បុរសម្នាក់ឈ្មោះ កូយ សំអាត ដែលផុសព័ត៌មានមិនពិត ញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ ។
នៅមុននេះបន្តិច (ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០) តាមរយៈផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ «បុគ្គលឈ្មោះ កូយ សំអាត ដែលផុសព័ត៌មានមិនពិត ញុះញង់បង្កអោយមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការ ។
ដោយទទួលបានការឯកភាព និងយល់ព្រម ពីលោកព្រះរាជអជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ កូយ សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់ទងទៅនឹងករណីវីរុស COVID 19 ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួន និងរៀបចំសំណុំឯកសារដេីម្បីបញ្ជូនទៅតុលាការនៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយយោងតាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោស ពី ៦ខែ ដល់ ២ឆ្នាំ ។» ៕ ដោយ៖ លឹម ហុង