ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មានមនុស្សចំនួន ១៧៤នាក់បន្ថែមទៀត បានឆ្លងវីរុសកូរ៉ូណា បណ្តាលឲ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ចំនួន ៦.៧៦៧នាក់។ នេះបើតាមមជ្ឍមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់ប្រទេសនេះ។
ចំណែកអ្នកស្លាប់ មានចំនួន ៤៤នាក់។
ចំនួនអ្នកឆ្លងវីរុសមរណៈនេះនៅកូរ៉េខាងត្បូងបានហក់ឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក នៅពេលស្រ្តីវ័យ ៦១ឆ្នាំនាក់ ដែលត្រូវបានគេស្កាល់ថាជាអ្នកជំងឺទី ៣១ ត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុស ក្រោយពេលចូលរួមក្នុងពិធីបុណ្យសាសនា នៅព្រះវិហារគ្រឹស្តិ Shinchenji ស្ថិតក្នុងទីក្រុង Daegu។
កូរ៉េខាងត្បូង បានក្លាយជាប្រទេសទី ២ដែលមានការឆ្លងច្រើនបំផុត បន្ទាប់ពីប្រទេសចិន ហើយប្រទេស និងតំបន់ប្រហែល ៦០បានដាក់បំរាមមិនឲ្យអ្នកដំណើរពីកូរ៉េខាងត្បូងចូលប្រទេសរបស់ពួកគេ ឬក៏ត្រូវដាក់ដាច់ដោយឡែកពេកគេ។
អង្គការសុខភាពពិភពលោក នៅថ្ងៃសុក្រម្សិលមិញនេះ ប្រាប់ឲ្យប្រទេសទាំងអស់ចាត់ទុកការទប់ស្កាត់ការផ្ទុះវីរុសកូរ៉ូណាជាអទិភាព៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia