បាត់ដំបង៖ មុខសញ្ញាកាន់កាប់និងចរាចរណ៍ករណី រូបិយប័ណ្ណក្លែងក្លាយ ពាក់ព័ន្ធកណីគ្រឿងញៀននិង រក្សាទុកអាវុធក្នុងចេតនាទុច្ចរិតចំនួន៥នាក់ត្រូវបានបង្រ្កាបនៅក្រុងបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បានការិយាល័យជំនាញនឹងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ខែមីនានេះ បានឲ្យដឹងថា កាលពីថ្ងៃ អង្គារ៍ ទី ១០ ខែ មីនា ឆ្នាំ២០២០ ដោយអនុវត្តតាមមតិណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានបញ្ជាទៅកម្លាំងនគរបាលក្នុងផែនការងារព្រហ្មទណ្ឌ ដែលក្នុងនោះមានលោកលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបសហការជាមួយកម្លាំងជំនាញចុះប្រតិបត្តិការ បង្ក្រាបករណី (កាន់កាប់និងចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ-ពាក់ព័ន្ធករណីគ្រឿងញៀន និងការរក្សាទុកអាវុធក្នុងបំណងទុច្ចរិត) មួយករណី ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យចំនួន ៥នាក់រួមមាន៖ ១-ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ ៣៨ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២-ឈ្មោះ យៀន រតនៈ ភេទប្រុស អាយុ ២៨ឆ្នាំមានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៣-ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៤-ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ៥-ឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ សម្ភារវត្ថុតាងដកហូតរួមមាន ៖ ក្រដាសប្រាក់បាតថៃប្រភេទ ១០០០ បាត ( ក្លែងក្លាយ ) ចំនួន ៣០សន្លឹក ក្រដាសប្រាក់បាតថៃប្រភេទ ៥០០បាត ( ក្លែងក្លាយ ) ចំនួន ២៥សន្លឹក ក្រដាសប្រាក់បាតថៃប្រភេទ ១០០ បាត ( ក្លែងក្លាយ ) ចំនួន ១២ សន្លឹក ក្រដាសប្រាក់បាតថៃប្រភេទ ៥០បាត ( ក្លែងក្លាយ ) ចំនួន ១៥៦ សន្លឹក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ១៧សន្លឹក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ៥០ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨សន្លឹក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារ ( ក្លែងក្លាយ ) ចំនួន ២៣សន្លឹក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ១០ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨៧ សន្លឹក ទូរស័ព្ទដៃចំនួន ៧គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង ម្សៅក្រាមពណ៌ ស ចំនួន ៧ថង់(សង័្សយជាសារធាតុញៀន)
កូនថង់កឹបព៌ណសមួយចំនួន សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន កាំបិតកែច្នៃធ្វើអំពីដែកចំនួន ៣ដើម ផ្លែរណារងោង ចំនួន១ ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន ១ដើម ដំបងឈើចំនួន ១ដើម ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ 2012 ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1N 6557 ម៉ូតូមួយគ្រឿងម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ 2010 ពាក់ផ្លាកលេខកណ្ដាល 1D 2646។
លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានបញ្ជាក់ថា តាមការឆ្លើយសារភាពពួកគេទាំងនេះ បាននាំយកនូវរូបិយប័ណ្ណក្លែងក្លាយ មកធ្វើចរាចរណ៍ចាយវាយនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាពេលកន្លងទៅ បានមួយចំនួនរួចហើយ ក្រៅពីនោះពួកគេនូវបានពាក់ព័ន្ធជាមួយករណីគ្រឿងញៀនផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងបានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្ននិងពិនិត្យឲ្យបានច្បាស់លាស់ ចំពោះការចរាចរណ៍ឬចាយវាយរូបិយប័ណ្ណបរទេស ព្រោះក្រែងជួបប្រទះនូវករណី (ក្លែងក្លាយ) ដូចខាងលើ លោកឧត្តមសេនីយ៍ បានស្នើសុំដល់ប្រជាពលរដ្ឋមេត្តាចូលរួមរាយការណ៍ ផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុតក្នុងកណីជួបប្រទះជនណា ដែលធ្វើចរាចរណ៍រូបបិយប័ណ្ណឬរូបិយវត្ថុ (ស័ង្សយ)ថាក្លែងក្លាយដើម្បីសមត្ថកិច្ចមានវិធានការបង្រ្កាប បានទាន់ពេលវេលា៕ដោយ៖បញ្ញាស័ក្តិ