ស្រុកក្រគរគឺជាស្រុកមួយរបស់ខេត្តពោធិ៍សាត់មាន ប្រវត្តិល្បីសុសសាយទូទាំងប្រទេសដោយសារជាទឹកដីដ៍ សែនត្រជាក់ត្រជុំរម្យនា និងមានភូមិសាស្ត្រសមស្របគួបផ្សំនឹងស្មារតី ឧស្សាហ៍ព្យាយាមអំណត់ធននឹងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅទីនេះផង បានធ្វើឱ្យវាលស្រែដ៏ធំល្វឹងល្វើយនេះក្លាយជាជង្រុកស្បៀងដ៏ធំមួយ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ហេតុផលនេះ បានជានៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨ មានប្រារព្ធពិធីបុណ្យដារលានប្រពៃណីជាតិ ដោយបានការអញ្ជើញជាអធិបតីរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួន ប្រារព្វពិធីនេះជារៀងរាល់ឆ្នាំ លោករដ្ឋមន្ត្រីបានឯកភាពជ្រើសយកភូមិពោធិអង្ក្រង ឃុំបឹងកន្តួត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ជាកន្លែងប្រារព្វពិធីនាឆ្នាំ២០១៨នេះ។
សូមអនុញ្ញាតជម្រាបជូនថាពិធីបុណ្យដារលាន នេះមានអត្ថន័យទី១-ជាពិធីបុណ្យមានទំនាក់ទំនងទៅនឹងទំនៀមទំលាប់ ជំនឿសាសនាដែលប្រជាកសិករតែងតែប្រកាន់ខ្ជាប់នូវប្រពៃណីនេះ ហើយនាំគ្នាប្រារព្ធពិធីតាមរដូវកាល ជំនឿ និងធនធាន។ គេអាចមូលមតិគ្នាជាឯកច្ឆន្ទធ្វើជាលក្ខណៈគ្រួសារ អន្តរភូមិ ឬអន្តរឃុំក្នុងគោលបំណងចំបងគឺរក្សានូវអត្ដសញ្ញាណរបស់ប្រជាកសិករនៅតាមតំបន់ និងដើម្បីជួយថែរក្សាកេរ្តិ៍មរតកវប្បធម៌ដ៏ប្រពៃតាំងពីយូរយង់ ជាពិសេសរក្សាបាននូវអត្ដសញ្ញាណព្រលឹងជាតិខ្មែរឱ្យបានគង់វង្ស។ទី២-ពិធីបុណ្យ នេះបានបង្កប់នូវអត្ថន័យទាក់ទងនិងវិស័យកសិកម្មដូចជាការគោរពដឹងគុណចំពោះម្ចាស់ទឹក ម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិ ការអប់រំឱ្យប្រជាកសិករចេះស្រឡាញ់ស្រូវឱ្យដូចស្រឡាញ់ម្តាយ និងជីវិតខ្លួនឯងដូចបុរមបូរាណបានពោលថាស្រូវជាព្រះមេ ដែលកសិករបានយកចិត្តទុកដាក់ ទាំងកម្លាំងកាយនិងកម្លាំងចិត្តគ្រប់បែបយ៉ាងមើលថែរក្សាទោះស្ថិតក្រោមកម្ដៅព្រះអាទិត្យនិងភ្លៀងផ្គរយ៉ាងណាតាំងពីពេលដាំដុះរហូតដល់ពេលប្រមូលផលដាក់ក្នុងជង្រុកអស់រយៈពេលពេញមួយរដូវបង្កបង្កើនផល។ មួយវិញទៀតពិធី នេះបានបង្កើតឱកាសជូនប្រជាកសិករឲ្យមកជួបជុំញាតិមិត្ដជិតឆ្ងាយ ផ្លាស់ប្ដូរនិងប្រឹក្សាយោបល់គ្នាអំពីការងារបង្កបង្កើនផលនាឆ្នាំកន្លង ជាពិសេសដើម្បីពង្រីកនិងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពក្នុងរង្វង់គ្រួសារកសិករខ្មែរ រួចនាំគ្នាកម្សាន្ដសប្បាយតាមប្រពៃណី។ ក្រៅពីនេះ ពិធីបុណ្យក៏ជាឱកាសសម្រាប់កសិករ អ្នកជំនាញ និងថ្នាក់ដឹកនាំស្វែងយល់អំពីបទពិសោធន៍និងបច្ចេកទេសថ្មីៗពីគ្នាទៅវិញទៅមក ដើម្បីជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ហើយក៏ មានការតាំងពិពណ៌ផលិតផលនិងគ្រឿងចក្រកសិកម្មផងដែរ។
លោករដ្ឋមន្ត្រីបានយកឱកាសក្រើនរំឭកដល់កសិករឱ្យចេះថែទាំសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលបានកសាង និងដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតនិងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជួយដល់ប្រជាកសិករដ៏ច្រើនលើសលប់ដូចជាគោលនយោបាយមិនយកពន្ធលើដីស្រែ ការទទួលស្គាល់និងការពារដាច់ខាតនូវកម្មសិទ្ធិស្របច្បាប់បច្ចុប្បន្នរបស់កសិករព្រមទាំងជំរុញប្រពលវប្បកម្មកសិកម្ម និងការសាងសង់ប្រព័ន្ធធារាសាស្ត្រជូនដល់ប្រជាកសិករ។ កសិកម្មគឺជាវិស័យដ៏សំខាន់មួយក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ វាបានរួមចំណែកចំនួន២៦,៣%នៅក្នុងផលិតផលក្នុងស្រុកសរុបនាឆ្នាំ២០១៦៕ ដោយ៖បញ្ញាស័ក្តិ