កណ្តាល៖ នគរបាលស្រុកមុខកំពូល បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត យកលុយក្រុមហ៊ុនដែលប្រមូលបាន ទៅស៊ីចាយអស់។ សង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានកឹបកេងប្រាក់ពីអតិថិជនរបស់ សាខាស្ថាប័នវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សរុបជាង១ម៉ឺនដុល្លារ។ ករណីនេះកើតហេតុថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ចំណុច សាខាស្ថាប័នវិវឌ្ឍន៍ ហ្គោលឌិនហ្វាយនែន ម.ក ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
បើតាមរបាយការណ៍នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ ១នាក់ឈ្មោះ ឈុន ទិវា ភេទប្រុសអាយុ ២៨ ឆ្នាំជនជាតិខ្មែរមុខរបរ ប្រធានសាខាស្ថាប័នវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន ម.ក ស្នាក់នៅបណ្ដោះអាសន្នភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ឃាន ឈុនឡេង អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក នៅស្ថាប័នវិវឌ្ឍន៍ហ្គោលឌិនហាយនែនម.ក ទីលំនៅសព្វថ្ងៃនៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បាត់បង់ ប្រាក់ដុល្លារ១១.៧៨៤ ដុល្លារ។
កន្លងមក ជនសង្ស័យបានកឹបកេងប្រាក់ពីអថិតិជន បន្តបន្ទាប់ដោយមិនបានបញ្ចូលប្រាក់ ក្នុងប្រព័ន្ធនោះទេ ដោយយកចាយវាយផឹកស៊ី រហូតដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ ដោយមិនឃើញមានទឹកប្រាក់នៅក្នុង ប្រព័ន្ធក្រុមហ៊ុន បានធ្វើការត្រួតពិនិត្យទឹកប្រាក់ដែលជនសង្ស័យគ្រប់គ្រង បូកសរុបឃើញថាបាត់ទឹកប្រាក់ចំនួន១១.៧៨៤ ដុល្លារ។ លុះដល់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២០ ជនសង្ស័យបានគេចខ្លួនឈប់ចូលធ្វើការ នៅពេលនោះក្រុមហ៊ុន បានទាក់ទងតាមទូរស័ព្ទទៅជនសង្ស័យ តែទាក់ទងមិនបាន ។
បន្ទាប់មកនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ខាងក្រុមហ៊ុន បានចុះទៅដល់ផ្ទះឪពុកម្ដាយជនសង្ស័យ នៅខេត្តកំពង់ចាម ដោយប្រាប់ថា ជនសង្ស័យបានកឹបកេងប្រាក់ក្នុងស្ថាប័ន យកទៅចាយវាយ ហើយក្រុមហ៊ុនបានបញ្ជាក់ថា កុំឲ្យមានរឿងវែងឆ្ងាយ ឱ្យជនសង្ស័យយកប្រាក់៦.០០០ ដុល្លារ ទៅតម្កល់នៅសាខាស្ថាប័នវិវឌ្ឍន៍ខេត្តកំពង់ចាម កំណត់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែជនសង្ស័យមិនបានយកប្រាក់មកតម្កល់ទុកតាមការកំណត់នោះទេ ហើយក្រុមហ៊ុនបានតេទូរស័ព្ទទៅឪពុកម្តាយរបស់ជនសង្ស័យ ហើយឪពុកម្ដាយជនសង្ស័យ បានសុំពន្យារពេលដល់ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២០ គាត់នឹងមកជួបក្រុមហ៊ុន ដើម្បីដោះស្រាយគ្នា នៅសាខាស្ថាប័នវិវឌ្ឍន៍ឃុំព្រែកអញ្ចាញ ។
ដល់ថ្ងៃកំណត់មិនឃើញឪពុកម្ដាយជនសង្ស័យ ចូលខ្លួនមកដោះស្រាយឡើយ ។ លុះមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនព្យាយាមតេទូរស័ព្ទ ហៅជនសង្ស័យ ដើម្បីធ្វើការដោះស្រាយគ្នា ជនសង្ស័យបានទទួលយល់ព្រម ហើយបានចូលខ្លួនដល់ស្ថាប័នវិវឌ្ឍព្រែកអញ្ចាញ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០និង៣០នាទី ដោយពុំមានដំណោះស្រាយឡើយ ពេលនោះក្រុមហ៊ុន បាននាំជនសង្ស័យ យកមកអធិការរដ្ឋាននគរបាលស្រុកមុខកំពូល និងដាក់ពាក្យបណ្តឹង ។
ក្រោយពីបានទទួលពាក្យបណ្ដឹងរួចមក ជំនាញក៏បានធ្វើការសាកសួរ ហើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកឹបកេងប្រាក់ពីអតិថិជនរបស់ សាខាស្ថាប័នវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សរុប១១.៧៨៤ដុល្លារ ដោយពិតប្រាកដមែន ។
ករណីខាងលើនេះ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖បញ្ញាស័ក្តិ