បញ្ហានេះ មន្ត្រីផ្នែកអង្កេតអង្គការលីកាដូ បានស្នើដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជួយមានវិធានការ ឬជម្រុញទៅកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មជាដើម ត្រូវរួមសហការគ្នា ចុះត្រួតពិនិត្យការលក់ដូរសាច់ព្រៃនៅតាមហាងផឹកស៊ី និងតាមភោជនីយដ្ឋាន នៅទូទាំងខេត្តព្រះសីហនុ ដើម្បីឈានទៅការពារ និងទប់ស្កាត់បទល្មើសសត្វព្រៃ នៅកម្ពុជា ឲ្យមានប្រសិទ្ធភាព។
កន្លងទៅនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំ របស់រដ្ឋបាលខេត្ត ជាបន្តបន្ទាប់មកនេះ បានរំលឹកដល់មន្ត្រីក្រោមឱវាទស្ថាប័នជំនាញពាក់ព័ន្ធឲ្យរួមសហការគ្នា ការពារបរិស្ថាន ព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិចម្រុះបាតសមុទ្រ ដែលនៅសេសសល់នាមូលដ្ឋាននេះ ឲ្យបានគង់វង្ស ដើម្បីឆ្លើយតាមគោលនយោបាយណែនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តឲ្យមានប្រសិទ្ធភាព។
ទោះជាបែបនេះក្តី អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បានអះអាងថា បទល្មើសសត្វព្រៃ ឬមុខម្ហូបចំអិនពីសត្វព្រៃជាច្រើនប្រភេទ ត្រូវបានម្ចាស់ភោជនីយដ្ឋាន ពិសេសហាងផឹកស៊ីភាគច្រើន នាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ដាក់លក់ជូនភ្ញៀវកម្មង់ ឬបញ្ជាទិញ ឲ្យចំអិនជាអាហារទទួលទានយ៉ាងអនាធិបតេយ្យ និងមិនឃើញកម្លាំងសមត្ថកិច្ចពីស្ថាប័នជំនាញពាក់ព័ន្ធ ណាមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាបនោះទេ ដោយម្ចាស់ទីតាំងមួយចំនួននោះ បានដាក់លក់ជូនភ្ញៀវជាចំហតែម្តង៕ ដែន សីមា