Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាងច្បាប់​ចំនួន​៣ ទាក់ទង​នឹង​វិស័យ​ថាមពល កសាង​រោងចក្រ​អគ្គិសនី ត្រូវ​ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​

spot_img

​ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​ឲ្យ​ដឹងថា​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមេសា ឆ្នាំ​២០២០ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស៊ឹម កា ប្រធានស្តីទី​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៤៩​រូប រួម​ជាមួយនឹង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជា​អ្នក​ឡើង​ការពារ​សេចក្តីព្រាងច្បាប់​។​

​អង្គ​ប្រជុំបាន​ដំណើរការ​តាមរបៀប​វារៈ​ចំនួន ០៣​រួមមាន​៖
​របៀបវារៈ​ទី​១៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន រ៉ូ​យា​ល់ គ្រុប អ៊ិន​វេស​ម៉ិ​ន គ្រុប ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព​៧០០​មេ​ហ្គា​វ៉ាត ខេត្តកោះកុង ។​

​សេចក្តីព្រាងច្បាប់​នេះ មាន​ផលប្រយោជន៍​ក្នុងការ​ជំរុញ​ការផ្គត់ផ្គង់​អគ្គិសនី​ឱ្យបាន​គ្របដណ្តប់ គ្រប់​ភូមិ​ទូទាំងប្រទេស ព្រមទាំង​ធានាបាន​នូវ​សន្តិសុខ​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី មានគុណ​ភាព និង​តម្លៃ​សមរម្យ ថែមទាំង​អាចជួយ​កាត់បន្ថយ​ការទិញ​អគ្គិសនី ដែលមាន​តម្លៃ​ថ្លៃ​ពី​ប្រភព​នាំចូល​មកពី​ប្រទេសជិតខាង​។ ប្រការនេះ នឹង​រួមចំណែក​ក្នុងការ​អនុវត្ត គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ថ្លៃ​លក់​អគ្គិសនី ដែល​នឹង​ជំរុញ​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ទូទាំងប្រទេស ។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១០៩​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦​។​

​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៤៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​២៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​២៦៥​មេ​ហ្គា​វ៉ាត ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​សារសំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីកចម្រើន ធានាបាន​នូវ​សមធម៌​សង្គម និង​ការលើកកម្ពស់​ជីវភាព ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ ជាពិសេស​នេះ​ជា​កត្តា​ជំរុញ ដល់​ការអនុវត្ត​គោលនយោបាយ​របស់​រាជ រដ្ឋាភិបាល ដើម្បី​បញ្ចុះតម្លៃ​អគ្គិសនី និង​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​គ្រប់​ភូមិ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១០៩​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦​។​

​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៤៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៣៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការ ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ បញ្ជូន​អគ្គិសនី តង់ស្យុង​២៣០​គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​។​
​ ​
​សេចក្តីព្រាងច្បាប់​នេះ ពិត​ជាមាន​សារសំខាន់ និង​មាន​ផលប្រយោជន៍​ធំ​ទូលាយ អាស្រ័យ​ដោយ​គម្រោង​នេះ អាចរួមចំណែក​ក្នុងការ អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​ខិតខំ​កាត់​បន្ថយថ្លៃ​អគ្គិសនី ព្រមទាំង​ជំរុញ​បន្ថែមទៀត នូវ​ដំណើរការ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ជាពិសេស​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ព្រមទាំង​ធានា​មាន​អគ្គិសនី ប្រើប្រាស់​នៅ​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន​៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១០៩​សំឡេង នៃចំ​នួ​៣​ន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦​។​

​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៤៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕​ដោយ៖កូឡាប

spot_img
×