សហរដ្ឋអាមេរិច បានចាប់ផ្តើមដកទ័ពចេញពីប្រទេសអាហ្គានីស្ថាន ដែលវាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជាមួយនឹងក្រុមតាលីបង់ ក្នុងគោលបំណងនាំយកសន្តិភាពមកកាន់ប្រទេសនេះ។
បើតាមកិច្ចព្រមព្រៀង អាមេរិចព្រមព្រៀងកាត់បន្ថយទ័ព នៅក្នុងប្រទេសអាហ្គានីស្ថានពី ១២.០០០នាក់ មកត្រឹម ៨.៦០០នាក់ ក្នុងរយៈពេល ១៣៥ថ្ងៃ។
ការដកទ័ពអាមេរិចចេញគឺលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្រ្ត ដែលចុះហត្ថលេខាដោយអាមេរិច និងក្រុមតាលីបង់កាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅនេះ។
រដ្ឋាភិបាលអាហ្គានីស្ថាន មិនបានចូលរួមក្នុងកិច្ចព្រមព្រៀងនោះឡើយ ប៉ុន្តែត្រូវគេរំពឹងថា នឹងធ្វើកិច្ចចរចាជាមួយនឹងក្រុមតាលីបង់។
ប្រធានាធិបតីតាលីបង់ លោក Ashraf Ghani ដំបូងឡើយបាននិយាយថា លោកនឹងមិនអនុវត្តតាមកិច្ចព្រមព្រៀងនោះ ដើម្បីដោះលែងអ្នកទោសតាលីបង់ ដែលជាលក្ខខណ្ឌសម្រាប់ឲ្យមានការចរចាជាមួយនឹងក្រុមនោះ។
ប៉ុន្តែមានសេចក្តីរាយការណ៍ថា លោកប្រធានាធិបតី នឹងចេញអនុក្រឹត្យ ដើម្បីឲ្យមានការដោះលែងអ្នកទោសតាលីបង់យ៉ាងតិច ១.០០០នាក់នៅក្នុងសប្តាហ៍នេះ។
កិច្ចព្រមព្រៀងសន្តិភាពក្នុងប្រទេសអាហ្គានីស្ថាន ហាក់បង្ហាញភាពផុយស្រួយកាលពីសប្តាហ៍មុន ក្រោយពេលអាមេរិចបានធ្វើការវាយប្រហារ តាមដែនអាកាស ដើម្បីឆ្លើយតបទៅនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានធ្វើការវាយប្រហារទៅលើកងកម្លាំងអាហ្គានីស្ថាន នៅក្នុងខេត្ត Helmand។
មេដឹកនាំតាលីបង់បានស្នើឲ្យមានការកាត់បន្ថយភាពតានតឹង ហើយនៅថ្ងៃចន្ទ លោក Sonny Legget អ្នកនាំពាក្យកងកម្លាំងអាមេរិច នៅក្នុងប្រទេសអាហ្គានីស្ថាន បានប្រកាសពីការដកទ័ពអាមេរិច ចេញក្នុងដំណាក់កាលដំបូង។
សូមបញ្ជាក់ថា កងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិច បានបណ្តេញក្រុមតាលីបង់ចេញពីអំណាច តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលមានការវាយប្រហារដោយក្រុមអាល់កៃដា ទៅសហរដ្ឋអាមេរិចកាលពីខែកញ្ញា ឆ្នាំ ២០០១។
ក្រុមតាលីបងបានប្រមូលផ្តុំកម្លាំងសារជាថ្មី និងបានក្លាយទៅជាកងកម្លាំងបះបោរ និងមានសកម្មភាពនៅក្នុងប្រទេសអាហ្គានីស្ថាន។
ក្នុងកំឡុងជម្លោះ កងទ័ពអាមេរិចចំនួន ២.៤០០នាក់ត្រូវបានសម្លាប់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភពៈ BBC