Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​វៀតណាម សាងសង់​ផ្សារ​គំរូ​ព្រំដែន​ទី​១ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តៃនិញ ជិត​២​លាន​ដុល្លារ​

​ត្បូងឃ្មុំ​៖ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម លើកដំបូង​ឈ្មោះថា ផ្សារ​ដា ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​មេមត់ ជាប់​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តៃនិញ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​គណៈ​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង លោក វ៉ូ ហ្គុ​ង​មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា​។​

​គួរ​រំលឹក​ដែរ​ថា គម្រោង​សាងសង់​ផ្សារ​នេះ ត្រូវបាន​អនុម័ត​លើកដំបូង​កាលពី​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​បន្ត​អនុវត្ត​ឡើង​វិញ នៅ​ឆ្នាំ​២០១៦ នៅលើ​ផ្ទែដី​ទំហំ ១៩.៦២៨​ម៉ែត្រការ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថា​រី​ត្បូងឃ្មុំ ជាមួយ​ទុន​វិនិយោគ​សរុប​ចំនួន ៤៤.៧៦១.៤១១.០០០​វៀតណាម​ដុង ឬ​ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។​

​នៅក្នុង​អំឡុង ៥​ឆ្នាំ​ចុងក្រោយ​នេះ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា មានតម្លៃ​ចន្លោះ​ពី ១,៧​ពាន់​លាន​ដុល្លារ ទៅ ២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់​។ គិត​ត្រឹម​រយ​:​ពេល​១១​ខែ នៃ​ឆ្នាំ​២០១៧ ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ៣.៤៣៨​លាន​ដុល្លារ ពោល​គឺ​បាន​កើនឡើង ៣១,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ត្រឹមតែ ២.៩២៦​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-​វៀតណាម​។ លើសពីនេះ លោក​ម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ជា​ពិសេស​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ព្រមទាំង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ជួយ​សម្របសម្រួល​គម្រោង​សាងសង់​ផ្សារ​នេះ ដើម្បី​ទុកជា​និម្មិត​រូប និង​ជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។​

“​ការបង្កើត​ផ្សារ​គំរូ​នេះ គឺជា​ការចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត នៃ​ការពង្រឹង​កិច្ចសហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ជាពិសេស​ឈានទៅ​សម្រេច​ឲ្យបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥,០០០​លាន​ដុល្លារ តាម​ផែនការ​មេ​ដែល​បាន​គ្រោងទុក​ក្នុង​ពេល​អនាគត​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ថែម​ថា “​ខ្ញុំ​សង្ឃឹមថា​ផ្សារ​នេះ នឹង​បម្រើ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​ដាក់​លក់​ទំនិញរ​បស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម និង​របាំង​ពាណិជ្ជកម្ម​នានា ដែល​តែ​តែង​រាំងស្ទះ​ដល់​ធ្វើ​ចរាចរណ៍​ទំនិញ និង​ផលិតផល​នៅតាម​ព្រំដែន​កម្ពុជា និង​វៀតណាម​”​។​

​លោក វ៉ូ ហ្គុ​ង​មិញ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម បាន​គូសបញ្ជាក់ថា ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ដា​ថ្ងៃនេះ គឺ​ដើម្បី​អបអរ​ខួប​លើក​ទី ៥០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​រួមចំណែក​ពង្រឹង​មិត្តភាព​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​។​

“​ខ្ញុំ​សង្ឃឹមថា​ការសាង់សង់​ផ្សារ​ដា​នេះ នឹង​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា និង​វៀតណាម ហើយ​នឹង​ក្លាយជា​គំរូ​នៃ​ការអភិវឌ្ឍ និង​ការពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត ប្រកបដោយ​ជោគជ័យ​” លោក ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×