Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ចង់​បង្កើតឲ្យមាន​គម្រោង​បណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ ដល់​កម្ពុជា​ ​

​ភ្នំពេញ​៖ ភាគី​ចិន ចង់​បង្កើតឲ្យមាន​គម្រោង​បណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ ដល់​កម្ពុជា ព្រោះ​វា​នឹង​មិន​ត្រឹមតែ បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស លើ​ផ្នែក​នោះ​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជួយ​ជំរុញ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​។​

​លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ទទួល​ជួប​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​លោក Jiang Hao ប្រធាន​ក្រុមហ៊ុន Join capital Investment & Management co.,Ltd ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព នៃ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែ​មករា ឆ្នាំ​២០១៨​នា​ទីស្តីការក្រសួង​។​

​ក្នុងជំនួប​ទ្វេភាគី​នោះ គណៈប្រតិភូ​ចិន​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ចិន កន្លង​មក​លើ​គ្រប់​ជ្រុងជ្រោយ ពិសេស​កម្ពុជា​-​ចិន គឺជា​បងប្អូន​ដ៏​ល្អ ដែល​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ ប្រធាន​គណៈប្រតិភូ​លើកឡើងថា កម្ពុជា​គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ ហើយ​ដំណាក់កាល​នេះ ដូចជា​ប្រទេស​ចិន ដែល​ទើបនឹង​ចាប់ផ្តើម​អភិវឌ្ឍ​ដំបូង​ដូច្នេះ​ដែរ​។​ជាមួយគ្នានេះ​ដែរ​ដំណាក់​នេះ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស​គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​ពិសេស​ធនធាន​មនុស្ស​លើ​វិស័យ​បច្ចេកទេស​តែម្តង​។ ភាគី​ចិន​ចង់​បង្កើតឲ្យមាន​គម្រោង​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ អន​ឡាញ​(Online) ដល់​កម្ពុជា​ព្រោះ​ជំនាញ​នេះ បាន​រួមចំណែក​យ៉ាង​ខ្លាំង ដល់​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ប្រទេស​ចិន ឲ្យ​កាន់តែ​រីកចម្រើន មកដល់​បច្ចុប្បន្ន​។ ដូច្នេះ បើ​គម្រោង​នេះ​បង្កើត​នៅ​កម្ពុជា នោះ​វា​នឹង​មិន​ត្រឹមតែ​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​លើ​ផ្នែក​នោះ​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​។ ចំពោះ​ការបណ្តុះបណ្តាល​តាម​ប្រព័ន្ធ​នេះ គណៈប្រតិភូ​បញ្ជាក់ថា ខ្លួន​មាន​ទាំង​ក្រុមបច្ចេកទេស និង​ថវិកា​ដើម្បី​ជំរុញ និង​គាំទ្រ​ឲ្យ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​។​

​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ការវាយតម្លៃ​ខ្ពស់ ប្រកប​ដោយ​ភាព​វិជ្ជមាន របស់​គណៈប្រតិភូ​ចិន ដែល​បាន​ចាត់ទុក​កម្ពុជា ជា​មិត្ត​ដ៏​ល្អ និង​ដៃគូ​អភិវឌ្ឍ ដែល​មិន​អាច​ខ្វះ​គ្នា​បាន​។ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង ក្នុង​កិច្ចប្រជុំ​មេគង្គ​ឡាន​ឆាង និង​ដំណើរ​ទស្សនកិច្ច នៅ​កម្ពុជា របស់លោក ពិតជា​បាន​នាំមក​នូវ កិច្ច​សហប្រតិបត្តិ កាន់តែ​ល្អ​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមទៀតថា កម្ពុជា​សូម​ស្វាគមន៍ ចំពោះ​ភាគី​ចិន ដែល​មាន​គម្រោង​អភិវឌ្ឍ​ធនធានមនុស្ស លើ​វិស័យ​បច្ចេកទេស ពិសេស​ចង់​បង្កើត​គម្រោង បណ្តុះបណ្តាល​បច្ចេកវិទ្យា តាម​ប្រព័ន្ធ​អន​ឡាញ​(Online) ព្រោះ​បច្ចេកវិទ្យា​នេះ​កំពុង​មាន​ការពេញនិយម​ចំពោះ​មនុស្ស​ទូទៅ​លើ​សកលលោក​។ លោក​មាន​ជំនឿ​ថា ក្រោយ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង នឹង​មាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​ក្នុង​ការសិក្សា​លើ​មុខវិជ្ជា​អន​ឡាញ​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​គណៈប្រតិភូ​ដែល​មាន​បំណង​បង្កើត​គម្រោង​បច្ចេកទេស​អន​ឡាញ​នៅ​កម្ពុជា​នេះ សូម​បកប្រែ​ជា​ភាសារ​ខ្មែរ​ចិន​ចំពោះ​ឯកសារ​មេរៀន​ទាំងឡាយ ដើម្បី​ងាយស្រួល​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ ព្រោះ​បច្ចុប្បន្ន​កម្ម​វិធី​នេះ​មាន​តែ​ជា​ភាសា​ចិន និង​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី សន្យា​និង​ផ្តល់​ការគាំទ្រ​ចំពោះ​គម្រោង​នេះ​ឲ្យទទួល​បាន​ជោគជ័យ ពិសេស​ទៅទៀត​និង​ជម្រុញ​ឲ្យចេញ​ជា​វិញ្ញាបនបត្រ ឬ​ឈាន​ទៅ​ដល់​បរិញ្ញាបត្រ ដល់​អ្នក​សិក្សា​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×