ខេត្តព្រះសីហនុ៖ តំណាងមន្ទីរ អង្គភាព នៅតាមមូលដ្ឋានក្រុង-ស្រុកនានា នៃរដ្ឋបាលខេត្តព្រះសីហនុ បានចួលរួម កម្មវិធីផ្សព្វផ្សាយពង្រីកការអនុវត្តបទដ្ឋានផ្សេងៗ សម្រាប់ឆ្នាំ២០១៨ រយៈពេល ១ថ្ងៃ នៅមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
កម្មវិធីនេះ មានគោលបំណង រពង្រឹងនីតិវិធី នៃការអនុវត្តលិខិតបទដ្ឋានផ្សេងៗ សម្រាប់ឆ្នាំ២០១៨ ជូនដល់មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋមួយចំនួន ក្រោយឱវាទរដ្ឋបាលខេត្តព្រះសីហនុ។
នាឱកាសនោះ អភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុន វណ្ណៈ មានប្រសាសន៍សាទរ ចំពោះ ក្រសួងមុខងារសាធារណៈ ដែលបានសហការជាមួយមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ ដែលបានផ្សព្វផ្សាយលិខិតបទដ្ឋានផ្សេងៗសម្រាប់ ឆ្នាំ២០១៨ ជូនដល់មន្ត្រីរាជការស្ថាប័នជំនាញពាក់ព័ន្ធនានា អោយមានការយល់ដឹង និងផ្តល់ឯកសារច្បាប់ លិខិតបទដ្ឋាន សម្រាប់ប្រតិបត្តិការ ជូនដល់មន្ទីរអង្គភាពនានា ក្នុងខេត្តព្រះសីហនុ សម្រាប់អនុវត្តការងារអោយបានរលូន នាបណ្តាឆ្នាំខាងមុខៗទៀត។
លោកអភិបាលរង ខេត្តព្រះសីហនុ ចាត់ទុកសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ ថាបង្ហាញអំពីភាពចាំបាច់នៃការផ្សព្វផ្សាយពង្រឹងនីតិ នៃការអនុវត្តលិខិតបទដ្ឋានផ្សេងៗ ក្នុងការអនុវត្តច្បាប់ជូនដល់មន្ត្រីនៅរាមការិយាល័យត្រួតពិនិត្យរដ្ឋបាល និងបៀវត្សមន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ បានយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ក្នុងការអនុវត្តនីតិវិធី នៃច្បាប់។
តាមរយៈនៃការផ្សព្វផ្សាយលើកនេះ លោក ផៃ ប៊ុនវណ្ណៈ បញ្ជាក់ថា មន្ត្រីជំនាញបានទទួល នូវឯកសារច្បាប់ចំនួន ៥ រួមមាន៖ ទី១ អនុក្រឹត្យលេខ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆុកា ឆ្នាំ២០១៧ ស្ដីពីការកែប្រៃតម្លៃឯកតា នៃសន្ទស្សន៍ បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា។ ទី២ អនុក្រឹត្យលេខ១៩៤ អនក្របកចុះថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៧ ស្តីពីការកែប្រែ និងតម្លើងប្រាក់ឧបត្ថម្ភ ជូនមន្ត្រីរាជការមន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ដែលសម្រាលកូន និងប្រាក់ឧបត្ថម្ភបុណ្យសព ជូនគ្រួសារសពមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្វសន្យា ដែលទទួលមរណៈភាព។ ទី៣ អនុក្រឹត្យលេខ០២ អនក្រ.បកចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ដីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា។ ទ៤ អនុក្រឹត្យលេខ២៦ អនក្រ.បកចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា និង ទី៥ អនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា។ ក្នុងនោះទម្រង់ឯកសាររួមមាន ៖ ឯកសារស្នើសុំប្រែប្រួលស្ថានភាពមន្ត្រីរាជការស៊ីវិល ប្រចាំខែនីមួយៗ ឯកសារស្នើសុំចំណាយ ថវិកាតាមតារាងព័ត៌មានវិទ្យាបៀវត្សមន្ត្រីរាជការស៊ីវិល ឯកសារបង់ចំណាយចូលជាថវិការដ្ឋវិញ និងផ្សព្វផ្សាយ វិញ្ញាបនប័ត្រ ផ្ដាច់ប្រាក់មន្ត្រីរាជការស៊ីវិល ទម្រង់ឯកសារជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ទម្រង់ឯកសារស្នើសុំប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា ទម្រង់ឯកសារស្នើសុំផ្លាស់ប្ដូរមន្ត្រីជាប់កិច្ចសន្យា៕ ដែន សីមា