ខេត្តព្រះសីហនុ៖ អ្នកវិភាគសង្គម មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអ្នកធ្វើជំនួញមួយចំនួន រស់នៅខេត្តព្រះសីហនុ បង្ហាញទស្សនៈខុសៗគ្នា ទាក់ទងវត្តមាន របស់ អ្នកវិនិយោគទុនចិន ឬជនជាតិចិន ដែលចូលមកមូលដ្ឋានខេត្តព្រះសីហនុ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ នាំឲ្យខេត្តទេសចរណ៍មួយនេះទទួលបានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?
សម្រាប់ប្រជាពលរដ្ឋ មានប្រាក់ចំណូលទាប ពិសេសពលរដ្ឋធ្វើចំណាកស្រុកមកពីខេត្តឆ្ងាយ មករកការងារធ្វើក្នុងខេត្តព្រះសីហនុ ផ្តល់សម្ភាសដល់អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។ ពលរដ្ឋទាំងនោះ បានចាត់ទុកអ្នកវិនិយោគទុនចិន ឬជនជាតិចិន បង្ហាញវត្តមានច្រើនកុះករនាខេត្តព្រះសីហនុប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនបានជួយបង្កើនប្រាក់ចំណូលដល់ពួកគេទេ។ ផ្ទុយទៅវិញ បានបង្កផលវិបាកដល់ពួកគេទៅវិញ ព្រោះត្រូវម្ចាស់ផ្ទះជួល បានតម្លើងតម្លៃបន្ទប់ជួល ១គុណ ៣ ឬច្រើនជាងនេះ បើប្រៀបធៀបមុនពេលចិនចូលមកខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋធ្វើចំណាកស្រុក មករកការងារធ្វើ និងបានជួលបន្ទប់ស្នាក់នៅភាគច្រើន បានរអ៊ូរទាំថា ពួកគេមិនបានកើនប្រាក់ចំណូល ពីវត្តមានអ្នកវិនិយោគទុនចិន ចូលមកខេត្តព្រះសីហនុទេ ព្រោះប្រាក់ចំណូល ដែលទទួលបានប្រចាំថ្ងៃ ឬប្រចាំខែនៅដដែល ប៉ុន្តែបែរជាបានចំណាយច្រើន ទៅលើថ្លៃអាហារទទួលទាន សេវាដឹកជញ្ជូន ពិសេសតម្លៃជួលបន្ទប់សម្រាប់ស្នាក់នៅកើនខ្ពស់កប់ពពក ហើយពេលនេះ ត្រូវបង្ខំចិត្តចេញទៅរកផ្ទះជួល នៅជាយក្រុង ដែលមិនសូវមានសុវត្ថិភាពជាដើម។
ផ្តើមពីបញ្ហានេះ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ផ្តល់សម្ភាសឲ្យអ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុដឹងដែរថា អ្នកវិនិយោគទុនចិន បង្ហាញវត្តមានច្រើននាខេត្តព្រះសីហនុ មិនមានផលប្រយោជន៍ច្រើន ឬមិនបានកើនដល់ប្រាក់ចំណូលចិញ្ចឹមគ្រួសារ សម្រាប់ប្រជាពលរដ្ឋខ្មែរមានរបរតូចតាច ពិសេសពលរដ្ឋចំណាកស្រុក មានការងារជាកម្មករ អ្នករត់តុនៅតាមទីតាំង ឬតាមភោជនីយដ្ឋាននានា ស្ត្រីបំរើនៅតាមក្លឹបកម្សាន្ត ខារ៉ាអូខេ ឬKTV និងក្លឹកម្សាន្តនានា ជាពិសេសមន្ត្រីរាជការរដ្ឋ មានប្រាក់ចំណូលទាប ហើយរស់នៅបន្ទប់ជួលនោះទេ។
ត្រង់ចំណុចនេះ លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បង្ហាញទស្សនថា វត្តមានអ្នកវិនិយោគទុនចិន ឬជនជាតិចិនចូលមកខេត្តនេះច្រើនកុះករ គឺពួកគេភាគច្រើនបានមករកស៊ី និងវេចលុយត្រឡប់ទៅកាន់ស្រុកគេវិញស្ទើរទាំងស្រុង។ លោកស្រីបន្ថែមថា វត្តមានជនជាតិចិន នាខេត្តព្រះសីហនុ គឺមានលក្ខណៈខុសប្លែកពីភ្ញៀវទេសចរមកពីសហគមន៍អឺរ៉ុប ដោយពួកគេចូលមកទស្សនា ឬចូលមកខេត្តព្រះសីហនុ បានយកលុយមកចាយនៅខេត្តទេសចរណ៍មួយនេះ ហើយចំណេញដល់អាជីវករ និងប្រជាពលរដ្ឋមានរបរខ្នាតតូចសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ទោះបីភ្ញៀវពីអ៊ឺរ៉ុប មិនបានមកអភិវឌ្ឍ ឲ្យមានសំណង់ធំស្កឹមស្កៃរីកដូចផ្សិត ដូចរាល់ថ្ងៃនេះក្តី ប៉ុន្តែភ្ញៀវពីអ៊ឺរ៉ុប ក៏មិនបានមកបំផ្លាញបរិស្ថានឆ្នេរ ឬធនធានជីវៈចម្រុះបាតសមុទ្រ ដែលមាននៅខេត្តព្រះសីហនុនោះដែរ។
លោកស្រី សុធារី បានកត់សម្គាល់ថា អ្នកដែលបានទទួលផលប្រយោជន៍ភាគច្រើនពីវត្តមានអ្នកវិនិយោគចិន ចូលមកខេត្តព្រះសីហនុ គឺភាគច្រើនបានតែទៅលើបុគ្គល ឬអ្នកមានសំណង់អគារធំៗ ដីធ្លីសម្រាប់លក់ ឬជួល អ្នកមានផ្ទះសំណាក់ សណ្ឋាគារ និងក្លឹបកម្សាន្តសម្រាប់ដាក់ជួល ឬលក់ឲ្យចិន បើកធ្វើអាជីវកម្មតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់អាជីវករប្រកបរបរតូចតាច មន្ត្រីរាជការ ពិសេសពលរដ្ឋធ្វើចំណាកស្រុក ដែលចូលមករកការងារធ្វើ ក្នុងខេត្តព្រះសីហនុ មានប្រាក់ចំណូលទាប និងជួលផ្ទះគេស្នាក់នៅ គឺបានប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវភាពប្រចាំថ្ងៃ របស់ពួកគេទៅវិញទេ ព្រោះត្រូវម្ចាស់ផ្ទះជួល បានតម្លើតតម្លៃថ្លៃបន្ទប់ជួលខ្ពស់កប់ពពក ឬមិនជួលឲ្យខ្មែររស់នៅទេ ដោយ ទុកជួលឲ្យជនជាតិចិន ព្រោះចិនឲ្យតម្លៃប្រចាំខែខ្ពស់ជាដើម។ ដូច្នេះសរុបមក ចិនបង្ហាញវត្តមានច្រើន នាខេត្តព្រះសីហនុ គឺសម្រាប់ពលរដ្ឋមានជីវភាពក្រីក្រ មានរបរជាកម្មករ អ្នករត់តុនៅតាមភោជនីយដ្ឋាន ស្ត្រីបំរើនៅតាមក្លឹបកម្សាន្តនានា មន្ត្រីរាជការមានប្រាក់ខែទាប ហើយរស់នៅផ្ទះជួល គឺមិនទទួលបានប្រយោជន៍ច្រើន ពីវត្តមានអ្នកជំនួញចិន ចូលមកខេត្តព្រះសីហនុនោះទេ។
យ៉ាងនេះក្តី លោកស្រី សុធារី ទទួលស្គាល់ថា វត្តមានអ្នកវិនិយោគទុនចិន ចូលមកខេត្តព្រះសីហនុ បានផ្តល់ឱកាសធ្វើការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនមួយចំនួនអាចរកការងារធ្វើទៅទាមជំនាញ ឬចំណេះ របស់ពួកគេបានមួយចំនួនដែរ ប៉ុន្តែអាចមានតួនាទីជាបុគ្គលធម្មតា និងទទួលបានប្រាក់ចំណូលឬប្រាក់ខែទាបតែប៉ុណ្ណោះ ព្រោះចំណេះដឹងនៅមានកំរិត និងមិនទាន់មានបទពិសោធន៍ឲ្យបានគ្រប់គ្រាន់ជាដើម។
ចំណែក អាជីវករមានមុខរបរលក់ដូរចំណីអាហារមួយចំនួន នាខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា ពួកគេទទួលបានប្រាក់ចំណូលពីភ្ញៀវជនជាតិចិន មករកសេវាបម្រើការធ្វើអាជីវករលក់ដូរទំនិញ សេវាបម្រើលក់ម្ហូបអាហារ និងសេវាដឹកជញ្ជូនជាដើម គឺមានចំនួនតិចតួចប៉ុណ្ណោះ ព្រោះអ្នកជំនួញជនជាតិចិន មានមធ្យោបាយគ្រប់គ្រាន់ ឬបើកធ្វើជំនួញទាំងអស់នោះដោយខ្លួនឯង ហើយពួកគេភាគច្រើន បានទៅគាំទ្រសេវាបំរើ ដែលជនជាតិចិនគ្នាគេបើកធ្វើអាជីវកម្មតែម្តង។
ផ្ទុយពីការអះអាងនេះ សម្រាប់ឈ្មួញ ឬអ្នកមានសំណង់អគារធំៗ មានដី សម្រាប់ជួល ឬលក់ មានដូចជាអគារសំណង់ធំៗ បន្ទប់ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្តឌីស្កូ និងក្លឹបខារ៉ាអូខេជាដើមនាខេត្តព្រះសីហនុ សម្រាប់លក់ ឬជួលឲ្យជនជាតិចិន បានគាំទ្រវត្តមានជនជាតិចិន ហូរចូលមកមូលដ្ឋាននេះ។
ឈ្មួញទាំងនោះចាត់ទុកវត្តមានរបស់ជនជាតិចិន ឬអ្នកវិនិយោគិនចិន ដែលបានមករកជួលបន្ទប់ ជួលដី ជួលអាគារធំៗ មានផ្ទះសំណាក់ សណ្ឋាគារប្រណិតៗ និងក្លឹបកម្សាន្តជាដើម មានតម្លៃខ្ពស់ថា បានបង្កើនប្រាក់ចំណូលសម្រាប់ជំនួញពួកគេមានកំណើនខ្ពស់ និងបានរិះគន់វត្តមានភ្ញៀវមកពីអ៊ឺរ៉ុប ដែលចូលមកខេត្តព្រះសីហនុ មិនបានជម្រុញឲ្យមូលដ្ឋាននេះរីកចំរើន ឬជួយអភិវឌ្ឍមូលដ្ឋាននេះទេកន្លងមកនេះ។
អ្នកជំនួញ ឬឈ្មួញមួយចំនួនរស់នៅខេត្តព្រះសីហនុ បានចាត់ទុកវត្តមាន របស់ អ្នកវិនិយោគទុនជនជាតិចិន និងភ្ញៀវទេសចរចិន ចូលមកខេត្តទេសចរណ៍មួយនេះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពួកគេហ៊ានជួលសំណង់អគារធំៗ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ដីធ្លី និងក្លឹបកម្សាន្តជាដើម ក្នុងតម្លៃខ្ពស់មិនធ្លាប់មានពីមុនមកទេ ដើម្បីបើកធ្វើអាជីវកម្មផ្សេងៗ មានភោជនីយដ្ឋាន ពិសេសកាស៊ីណូ សណ្ឋាគារជាដើម។
អ្នកជំនួញ ឬប្រតិបត្តិករខ្លះ បានបញ្ជាក់ថា ភាគច្រើននៃអ្នកវិនិយោគទុនចិន បានចាប់យកជំនួញលើវិស័យឧស្សាហកម្ម រោងចក្រ ក្រុមហ៊ុនទេសចរណ៍ សេវាដឹកជញ្ជូន សណ្ឋាគារ កាស៊ីណូ ក្លឹបកម្សាន្ត និងភោជនីយដ្ឋានជាដើម ក្នុងនោះភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកកម្សាន្តខេត្តព្រះសីហនុ ជាអតិថិជនគាំទ្រការធ្វើជំនួញរបស់អ្នកវិនិយោគទុនចិនទាំងនោះ។
ត្រង់ចំណុចនេះ លោក ស្រេង វ៉ាន់លី មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ បានកត់ សម្គាល់ថា រាល់ថ្ងៃនេះ ឃើញមានបុគ្គលមួយចំនួន ដែលមានអាគារ ឬផ្ទះជួល ឲ្យចិន ពួកគេបានឲ្យតម្លៃ និង ចាត់ទុកវត្តមានអ្នកវិនិយោគជនជាតិចិន ឬជនជាតិចិន បង្ហាញវត្តមានច្រើន នាខេត្តព្រះសីហនុ ថាជាស្តេច ឬឲ្យ តម្លៃជាងខ្លួនឯងទៅទៀត ព្រោះមានបុគ្គលខ្លះ ដែលមានបន្ទប់ជួល ឬផ្ទះជួល និងសំណង់អាគារផ្សេងៗ កំពុង រស់នៅរាល់ថ្ងៃសុខៗ ក៏បានជួលឲ្យចិនអស់ ហើយខ្លួនឯងបែរជាស្ទើរកបន្ទប់សម្រាប់ផ្តល់ឲ្យក្រុមគ្រួសារ ឱពុក ម្តាយ និងកូនចៅខ្លួនឯងស្នាក់នៅ ស្ទើរពុំបាន ព្រោះចិនបានជួលក្នុងតម្លៃខ្ពស់។ ជាងនេះទៀតក៏មានបុគ្គលខ្លះ បានវេចបង្វិច ចាកចេញពីផ្ទះខ្លួនឯងកំពុងរស់នៅ ដោយត្រូវជួលឲ្យចិន ហើយបានងាកទៅរកផ្ទះជួលនៅជាយ ក្រុង ដែលមានតម្លៃទាប ឬទីតាំងឆ្ងាយពីទីប្រជុំជនជាដើម ដើម្បីរស់នៅជំនួសវិញ ព្រោះមហិច្ឆិតាលោភលន់អំណាចទឹកប្រាក់ របស់ចិនផ្តល់ជូន។
មន្ត្រីអង្កេតអង្គការលីកាដូរូបនេះ ក៏ទទួលស្គាល់ថា រូបគាត់ពេលនេះ ក៏កំពុងដើររកបន្ទប់ជួលសម្រាប់ដាក់ការិយាល័យថ្មី នៅទីតាំងផ្សេង ដោយទីតាំងការិយាល័យចាស់ ត្រូវម្ចាស់ផ្ទះ ឈប់ជួលឲ្យ ឬឈប់បន្តកុងត្រាជួលឲ្យទៀតទេ។ ចំណុចនេះ លោក ស្រេង វ៉ាន់លី ឲ្យដឹងថា ការស្វែងរកការិយាល័យថ្មី សម្រាប់អង្គការលីកាដូ នាខេត្តព្រះសីហនុពេលនេះ ពិបាកក្នុងការជួល និងផ្ទះជួលមានតម្លៃខ្ពស់ក្នុងផ្ទះមួយល្វែងមានតម្លៃចន្លោះពី ៧រយដុល្លារសហរដ្ឋអាមេរិក ទៅ១ពាន់ដុល្លារឯណោះ។
ងាកមកភ្ញៀវទេសចរជាតិដែលចូលទៅកម្សាន្តខេត្តព្រះសីហនុ ភាគច្រើនបានរអ៊ូរទាំថា វត្តមានជនជាតិចិន បង្ហាញវត្តមានច្រើនកុះករបានបង្កឲ្យមានភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់វិស័យទេសចរណ៍នាមូលដ្ឋាននេះទៅវិញ។ ភ្ញៀវជាតិឲ្យដឹងថា កន្លងទៅនេះ ពួកគេសង្កេតឃើញមានបុគ្គលជនជាតិចិន ខ្លះបានបង្កបទល្មើសចាប់ជំរិតទារប្រាក់ ឬបង្ហាញអត្តចរិតកោងកាច វាយកាប់ចាក់គ្នានៅតាមទីសាធារណៈ និងនៅតាមហាងផឹកស៊ី បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលចូលមកទស្សនាខេត្តព្រះសីហនុ ដោយបង្ហាញកាយវិការមិនខ្លាចញញើតកម្លាំងសមត្ថកិច្ចថែមទៀតផង។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរជាតិ បានសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ ត្រូវយកចិត្តទុកដាក់ទៅលើសកម្មភាពរបស់ជនជាតិចិន បង្ហាញវត្តមានក្នុងមូលដ្ឋាននេះឲ្យបានជាប្រចាំ ដើម្បីកុំឲ្យប៉ះពាល់ដល់វត្តមានភ្ញៀវទេសចរបរទេសដទៃទៀត ជាពិសេសកុំឲ្យប៉ះពាល់ដល់កិត្តិយសខេត្តព្រះសីហនុ ដែលត្រូវរដ្ឋាភិបាលប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី»។
ដោយឡែកសម្រាប់ស្ត្រីបម្រើការងារនៅតាមភោជនីយដ្ឋាន និងក្លឹបកម្សាន្តខារ៉ាអូខេ ឬហៅខ្លីថាខេធីវី (KTV) ភាគច្រើននាខេត្តព្រះសីហនុ នាពេលកន្លងទៅ ពួកគេបានចាត់ទុកវត្តមានជនជាតិចិន ពិសេសភ្ញៀវបុរសចិន ដែលបានបង្ហាញខ្លួនច្រើននាមូលដ្ឋាននេះ ថានាំឲ្យរបរអង្គុយកំដរភ្ញៀវចិន នៅពេលយប់ព្រលប់ របស់ពួកគេ អាចរកប្រាក់ចំណូលកើនមួយទ្វេជា ៣ដង ឬច្រើនជាងនេះ បើប្រៀបធៀបពេលមុនមានវត្តមានជនជាតិចិនចូលមកមូលដ្ឋាននេះ។ ប៉ុន្តែពេលបច្ចុប្បន្ននេះ ស្ត្រីបំរើនៅតាមក្លឹបកម្សាន្តទាំងនោះ បែរជាបានរអ៊ូរទាំថា ភ្ញៀវចិនឬបុរសចិន ហាក់លែងសូវជាប់អារម្មណ៍ នឹងសម្រស់ របស់ពួកគេជាបណ្តើរៗហើយពេលនេះ ព្រោះអ្នកវិនិយោគចិនភាគច្រើន គេបានបើកធ្វើជំនួញជាក្លឹបកម្សាន្ត KTV ឬក្លឹបរាំច្រៀងផ្សេងៗ ដោយខ្លួនឯង ហើយបាននាំយកស្ត្រីបំរើមកពីក្រៅប្រទេសមានមកបំរើសេវាដ៏សម្បូរបែបមានទាំងស្ត្រីជន វៀតណាម ចិន ចិនតៃវ៉ាន់ និងស្ត្រីមកពីប្រទេសថៃជាដើម មកបំរើសេវានៅក្នុងក្លឹបកម្សាន្តខេធីវី របស់ពួកគេ ដោយក្នុងនោះ មានស្ត្រីខ្មែរភាគតិចបំផុត។ ជាងនេះទៀត ពួកគេក៏មានផលវិបាកក្នុងការជួលបន្ទប់ស្នាក់នៅ ព្រោះត្រូវម្ចាស់ផ្ទះតម្លើតម្លៃជួលខ្ពស់កប់ពពក នៅគ្រា ពួកគេរកប្រាក់ចំណូលប្រចាំថ្ងៃមិនសូវបាន ហើយរាល់ថ្ងៃនេះស្ទើរមិនអាចទប់ទល់តម្លៃផ្ទះជួល ដែលម្ចាស់បានតម្លើងតម្លៃខ្ពស់ទ្វេដងនាពេលបច្ចុប្បន្ននេះបានទៀតទេ។
ងាកមកស្ត្រីវ័យក្មេង ដែលមានសាច់សខ្ចីដូចបណ្តូលចេក មើលឃើញនៅពេលរាត្រី បំរើការងារនៅក្លឹបខារ៉ាអូខេឬខេធីវី KTV មួយចំនួន បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុដឹងថា ពេលមានវត្តមានជនជាតិចិន ហូរចូលមកខេត្តព្រះសីហនុ គឺការកំដរភ្ញៀវជនជាតិខ្មែរ របស់ពួកគេទទួលបានថវិកាចន្លោះពី ១០ ទៅ ២០ដុល្លារសហរដ្ឋអាមេរិក ឬលើសនេះបន្តិចបន្តួចទេ ប៉ុន្តែនៅពេលមានវត្តមានភ្ញៀវជនជាតិចិនចូលមកដល់មូលដ្ឋាននេះភ្លាមៗ ឬមកដល់ថ្មីៗដំបូងដៃវិញ គឺការអង្គុយកំដរបុរសចិនមួយពេល ឬចប់មួយកម្មវិធីច្រៀងរាំ មួយពេល ទទួលបានប្រាក់ចំណូលកើនទ្វេគុណ គឺទាបបំផុតទទួលបានចន្លោះពីជាង ៥០ ទៅជាង ១០០ដុល្លារ សហរដ្ឋអាមេរិក ឬច្រើនជាងនេះ។ ពិសេសជាងនេះ ប្រសិនបើបុរសចិន បានហៅដើរដាច់យប់ទៅជាមួយពួកគេវិញ គឺអាចទទួលបានប្រាក់ចំណូលចន្លោះចាប់ពី ២០០ ទៅ ដល់ ៣០០ដុល្លារសហរដ្ឋអាមេរិក។ យ៉ាងនេះក្តី បច្ចុប្បន្ននេះ ស្ត្រីវ័យក្មេងបំរើការងារនៅតាមក្លឹបខេធីវី ឬក្លឹបកម្សាន្តភាគច្រើន បានទទួលស្គាល់ថា នៅពេលពួកគេដាច់យប់ទៅជាមួយភ្ញៀវចិនម្តងៗ គឺយ៉ាប់ខ្លួនខ្លាំងសម្បើមណាស់ ហើយបច្ចុប្បន្ននេះ មានពេលខ្លះ ស្ត្រីបំរើ នៅតាមក្លឹបខេធីវីមួយចំនួន មានគំនិតថា លែងចង់បានលុយពីភ្ញៀវចិនទៀតហើយព្រោះពេលនៅជាមួយបុរសចិនម្តងៗទ្រោមខ្លួនជារហូត។
រាល់ថ្ងៃនេះ ស្ត្រីបំរើនៅតាមក្លឹបកម្សាន្ត ឬ KTV មួយចំនួន បានរអ៊ូរទាំប្រាប់អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តព្រះសីហនុថា ពេលនេះ ពួកគេមិនសូវចាប់អារម្មណ៍ភ្ញៀវចិន ឬបុរសចិនទៀតទេ ព្រោះបុរសជនជាតិចិនភាគច្រើន ដែលទៅរកសេវាសប្បាយនៅតាមក្លឹប KTV មានចរិតព្រហើនកោងកាច មិនគោរពពួកគេ និងជក់បារីតកន្ទុយគ្នាស្អុយពុលស្ទើរទ្រាំពុំបាន នៅពេលអង្គុយកំដរបុរសជិនក្នុងបន្ទប់ KTV ម្តងៗ ហើយពេលនេះ ក៏មិនសូវទទួលបានប្រាក់ចំណូលច្រើន ដូចកាលពីពេលមុនទៀតដែរ។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកវិនិយោគទុនចិន មានវត្តមានច្រើននាមូលដ្ឋាននេះ នឹងរួមចំណែកជំរុញឲ្យខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសតម្លៃទិញ ឬជួលអចលនទ្រព្យ និងការទិញលក់អគារសំណង់ផ្សេងៗមានតម្លៃខ្ពស់កប់ពពក។
លោកអភិបាលខេត្ត បានចាត់ទុកវត្តមានវិនិយោគិនចិន ចូលមកខេត្តព្រះសីហនុថា បានជម្រុញឲ្យមូលដ្ឋាននេះ មានការរីកចម្រើនច្រើន ពិសេសវិស័យសំណង់អាគារខ្ពស់ៗខ្នាតអន្តរជាតិ និងចំណាយលុយវិនិយោគរាប់រយលានដុល្លារអាមេរិក សម្រាប់អាគារនីមួយៗ។ បច្ចុប្បន្នអាគារធំស្កឹមស្កៃជាច្រើន បានរីកដូចផ្សិត មានមូលដ្ឋានខេត្តព្រះសីហនុ និងបានជួយឲ្យប្រជាពលរដ្ឋមូលដ្ឋាននេះ ពិសេសយុវជន អាចស្វែងរកមានការងារធ្វើ ទទួលបានប្រាក់ចំណូលចិញ្ចឹមគ្រួសារកើនខ្ពស់ជាបន្តបន្ទាប់ទាំងពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត។
ទន្ទឹមគ្នានេះ លោក យន្ត មីន ក៏បានទទូចដល់កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន ប្រជាពលរដ្ឋ អាជីវករ និងផ្នែកពាក់ព័ន្ធនានា ត្រូវចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងគាំទ្រអ្នកវិនិយោគទុនចម្រុះជាតិសាសន៍ដែលចូលមកបោះទុនវិនិយោគនាមូលដ្ឋាននេះឲ្យបានទាំងអស់គ្នា ជៀសវាងការលាបពណ៌គ្នាបង្កើតឲ្យមានជម្លោះជាតិសាសន៍រវាងជនជាតិមួយទៅជនជាតិផ្សេង បង្កឲ្យជម្លោះបន្តិចបន្តួច បង្កឲ្យក្លាយទៅជាជម្លោះធំ នាំឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពភ្ញៀវទេសចរ និងអ្នកវិនិយោគទុនចិនចូលមកមូលដ្ឋាននេះ។
ទោះជាបែបនេះក្តី មន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋមានជីវភាពក្រីក្រ ពិសេសពលរដ្ឋ ដែលធ្វើចំណាកស្រុកមករកការងារធ្វើនៅខេត្តព្រះសីហនុ ហើយបានជួលផ្ទះ ឬបន្ទប់គេ សម្រាប់ស្នាក់នៅភាគច្រើន បានពេបជ្រាយថា វត្តមានជនជាតិចិន បានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគេ ព្រោះត្រូវម្ចាស់ផ្ទះជួល បានតម្លើងតម្លៃផ្ទះ ឬបន្ទប់ជួលប្រចាំខែ ខ្ពស់កប់ពពក ឬតម្លើងទ្វេគុណ ១ ទ្វេជា ៣ដង ឬច្រើនជាងនេះ បន្ទាប់ពីចិន បង្ហាញវត្តមានច្រើននាមូលដ្ឋានខេត្តព្រះសីហនុ។ ពលរដ្ឋអះអាងថា ស្របពេលវត្តមានអ្នកវិនិយោគចិនចូលមកខេត្តព្រះសីហនុ គឺប្រាក់ចំណូលប្រចាំថ្ងៃ ឬប្រចាំខែ របស់ពួកគេ មិនបានកើននោះទេ ប៉ុន្តែសម្រាប់ការចំណាយវិញទៅលើសេវាផ្សេងៗវិញ គឺបានកើនទ្វេដង ទាំងតម្លៃអាហារទទួលទាន តម្លៃសេវាដឹកជញ្ជូន និងតម្លៃជួលបន្ទប់ស្នាក់នៅ ជាដើម គឺបានកើនទ្វេដងទាំងអស់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ ក៏បានបង្ហាញការមិនពេញចិត្តចំពោះឥរិយាបថបើកបររបស់ជនជាតិចិន ដែលសកម្មភាពការបើកបររថយន្តរបស់ពួកគេនៅតាមផ្លូវសាធារណៈក្នុងក្រុង ពិសេសនាពេលរាត្រីភាគច្រើន ពួកគេបានបើកបរក្នុងល្បឿនលឿន មិនគោរពច្បាប់ចរាចរណ៍ និងស្ថិតក្នុងស្ថានភាពស្រវឹងជោក ហើយតែងបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ដល់អ្នកធ្វើដំណើរតាមផ្លូវសាធារណៈ។
ផ្តើមពីបញ្ហានេះ អាណាព្យាបាលមួយចំនួន រស់នៅខេត្តព្រះសីហនុ ក៏បានសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយចេញបទបញ្ជាក្តៅឲ្យបានច្រើនថែមទៀត មកកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឲ្យបង្កើនការដាក់ប៉ុស្តិ៍ចុះត្រួតពិនិត្យ ការធ្វើចរាចរណ៍តាមផ្លូវសាធារណៈ ពិសេសនៅពេលយប់។ ជាងនេះ ក៏ស្នើទប់ស្កាត់កុំឲ្យជនជាតិចិនទាំងនោះ មានសិទ្ធិបើកបររថយន្តដោយខ្លួនឯងនាទីប្រជុំជនក្រុងព្រះសីហនុ ជាបន្តទៀតនាថ្ងៃខាងមុខ ព្រោះឥរិយាបថបើកបររបស់ជនជាតិចិន ភាគច្រើនមានល្បឿនលឿន ស្រវឹង មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឬភ្លើងបញ្ជាចរាចរណ៍ និងតែងបង្កគ្រោះថ្នាក់ចរាចរណ៍កើតមានជាច្រើនករណី និងបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។
ឆ្លៀតឱកាសនេះ អាណាព្យបាលមួយចំនួន ក៏បានស្នើដល់សម្តេចក្រឡាហោម ស ខេង ឲ្យបញ្ជូនមន្ត្រីចុះស៊ើបអង្កេត ទៅលើបុគ្គលជាមន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុមួយចំនួន ដែលត្រូវប្រជាពលរដ្ឋមូលដ្ឋានេះចោទថា បានជាប់ពាក់ព័ន្ធសកម្មភាពកាងការពារបទល្មើសផ្សេងៗ មានគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើវាយកាប់ចាក់ហិង្សាផ្សេងៗ ដែលជនជាតិចិនបានប្រព្រឹត្តកំហុសឆ្គងនាពេលកន្លងមក ឲ្យងាកមកអនុវត្តការងារ ឬបំពេញតួនាទី ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ជាកកងកម្លាំងនគរបាលជាតិឡើងវិញ៕ ដែន សីមា