ស្ថានទូតរបស់ប្រទេសជាច្រើន នៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានបិទទ្វារនៅថ្ងៃចន្ទនេះ ខណៈដែលអ្នកការទូតជាច្រើនត្រូវបានជម្លៀសចេញ បន្ទាប់ពីត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេលជាច្រើនសប្តាហ៍ ដោយរបបព្យុងយ៉ាង ដើម្បបង្ការការរីករាលដាលនៃវីរុសកូរ៉ូណា។
កូរ៉េខាងជើង មិនបានបញ្ជាក់ពីការឆ្លងវីរុស សូម្បីមួយករណី ប៉ុន្តែរបបនេះបានចាត់វិធានការយ៉ាងតឹងរ៉ឹង ដោយបានធ្វើការបិទព្រំដែន និងដាក់ប្រជាជនរបស់ខ្លួន រាប់ពាន់នាក់ឲ្យនៅដាច់ដោយឡែក។
របបនេះ ក៏បានដាក់ជនបរទេសរាប់រយនាក់ រួមមានអ្នកការទូតឲ្យស្នាក់នៅតែបរិវេណរបស់ពួកគេ។
វិធានការដ៏តឹងរ៉ឹងរបស់កូរ៉េខាងជើង ត្រូវបានបន្ធូរបន្ថយកាលពីសប្តាហ៍មុន បន្ទាប់ពីអនុវត្តជាងមួយខែ ហើយជនបរទេសជាង ២០០នាក់ត្រូវបានអនុញ្ញាត ឲ្យចេញពីបរិវេណរបស់ពួក ក្នុងប្រទេសកូរ៉េខាងត្បូង។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីខែមុន បានធ្វើការព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនជាវីរុសរាតត្បាតចូលក្នុងប្រទេសរបស់ខ្លួន។ កូរ៉េខាងជើងចាត់វិធានការ ដោយធ្វើការហាមឃាត់ និងព្យួរជើងហោះហើរ និងខ្សែរថភ្លើងអន្តរជាតិទាំងអស់។
សូមបញ្ជាក់ថា បច្ចប្បន្ននេះ ពិភពលោកកំពុងតែត្រូវញាំញីដោយវីរុសកូរ៉ូណា ឬ COVID-19 ដោយវាបានសម្លាប់មនុស្សជិត ៤.០០០នាក់ និង ឆ្លងទៅកាន់មនុស្សជាង ១០០.០០០នាក់ក្នុងប្រទេស និងតំបន់ជិត ១០០៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia