ភ្នំពេញ ៖ បើតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា៖ ក្នុងមួយថ្ងៃអាជ្ញាធរខណ្ឌចំការមនធ្វើការដឹកជញ្ជូនសំរាម បានចំនួន១៨ឡាន ដែលក្នុងមួយឡានមានទម្ងន់ប្រហែល៥តោន ស្នើនឹង៩០តោន ចេញពីប្រឡាយលូបឹងត្របែក យកទៅចាក់នៅទីលានចាក់សំរាម ដែលការងារនេះបានអនុវត្តតាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ រហូតដល់អស់សំរាមពីក្នុងប្រឡាយលូ។ ការប្រមូលសំរាមនេះ ធ្វើឡើងដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនារដូវវស្សា ដែលនឹងឈានមកដល់ពេលឆាប់ៗខាងមុខនេះ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិដោយធ្វើការអំពាវនាវឲ្យប្រជាជន ចូលរួមក្នុងវេចខ្ចប់ទុកដាក់ កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលផ្តេសផ្តាស ជាហេតុនាំឲ្យហូរ ចូលទឹកប្រឡាយបឹងត្របែកឬប្រព័ន្ធលូ កកស្ទះសំរាមទឹកមិនអាចហូរបានជាពិសេសរដូវវស្សាខាងមុខនេះ។
លោកអភិបាលខណ្ឌ ធ្វើការអំពាវនាវនេះ ពេលចុះពិនិត្យនឹងដឹកនាំកម្លាំងដើម្បីធ្វើការស្តារប្រឡាយលូបឹងត្របែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២០នេះ។
លោកអភិបាលខណ្ឌចំការមន បានមានមតិបន្ថែមទៀតថា ការងារនេះ ទាល់តែមានការចូលរួមពីប្រជាជនផងដែរ បើធ្វើតែអាជ្ញាធរ តែម្នាក់ឯង គឺមិនអាចសម្រេចទៅបានទេ។
លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានអំពាវនាវឲ្យប្រជាជនដែល រស់នៅអមសងខាងតាមប្រឡាយ បឹងត្របែកនេះ ត្រូវគិតគូរពីបញ្ហាអនាម័យ បរិស្ថាន ដោយធ្វើការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ កុំបោះចោលក្នុងប្រឡាយលូ ជាហេតុនាំឲ្យមានការកកស្ទះ សំរាម ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពក្រុមគ្រួសារខ្លួនឯង កុមារនិងក្មេងតូចៗ ដែលងាយនិងប៉ះពាល់ដល់សុខភាព៕ដោយ៖បញ្ញាស័ក្តិ