ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ព្រៃទា សម្តេច បានថ្លែងរំលឹកដល់កូនក្មួយកម្មករកម្មការិនីទូទាំងប្រទេស គឺត្រូវរក្សាទុកប័ណ្ណការងារឲ្យបានល្អ ជាប់ខ្លួនគ្រប់ពេល នៅពេលដែលទៅពិនិត្យសុខភាព ចៀសវាងការបង់ប្រាក់ថ្លៃពិនិត្យសុខភាព។
នៅថ្ងៃ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនី ជាង១ម៉ឺននាក់ មកពីរោងចក្រចំនួន២០ស្ថិតនៅរោងចក្រតំបន់ព្រៃទា ក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការិនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “បើកូនក្មួយមិនមានប័ណ្ណសំគាល់ការងារជាប់ខ្លួនទេ ដោយគ្រាន់តែប្រាប់ថាខ្ញុំជាកម្មករនៅទីនេះឬទីនោះ គឺកូនក្មួយអាចប្រឈមឲ្យបង់ប្រាក់ ព្រោះមន្ទីរពេទ្យគ្មានឯកសារអ្វីសម្គាល់ស្ថានភាពការងារកូនក្មួយបាន។ ពូសុំបញ្ជាក់ប្រាប់កូនក្មួយកម្មករទាំងអស់ថា ផលប្រយោជន៍ទាំងអស់ដែលកូនក្មួយទទួលបាននៅក្នុងឆ្នាំថ្មី២០១៨នេះ គឺមិនមែនធ្លាក់មកពីលើមេឃទេ! ហើយក៏មិនកើតចេញមកពីសង្គ្រាមដែរ។ ពូសប្បាយចិត្តនិងខិតខំធ្វើបន្ដ ដើម្បីកូនក្មួយទទួលបាននូវអត្ថប្រយោជន៍ល្អៗជាច្រើនថែមទៀត។ ព្រោះសុខទុក្ខកូនក្មួយ គឺជាសុខទុក្ខរបស់ពូផ្ទាល់”។
សម្តេចតេជោ បានបញ្ជាក់ថា ច្បាស់ណាស់ ជោគជ័យទាំងឡាយ ដែលប្រទេសយើងសម្រេចបាន គឺបានមកពីការចូលរួម និងការគាំទ្ររបស់កូនក្មួយ និងឳពុកម្តាយ លោកយាយ លោកតារបស់ក្មួយៗទាំងអស់គ្នា។ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអងស់បន្តចូលរួមថែរក្សាសន្តិភាពនៅក្នុងប្រទេសយើងឲ្យបានល្អរឹងមាំ ដើម្បីកូនក្មួយកាន់តែមានឱកាសកាន់តែច្រើនឡើងៗ។ ជាង៣៩ឆ្នាំមកហើយដែលយើងបានឆ្លងកាត់ការលំបាកគ្រប់យ៉ាង ទម្រាំយើងមានថ្ងៃនេះ។ ដូច្នេះ យើងមិនចង់អោយឱកាសទាំងនេះបាត់បង់ទៅវិញដែរ។
នាថ្ងៃនេះដែរ ប្រមុខរាជរដ្ឋាភិបាល ក៏បានចូលរួមអបអរសាទរ និងសប្បាយរីករាយ ចំពោះប្រាក់ខែក្មួយៗដែលត្រូវបានតម្លើងពី ១៥៣ដុល្លារ មក១៧០ដុល្លារ បូកប្រាក់អត្ថប្រយោជន៍មួយចំនួនទៀតគឺកម្មករកម្មការិនី នឹងទទួលបានជាងពីររយដុល្លារក្នុងមួយខែៗ ដែលនឹងជួយសម្រួលជីវភាពរស់នៅឲ្យល្អប្រសើឡើង៕ ដោយ៖កូឡាប