Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ចេញប្រកាស​ព័ត៌មាន​ផ្លូវការ ករណី​ស្ត្រី​ជនជាតិ​អង់គ្លេស ផ្ទុកមេរោគ Covid-19

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ចេញ​សេចក្តី​ព័ត៌មាន​ប្រកាស​ផ្លូវការ ស្តីពី ករណី​វិជ្ជមាន​កូ​វីដ​១៩ លើ​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ មាន​ផ្ទុកមេរោគ Covid-19 ជា​អ្នកដំណើរ​តាម​តាម​នាវា វី​គីង គ្រូ​ស ជ្យូ​ណី (Viking Cruise Journey) នៅ​ខេត្តកំពង់ចាម​។​

​សេចក្តីប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​រសៀល​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ា​ស័​រ​កម្ពុជា បាន​បញ្ជាក់ថា ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ មាន​វិជ្ជមាន​វីរុស Covid-19​។ ស្ត្រី​មាន​វីរុស Covid-19 នេះ បានធ្វើ​ដំណើរ​តាម​យន្តហោះ ចេញពី​ទីក្រុង​ឡុង​នៃ​ប្រទេស​អង់គ្លេស មកដល់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០ ដែលមាន​គ្នា​៥​នាក់ (​ជនជាតិ​អង់គ្លេស​ទាំងអស់ ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​៤​នាក់​)​។ បន្ទាប់មក​ពួកគាត់​បាន​បន្តដំណើរ​ចាកចេញ​តាម​នាវា​ខា​លើ ពី​ទីក្រុង​ហូជីមិញ​សំដៅ​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ និង​បាន​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០​។​នៅ​ថ្ងៃ​ដដែល​មុននឹង​មកដល់​រាជធានី​ភ្នំពេញ អ្នកទទួលខុសត្រូវ​អ្នកទេសចរ​នៃ​នាវា​នេះ បានទទួល​ដំណឹង​ថា យន្តហោះ​ដែល​ស្ត្រី​ជនជាតិ​អង់គ្លេស​បាន​ជិះ នៅ​ថ្ងៃទី​២ មីនា ឆ្នាំ​២០២០​នោះ មាន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​អង្គុយ​ជិត​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ ៦៥​ឆ្នាំ​ខាងលើនេះ ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស Covid-19 នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ពេលមកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ ជនជាតិ​អង់គ្លេស​ទាំង​៥​រូប ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ហើយ​បាន​យក​សំណាក​វត្ថុ​វិភាគ​ចំនួន​៣​នាក់ (​ដោយ​២​នាក់ ប្រកែក​មិន​ព្រម​ឲ្យ​យក​ជាដាច់ខាត ដោយ​គាត់​សំអាងថា មិនមាន​បញ្ហា​សុខភាព ឬ​រោគសញ្ញា​អ្វី​ទាំងអស់​។ ជា​លទ្ធផល​អ្នក​ទាំង​៣​នាក់​នេះ មាន​អវិជ្ជមាន​វីរុស Covid-19​។ បន្ទាប់មក​នាវា​បាន​បន្តដំណើរ​ទៅកាន់​ខេត្តកំពង់ចាម​។​ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ផ្តល់ព័ត៌មាន ទៅកាន់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដើម្បី​ឲ្យ​រង់ចាំ​យក​វត្ថុ​សំណាក​ទាំង​២​នាក់ ដែល​មិនទាន់​ធ្វើតេស្ត​នោះ ដោយមាន​ការសម្របសម្រួល​ពី​អ្នកគ្រប់គ្រង​នាវា នៅពេល​ចូល​ចត​នៅ​ចំណត​នៃ​ខេត្តកំពង់ចាម ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ពិនិត្យ និង​បញ្ជូន​សំណាក​វត្ថុ​វិភាគ​មក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០​។ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​នេះ ក៏​ទទួលបាន​លទ្ធផល​វិជ្ជមាន Covid-19 លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៥​ឆ្នាំ​។​

​សូមបញ្ជាក់ថា បុគ្គល​ដែល​សង្ស័យ​ទាំង​៥​រូប​ខាងលើនេះ ត្រូវបាន​ឲ្យ​នៅក្នុង​បន្ទប់​ដាច់ដោយឡែក​លើ​នាវា​ភ្លាមៗ ដោយ​មិន​ឲ្យ​ចាក​ចេញមក​លើគោក នៅ​រាជធានី​ភ្នំពេញ​ឡើយ នៅពេល​រង់ចាំ​លទ្ធផល​។

​ក្នុង​សន្និសីទ នៅ​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ដើម្បី​ប្រកាស​អំពី​ការរកឃើញ​នូវ​ករណី​កូ​វីដ​១៩ ចំនួន​១​ករណី លើ​ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួងសុខា​ភិបាល​កម្ពុ​ជា គ្មាន​ហេតុផល​ណាមួយ ដែល​ត្រូវ​លាក់​ព័ត៌មាន​អំពី​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ​កូ​វីដ​១៩ ដែល​កើត​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ផ្ទុយទៅវិញ ក្រសួង​បាន​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​បង្ការ ការពារ និង​ធ្វើតេស្ត ដើម្បី​រក​មេរោគ​កូ​វីត​១៩ ហើយ​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណី​កូ​វីដ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ត្រៀម​រួចជាស្រេច​ហើយ មុនពេល​ដែល​ជំងឺ​នេះ​មាន​វត្ត​មាននៅ​កម្ពុជា​មកម្ល៉េះ គឺមាន​ពេទ្យ​ជំនាញ​២​ពាន់​នាក់ ហើយ​បន្ទាប់ពីនោះ ក៏មាន​ពេទ្យ​នៅ​មូលដ្ឋាន​នានា​ផងដែរ ដើម្បី​តាមដាន​រក និង​ព្យាបាល​កូ​វីដ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×