ភ្នំពេញ៖ អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី៧ខែតុលានេះ បានជម្រាបជូនដល់សាធារណជនថា ទំព័រ Facebook <អ្នកនាំពាក្យ គ.ជ.ប – NEC spokesperson> និងគណនីផ្ទាល់ខ្លួនរបស់ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលត្រូវបានជនអនាមិក Hack យកទៅប្រើប្រាស់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនោះ ពេលនេះបានដំណើរការជាធម្មតាឡើងវិញហើយ។
សូមថ្លែងអំណរគុណចំពោះការសហការ និងដោះស្រាយពីលោកប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងសហការី ដែលបានធ្វើឱ្យ Facebook Page នេះ បានដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។
ក្នុងសេចក្តីប្រកាសព័ត៌មាន លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ថា “ហ្វេសប៊ុកផេក របស់អ្នកនាំពាក្យគជបត្រូវបានលួចហេក យកទៅគ្រប់គ្រងកាលពីយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧ ធ្វើឲ្យសាធារណជននិងបណ្តាញព័ត៌មានទូទៅមិនទទួលបានព័ត៌មានពីគជប ស្តីពីដំណើរការបោះឆ្នោត និងជាការរំខានដល់ការងាររបស់អ្នកនាំពាក្យគជប។ ដោយមានការជួយសម្របសម្រួល និងដោះស្រាយពីលោក បានធ្វើឲ្យហ្វេសប៊ុកផេកនេះ បានដំណើរការជាធម្មតាឡើងវិញ”៕ ដោយ៖ជាលី