ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ បានដាក់អោយដំណើរការបំភ្លឺ ជូនប្រជាពលរដ្ឋក៏ដូចជា អ្នកដំណើរហើយ ពោលគឺក្រោយពីកំណាត់ផ្លូវមួយខ្សែនេះបានអ៊ុតកៅស៊ូយ៉ាងល្អរួចមក។
ការបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើកំណាត់ផ្លូវនេះ វាមិនត្រឹមតែជួយលើកសោភ័ណ្ឌភាពរាជធានីភ្នំពេញអោយស្រស់បំព្រងក្នុងពេលរាត្រីប៉ុណ្ណោះទេ តែវាបានធ្វើអោយ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗផងដែរ។
គួរបញ្ជាក់ថា ការបើកការដ្ឋានជួសជុលដោយអ៊ុតកៅស៊ូផ្លូវជាតិលេខ៤ និងបំពាក់បង្គោលភ្លើងបំភ្លឺនេះធ្វើឡើង តបទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចាប់ផ្តើមបើកការដ្ឋានអ៊ុតកៅស៊ូ កំណាត់កាលទី១ កាលយប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ ដែលមានប្រវែង ១៧៥០ម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ស្ថិតក្នុងខណ្ឌពោធិសែនជ័យ ។
ដោយឡែក កំណាត់ទី២ ប្រវែង ៥៩៥០ម៉ែត្រ ទទឹង ១៨ម៉ែត្រ ចាប់ពីផ្លូវកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាល ជាការងារដែលគ្រប់គ្រងការដ្ឋានដោយក្រសួងសាធារណការនិងដឹកជញ្ជូន ។
គួររំលឹកថា កាលពីថ្ងៃទី២៤តុលាកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង ជាអភិបាលនិងតំណាងក្រសួងសាធារណការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំមួយ ដើម្បីបែងចែកការងារគ្នា លើការជួសជុលផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ឡើងវិញ តបទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកំណាត់ផ្លូវនេះមានការខូចខាតមួយចំនួននិងបង្កអោយមានការកកស្ទះចរាចរផងដែរនោះ។
ការបើកអោយមានកិច្ចប្រជុំកាលនោះធ្វើឡើង ក្នុងគោលបំណងដើម្បីបែងចែកគ្នាអោយដាច់រវាងកំណាត់ផ្លូវនេះ ថាតើចំណុចណាដល់ចំណុចណាដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែលខាងអាជ្ញាធររាជធានីភ្នំពេញជាទទួលខុសត្រូវ ក្នុងការជួសជុល ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ធ្វើអោយការជួលជុលមានការយឺតយ៉ាវនិងអូសបន្លាយពេលវេលា ធ្វើអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយក្រោយកិច្ចប្រជុំកាលណោះបានសម្រេចយ៉ាងច្បាស់លាស់ គឺនៅលើផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ ដល់ស្តុបកប់ស្រូវរដ្ឋបាលរាជធានីភ្នំពេញជាអ្នកទទួលការជួសជុល ។ចំណែកក្រសួងសាធារណការនិងដឹកជញ្ជូនជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាល ។ ក្រោយពីបញ្ចប់ការអ៊ុតកៅស៊ូរួច ទើបរដ្ឋបាលរាជធានីភ្នំពេញ បន្តការបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ៤នេះ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវបន្តទៀត៕ ដោយ៖កូឡាប