ខេត្តព្រះសីហនុ ៖ នគរបាលបំបែកសំណុំរឿងឃាតកម្មសម្លាប់មិត្តរួមការងារលើទូកនេសាទបានហើយ) ទីបំផុតទៅ ករណីទូកនេសាទមួយគ្រឿងដែលបាត់មនុស្សទាំង៣នាក់នៅលើទូក បន្ទាប់មករកឃើញសាកសពមនុស្ស២នាក់ បាត់ខ្លួនម្នាក់ទៀតនោះ គឺជារឿងឃាតកម្មបង្កឡើងដោយជនសង្សយ័ម្នាក់ជាកម្មករទូកនេសាទ លើទូកជាមួយគ្នា បច្ចុប្បន្នជនសង្សយ័រូបនេះ នគរបាលចាប់ខ្លួនបានហើយ ក្រោមកិច្ចសហការរួមគ្នារវាងនគរបាលខេត្តព្រះសីហនុនិងនគរបាលខេត្តព្រៃវែង សម្របសម្រួលផ្លូវច្បាប់ពីអយ្យការអមសាលាដំបូងខេត្ត។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំពីខេត្តព្រៃវែង មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការបន្តតាមនិតិវិធី បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់។
នៅថ្ងៃទី៧ មីនា ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធី វណ្ណះ ហៅ ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិត្រពាំងចាម ឃុំពោធិ៍ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង ។
នគរបាលខេត្ដព្រះសីហនុ បានបញ្ជាក់ពីដំណើររឿងហេតុ ៖ កាលថ្ងៃទី១ មីនា ២០២០ ជនសង្ស័យ និងជនរងគ្រោះ២នាក់ (សាកសព) បានចេញទៅនេសាទត្រី នៅចំណុចកោះថាស ស្ថិតក្នុងទឹកដីក្រុងកោះរ៉ុង ។
នៅថ្ងៃទី៣ មីនា ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក បានប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រ ឈ្មោះ ប៊ុន បូរ៉ា ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិខ្មែរ ជាកូនដៃទូក មានស្រុកកំណើ់ត ភូមិ-ឃុំ ជាមួយនឹងជនសង្ស័យ ។
នៅថ្ងៃទី៤ មីនា ២០២០ វេលាម៉ោង១០:០០នាទីព្រឹក បានប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រ ឈ្មោះ ហែម ពឿន ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ជាតៃកុងទូក មានស្រុកកំណើត ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ដកំពត ។
ឆ្លងតាមការពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ ជុំវិញករណីសាកសពទាំងពីរនាក់ខាងលើ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ដ្រនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ អាចធ្វើការសន្និដ្ឋានបានថា គឺជាករណីឃាតកម្ម ដែលប្រព្រឹត្ដនៅលើផ្ទៃសមុទ្រ ស្ថិតក្នុងតំបន់កោះថាស ដែនទឹកនៃខេត្ដព្រះសីហនុ កាលពីថ្ងៃទី ១ មីនា ២០២០ ពិតប្រាកដមែន ។ តាមចម្លើយសារភាពរបស់ឈ្មោះ ធី វណ្ណៈបានឲ្យដឹងថា ៖ មូលហេតុបណ្តាលមកពី គឺនៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១:៣០នាទី ជនសង្ស័យបានប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត ក្រោយពេលអូសមងបានពីរដៃ ជនសង្ស័យបានយកញញួរវាយទៅលើតៃកុងទូកចំនួន២ញញួរ និងរុញទម្លាក់ទឹក ដោយសារខ្លួនភ័យខ្លាចកូនដៃទូកម្នាក់ដែលនៅសល់ ហើយក៍ជាអ្នកភូមិនឹងគ្នារាយការណ៍ជូនសមត្ថកិច្ច ខ្លួនក៍យកកាំបិតកាប់ទៅលើកូនដៃទូក ឈ្មោះ ប៊ុន បូរ៉ា ត្រូវសៀតថ្កា១កាំបិត រួចរុញទម្លាក់ទឹកទៀត ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានបើកទូកមកចតនៅផែរ៉ូយ៉ាល់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ រួចរត់គេចខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់មកឲ្យសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធី និងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ