ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ខែមេសាឆ្នាំ២០២០ បានសរសេរសារលើហ្វេសប៊ុកផ្លូវការថា ស្ត្រីដែលបានឡាយវីដេអូ តាមអនឡាញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ និយាយថា. មេ P Mស្រុកភ្នំក្រវាញ មកប្លន់យកឡាន (ប៉ាកុង) គាត់ដល់ផ្ទះ ឥឡូវថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ គាត់បានធ្វើការឡាយវីដេអូ សុំទោស ដែលគាត់បាននិយាយខុសឆ្គង មកលើអាវុធហត្ថខេត្តពោធិ៍សាត់។
ឯកឧត្តម អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា “គាត់សុំធ្វើការដាក់ពាក្យប្តឹង កូនប្រសារបស់គាត់ ដែលបោកលុយគាត់អស់ ១៤.០០០ដុល្លារ យកទៅទិញឡានប៉ាកុងដឹកឈើ “។
គួរកត់សម្គាល់ផងដែរថា នៅវេលាម៉ោង ១២ និង ១៤នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយក្រុមចម្រុះ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចលេខ (៤១៧៧៣-៦១៨៩៣) ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយបានរឹបអូសរថយន្ត (ប៉ាកុង) ១គ្រឿង ជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើ (ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើដុតកម្ទេចចោល នៅសង្កាត់រដ្ឋបាលព្រៃឈើលាច។
ចំណែក គណនីហ្វេសប៊ុកឈ្មោះ សោភ័ណ វីរះដេត បានសរសេររៀបរាប់ថា “រឿងនេះ គួតែវែកមុខរកអាក្រុមញុះញង់ នៅពីក្រោយខ្នង ដែលប្រាប់គាត់ឲ្យនិយាយបរិហារកេរ្តិ៍ អាវុធហត្ថស្រុកភ្នំក្រវាញ ដែលបានអនុវត្តន៍ច្បាប់ សុំTNM tv online ដែលបានចុះមកផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឲ្យនិយាយ សុំធ្វើរការបកស្រាយឡើងវិញផង ដើម្បីកុំឲ្យមហាជនយល់ច្រឡំទៀត។ នៅថ្ងៃទី៣ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តមម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញគ្រប់ភាគីដែលពាក់ព័ន្ធ រួមទាំងបងស្រី និងក្រុមគ្រួសារ ដែលបានឡាយវីដេអូ បង្កាច់បង្ខូចអាវុធហត្ថស្រុកភ្នំក្រវាញ និងអញ្ជើញលោកភ្នាក់ងារTNM tv online មកចូលរួម ដើម្បីសួរនាំហើយ និងដោះស្រាយ ហេតុអ្វីលោកភ្នាក់ងារTNM tv online មិនមកចូលរួម ដើម្បីផ្សពផ្សាយនៅអ្វីដែលជាការពិត បើយើងតាំងខ្លួនថា ជាកញ្ចក់មែនរឿងអី ត្រូវគេចវេះ មិនមកចូលរួម ឬនេះជាចេតនា ចង់បង្កាច់បង្ខូច ក្រុមការងារដែលកំពុងអនុវត្តន៍ច្បាប់?”។
ឯកឧត្តម អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា គណៈកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បីឲ្យបុគ្គលគ្រប់រូប ជ្រួតជ្រាប យល់ដឹងអំពីច្បាប់ ពាក់ព័ន្ធនឹងព្រៃឈើ ក្នុងន័យឲ្យចៀសឆ្ងាយពីការប្រព្រឹត្តខុសច្បាប់ និងចូលរួមថែរក្សាព្រៃឈើឲ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និងពិភពលោកទាំងមូល៕ដោយ៖កូឡាប