Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជើងឯក​កម្ពុជា The Brilliant ទទួលបាន​ចំណាត់ថ្នាក់​លេខ 3 ជាមួយនឹង​ប្រាក់រង្វាន់ 5,000 ដុល្លារ​អាមេរិក ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិម​ប៊ី ប្រចាំ​តំបន់​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី​

ភ្នំពេញ​៖ ក្រុម​ជើងឯក​តំណាង​កម្ពុជា The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា បាន​នាំ​កិត្តិយស​ជូន​ជាតិ ដោយ​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​3 រួម​ទាំង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន 5,000 ដុល្លារ​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​ប្រឡងប្រជែង​ដ៏​លេចធ្លោ​មួយ​ថ្នាក់​តំបន់ សម្រាប់​និស្សិត​សាកលវិទ្យាល័យ គឺ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិម​ប៊ី ប្រចាំ​តំបន់​អាស៊ាន​។ ជាមួយគ្នានេះ ក្រុម​ជើង​ថ្នាក់​ថ្នាក់​តំបន់ សម្រាប់​ឆ្នាំ​នេះ បាន​ទៅ​លើ​ក្រុម The Management មកពី​សាកលវិទ្យាល័យ Gadjah Mada University ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទទួលបាន​ប្រាក់រង្វាន់ 12,000​ដុល្លារ​អាមេរិក និង​ដំណើរ​ទស្សនកិច្ច​សិក្សា ទៅកាន់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​តូ​ក្យូ ប្រទេស​ជប៉ុន​ទៀតផង​។​

​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ មាន​ក្រុម​ជើងឯក​ថ្នាក់ជាតិ មកពី ៦​ប្រទេស ក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​ប្រ៊ុយណេ សម្រាប់​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​។ ក្នុងនោះ ក្រុម Team Litquidity Capital មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ទទួលបាន​ចំណាត់​លេខ​2 ជាមួយនឹង​ប្រាក់រង្វាន់ 8,00០​ដុល្លារ​អាមេរិក​។ ហើយ​ក្រុម TA មកពី​សាកលវិទ្យាល័យ​គ្រប់គ្រង និង​វិទ្យាសាស្ត្រ ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ចំណាត់ថ្នាក់​លេខ​4 ជាមួយនឹង​ប្រាក់រង្វាន់ 2,500​ដុល្លារ​អាមេរិក ខណៈ​ដែល​ក្រុម Ray Kim មកពី​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ ទទួលបាន​ចំណាត់ថ្នាក់​លេខ​5 ជាមួយនឹង​ប្រាក់រង្វាន់ 1,500​ដុល្លារ​អាមេរិក ហើយ​ក្រុម HIO មកពី Politeknik ប្រទេស​ប្រ៊ុយណេ ទទួលបាន​ចំណាត់ថ្នាក់​លេខ​6 ជាមួយនឹង​ប្រាក់រង្វាន់ 800​ដុល្លារ​អាមេរិក​។​

លោកស្រី អ៊ុំ ចិន្តា​ភក្តី អគ្គនាយិកា​ធនធាន​ក្រុមហ៊ុន របស់​ធនាគារ CIMB បានឲ្យដឹងថា​៖ «​ស្រប​តាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​ជា​ធនាគារ​សកល​ឈាន​មុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ក្នុង​ការលើកកម្ពស់​ភាពរីក​ចម្រើន​ក្នុង​តំបន់ នៃ​ការអភិវឌ្ឍន៍​សមត្ថភាព​យុវជន យើង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការនាំយក និង​រៀបចំ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ថ្នាក់​តំបន់​នេះ មកកាន់​និស្សិត​ខ្មែរ​យើង ដើម្បី​លើក​តម្កើង​ជំនាញ និង​ចំណេះដឹង​វិនិយោគ ក៏ដូចជា​ការទទួលស្គាល់​សក្តានុពល របស់​និស្សិត​ក្នុងស្រុក ទៅកាន់​ថ្នាក់​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ ហើយ​យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ក្រុម​ជើងឯក​ថ្នាក់​ជាតិ​របស់​យើង ដែល​តែងតែ​ត្រឡប់មកវិញ ជាមួយនឹង​ជ័យលាភី​គាប់ប្រសើរ ដល់​សង្គម​ជាតិ​វិញ នា​ឆ្នាំ​កន្លងមក​។ ជាក់ស្តែង​ឆ្នាំ​នេះ ក្រុម​ជើងឯក​ថ្នាក់ជាតិ The Brilliant ទទួលបាន​ចំណាត់​លេខ 3 ជាមួយនឹង​ប្រាក់រង្វាន់ 5,000 ដុល្លារ​អាមេរិក​»​។​

​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​2010​មកម្ល៉េះ​។ ហើយ​ក្នុង​ឆ្នាំ​ទី​8​នេះ កម្មវិធី​ប្រឡងប្រជែង​នេះ​មាន​ការចូលរួម​ពី​ប្រទេស​ប្រ៊ុយណេ ជា​លើកដំបូង និង​បាន​ដាក់បញ្ចូល​មុខងារ​ពិសេស គឺ​កម្មវិធី​ជួញដូរ​ភាគហ៊ុន តាម Mobile App និង​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ទៀតផង​។ ជា​លទ្ធផល មាន​ក្រុម​ចូលរួម​ប្រឡងប្រជែង​សរុប រហូតដល់ 3,727​ក្រុម មកពី 200​សាកលវិទ្យាល័យ នៃ​ប្រទេស​ទាំង​6 ក្នុង​តំបន់​អាស៊ាន ដែល​កើនឡើង​ប្រមាណ 7% លើស​ពី​ឆ្នាំ​មុន​។ សម្រាប់​ប្រទេស​កម្ពុជា យើង​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​ផងដែរ​។ គួរឲ្យកត់សម្គាល់ ក្រុម​ជើងឯក​ថ្នាក់​ជាតិ​តំណាង​កម្ពុជា ដណ្តើម​បាន​ជ័យលាភី​ជើងឯក​រង​2​ឆ្នាំ​ដំបូង​ជាប់​គ្នា ចំណាត់ថ្នាក់​លេខ​4​ម្តង និង​ចំណាត់ថ្នាក់​លេខ​3 ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។​

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​2017​កន្លងទៅនេះ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិម​ប៊ី ប្រចាំ​តំបន់​អាស៊ាន បានប្រកាស​ក្រុម​ជើងឯក​ថ្នាក់ជាតិ នៅ​តាម​ប្រទេស​ទាំង​6 ដែល​បាន​ចូលរួម​ប្រឡង​ជែង​។ ក្រុម​កំពូល​នេះ ត្រូវបាន​ជ្រើសរើស ក្រោយ​ពី​ប្រកួតប្រជែង​គ្នា អស់​រយៈពេល 3​សប្តាហ៍ នៅ​តាម​ប្រទេស​នី​មួយៗ ដោយ​ផ្អែក​លើ​ផលចំណេញ​ជា​ភាគរយ​ខ្ពស់បំផុត​។ ហើយ​ក្រុម​កំពូល​3​នេះ ត្រូវដាក់​បង្ហាញ​គម្រោង​យុទ្ធសាស្ត្រ​របស់​ខ្លួន ហើយ​ក្រុម​ដែល​មាន​យុទ្ធសាស្ត្រ​ល្អ​បំផុត គឺ​ត្រូវបាន​ជ្រើសរើស​ជា ក្រុម​ជើងឯក​ថ្នាក់ជាតិ​។ យុទ្ធសាស្ត្រ​វិនិច្ឆ័យ​នេះ ផ្តោត​សំខាន់​លើ​ការចាប់យក​ភាគហ៊ុន សម្រាប់​ការ​ចំណេញ​រយៈពេល​វែង ព្រមទាំង​មូលធន​ធៀប​នឹង​ផលចំណេញ​រយៈពេល​ខ្លី​។​

សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ជើងឯក​ថ្នាក់ជាតិ នៃ​ប្រទេស​ទាំង​៦ នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ជួញដូរ​របស់ខ្លួន ដែល​បាន​យកមក​ប្រើប្រាស់ នៅ​ក្នុង​ការប្រកួតប្រជែង ទៅ​ដល់​ចៅក្រម​វិនិច្ឆ័យ រួម​មាន​សមាសភាព​ម​ក​ពី​គណៈ​គ្រប់គ្រង​របស់ CIMB នៃ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​ឥណ្ឌូនេស៊ី ព្រមទាំង​ច្រៅ​ក្រម​កិត្តិយ​ស ពី​ផ្សារភាគហ៊ុន​ឥណ្ឌូនេស៊ី​ផងដែរ​។ ក្រុម​ប្រកួត​ត្រូវបាន​វាយតម្លៃ ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​ខ្លី និង​វែង ការចាប់យក​ភាគហ៊ុន និង​សមត្ថភាព​សម្រេចចិត្ត​វិនិយោគ ក៏​ដូចជា​ជំនាញ ក្នុង​ការប្រើប្រាស់​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ផងដែរ​។​

​ដៃគូ​សហការ​នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិម​ប៊ី ប្រចាំ​តំបន់​អាស៊ាន រួម​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ក្រ​សួ​
ង​អប់រំ​ឧត្តមសិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ទូរគមនាគមន៍ Progresif Cellular ព្រមទាំង​ផ្សារភាគហ៊ុន​ប៊ូរ​សា​ម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុន​សិង្ហ​បុរី (SGX) ផ្សារភាគហ៊ុន​ថៃ (SET) ផ្សារភាគហ៊ុន​កម្ពុជា (CSX) និង​ផ្សារភាគហ៊ុន​ហុងកុង (HKEx)​។​ ​ដោយ​៖​កូឡាប​

សម្រាប់​ព័ត៌មាន​លម្អិត អំពី​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិម​ប៊ី ប្រចាំ​តំបន់​អាស៊ាន សូម​ចូល​ទៅ​កាន់​គេហទំព័រ https://stockchallenge.itradecimb.com/​

×