ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា នៅពេលធ្វើដំណើរ ដើម្បី ការពារអាយុជីវិតរបស់ខ្លួន និងកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនេះ ខណៈក្នុងមួយថ្ងៃមានអ្នកស្លាប់៥នាក់ និងខាតបង់ថវិកាជាតិប្រមាណ៣០០លានដុល្លារដែលធ្វើឲ្យប៉ះពាល់ ដល់គោលនយោបាកាត់ភាពក្រីក្ររបស់រដ្ឋាភិបាល និងប៉ះពាល់ដល់ជីវភាពគ្រួសារជនរងគ្រោះ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៨ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី១៦ មករា នៅសាលចតុមុខ សម្ដេកក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការគ្រោះថ្នាក់ចរាចរកាលពីឆ្នាំ២០១៧ មានកាកើនឡើងជាងឆ្នាំ២០១៦ ហើយគ្រោះថ្នាក់ចរាចរនេះ វាបានធ្វើខាតបង់ថវិកាគ្រួសារ និងថវិកាជាតិប្រមាណ៣០០លានដុល្លារដោយមិនទាន់គិតដល់ផលវិបាកសង្គម ដូចជាបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងធ្វើឲ្យគ្រួសារមួយចំនួនបានធ្លាក់ទៅក្នុងភាពក្រីក្រដែលបណ្តាលឲ្យប៉ះពាល់កាន់តែខ្លាំងដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយក្រីក្ររបស់ប្រជាពលរដ្ឋ។ ដោយមានការកើនឡើងគ្រោះថ្នាក់ចរាចរនេះ សម្ដេចក្រឡាហោម បានអំពាវនាវអោយប្រជាពលរដ្ឋគាំទ្រ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយនាំគ្នាបើកបរម៉ូតូដោយពាក់មួកសុវត្ថិភាព ប្រកាន់ស្ដាំ និងចេះអធ្យាយអោយគ្នាទៅវិញទៅមកក្នុងពេលបើកបរ ដើម្បីការពារអាយុជីវិតរបស់ខ្លួន និងសង្គមជាតិក្នុងកាត់កាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ។
ឆ្លើយតបបញ្ហានេះ រាជរដ្ឋាភិបាល បានដាក់ចេញរួចហើយនូវគោលនយោបាយជាតិស្ដីពីសុវត្ថភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១១ ២០២០ ក្នុងការក៏សាងច្បាប់ ស្ដីពីចរាចរផ្លូវគោកថ្មី ព្រមទាំងធ្វើវិសោធនកម្មបន្ថែម និងចំណុចសំខាន់ៗជាច្រើន ដោយផ្ដោតសំខាន់លើការទប់ស្កាត់ ដែលកាត់បន្ថយគ្រោះថ្នាក់ចរាចរជាអតិបរមា។
សូមបញ្ជាក់ថា៖ នៅឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរមានចំនួន៣៥៣១ករណី ថយចុះ១៦៩ករណី ស្មើ៤,៦% ធៀបឆ្នាំ២០១៦ អ្នកស្លាប់មានចំនួន១៧៨០នាក់កើនឡើងចំនួន៦៣នាក់ស្មើ៤% ធៀបឆ្នាំ២០១៦ និងអ្នករបួសមានចំនួន៥៥៣៩នាក់ ថយចុះចំនួន១០៦៨នាក់ស្មើ១៦%ធៀបឆ្នាំ២០១៦។ ចំនួនជនរងគ្រោះជាមធ្យម ស្លាប់ក្នុងមួយថ្ងៃចំនួន៤,៩នាក់ និងរបួសចំនួន១៥,២នាក់។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ទោះបីគ្រោះថ្នាក់ចរាចរថយចុះប៉ុន្តែអ្នកស្លាប់កើនឡើងដែលជាការសោកស្តាយរបស់យើង ហើយយើងអាចទាញយកការសន្និដ្ឋានបានថាច្បាប់ចរាចរណ៍ផ្លូវគោកបើទោះបីជាយើងបានផ្សព្វផ្សាយនិងបញ្ជ្រាប យ៉ាងណាក៏ដោយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ ហើយប្រជាពលរដ្ឋនិងអ្នកដែលបានប្រើប្រាស់ផ្លូវទាំងឡាយ គ្រប់មធ្យោបាយ ក៏នៅមានការគោរពច្បាប់មិនទាន់បានគ្រប់គ្រាន់ដែរ ជាពិសេសនៅមានការធ្វេសប្រហែសចំពោះអ្នកប្រើប្រាស់ម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ឬមានមួយហើយបែរជាមិនពាក់ ឬក៏គ្មានមួកសុវត្ថិភាព”។
សម្តេចក្រឡាហោម ក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ទោះបីជាមធ្យោបាយណាក៏ដោយ និងអ្នកប្រើប្រាស់ម៉ូតូ សូមគោរពច្បាប់ចរាចរណ៍ ដើម្បីជីវិតយើង គ្រួសារយើង សង្គមរបស់យើង។
សម្តេចក្រឡាហោម បានទទួលស្គាល់ថា មានប៉ូលិសមួយចំនួនរពឹសរពឹសជើងក្នុងការអនុវត្តច្បាប់ចរាចរណ៍ ប៉ុន្តែប៉ូលិសបានធ្វើការទាំងយប់ទាំងថ្ងៃ និងភាពនឿយហត់ផងដែរ ហើយសម្តេចថា ប្រជាពលរដ្ឋភាគច្រើនលើសលប់បានចូលរួមយ៉ាងសកម្មក្នុងការគោរពច្បាប់ ដោយបានកែប្រែឥរិយាបថបើកបរដោយប្រុងប្រយ័ត្នរក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់ អធ្យាស្រ័យប្រសើរឡើង ប៉ុន្តែការគ្រប់គ្រងចរាចរណ៍មិនទាន់បានល្អ ទម្លាប់មិនល្អដែលបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋជិះបញ្ច្រាសទិស ការបើកបញ្ច្រាសផ្លូវដែលអាចបណ្តាលឲ្យប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរនិងការកកស្ទះជាដើម៕ ដោយ៖កូឡាប