តាកែវ៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្ទេភារកិច្ច និងបំពាក់ឋានន្តរស័ក្តជូន ដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋានខេត្ត លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង បានប្រាប់ឲ្យមន្ត្រីនគរបាលដែលទើបតែទទួលបានឋានន្តរស័ក្តថ្មី ចាប់ពីថ្នាក់វរសេនីយ៍ឯកឡើងទៅ ត្រូវសរសេរប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួន ដាក់ចូលក្នុងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសន៍បន្តថា នេះជាលើកទីមួយហើយដែលរូបលោក បានចុះមកតាមស្នងការដ្ឋានខេត្ត បានឮលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានធ្វើការកោតសរសើរ ដល់កងកម្លាំងដែលជានគរបាលយុត្តិធម៌ បម្រើរាស្ត្រ និងរៀបចំសណ្តាប់ធ្នាប់បានល្អ ជាពិសេសលើការបង្ក្រាបបទល្មើស និងមុខសញ្ញាគ្រឿងញៀន ជាមួយនិងការបង្ក្រាបទីតាំងដាំកញ្ឆានៅស្រុកគីរីវង់ផងដែរ ដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានជនឿទុក្ខចិត្ត និងទទួលបានការកោតសរសើរពីអាជ្ញាធរខេត្ត កងកម្លាំងនគរបាលជាតិទាំងអស់ត្រូវតែ យកចិត្តទុក្ខដាក់បម្រើរាស្ត្រឲ្យអស់ពីសមត្ថភាព ជាពិសេសគឺត្រូវរក្សាឲ្យបាននៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
មានប្រសាសន៍ក្នុងនោះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានថ្លែងជំរុញឲ្យនគរបាលនៅតាមមូលដ្ឋាន ជាពិសេសនគរបាលស្រុកគីរីវង់ ត្រូវតែបន្តនូវសកម្មភាពបង្ក្រាបមុខសញ្ញាជួញដូរដំណាំកញ្ឆានោះឲ្យបាន និងបន្តកាប់បំផ្លាញចោលនូវការលួចដាំដំណាំកញ្ឆាខុសច្បាប់ជាកន្លែងបន្តទៀត ដែលធ្វើសកម្មភាពដាំនៅតាមចង្កេះភ្នំ និងមានការលាក់បាំងនៅតាមចម្ការតូចៗ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តតាកែវរបស់យើង ជាខេត្តមួយដែលពោរពេញទៅដោយសន្តិសុខសណ្តាប់ធ្នាប់ បានល្អនៅក្នុងសង្គម ។
សូមបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងនិងផ្ទេរកិច្ចបំពាក់ឋានន្តរស័ក្តជូនដល់នគរបាលជាតិនេះ មាន ប្រកាសតែងតាំងផ្ទេរភារកិច្ច ចំនួន ២៤ នាក់ បំពាក់ស័ក្តិថ្នាក់វរសេនីយ៍ឯក ០៧ នាក់ -វរសេនីយ៍ទោ ៤៤ នាក់(ស្រី ២ នាក់) វរសេនីយ៍ត្រី ៩២ នាក់ (ស្រី ៣ នាក់) និងចែកជូនលិខិតសរសើរដល់នគរបាល ដែលមានស្នាដៃក្នុងការកិច្ចការបម្រើការងារបានល្អចំនួន ៥៤ នាក់ ៕ដោយ៖តាកែវ