ភ្នំពេញ៖ លោកនាយកឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា កងទ័ពជើងទឹក ត្រូវគិតគូរក្តាប់ឡើងវិញ អំពីបច្ចុប្បន្នភាពក្របខ័ណ្ឌបច្ចេកទេស ទាំងបរិមាណនិងគុណភាពយោធិនជំនាញបច្ចេកទេស ឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការជាក់ស្តែងរបស់បណ្តាអង្គភាព ដើម្បីមានផែនការកែសម្រួលក្របខ័ណ្ឌឱ្យបានសមស្រប តាមសំណូមពរភារកិច្ចជាក់ស្តែងរបស់បណ្តាអង្គភាពនីមួយៗ ធ្វើជាមូលដ្ឋានក្នុងការលើកផែនការបណ្តុះបណ្តាលនិងបំប៉នជំនាញ។ លោកនាយកឧត្តមសេនីយ៍ បានថ្លែងបែបនេះ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីបើកសិក្ខាសាលាបូកសរុបការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់កងទ័ពជើងទឹក។
នាយកឧត្តមសេនីយ៍ បានបញ្ជាក់ថា ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូរនានា ទាំងថ្នាក់ជាតិនិងអន្តរជាតិ សំដៅបង្កើនសមត្ថភាព អង្គ ភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន។ គិតគូរលើកកម្ពស់គុណភាពកងទ័ព ប្រព័ន្ធហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ ការគ្រប់គ្រងទ័ព ចិញ្ចឹមទ័ព ថែរក្សាសម្ភារៈបរិក្ខារ និងការរៀបចំនាយទាហានវ័យក្មេងសម្រាប់បន្តវេន ឱ្យត្រូវតាមជំនាញ ដើម្បីទទួលបានបទពិសោធន៍ជាបណ្តើរៗ ពីរៀមច្បង សំដៅបង្កើនសក្តានុពលរបស់កងទ័ពជើងទឹក ឱ្យកាន់តែខ្លាំងក្លាក្នុងបុព្វហេតុកិច្ចការពារជាតិ។ រិះរកវិធានការឱ្យកាន់តែប្រសើរ ក្នុងកិច្ចសហការទប់ស្កាត់បង្ក្រាបបទល្មើសនានា ដែលកើតឡើងក្នុងដែនទឹក ជាពិសេស ផែនការយុទ្ធសាស្រ្តក្នុងកិច្ចការពារបូរណភាពទឹកដី និងការថែរក្សាសន្តិសុខលម្ហសមុទ្រ កោះ ឆ្នេរ ជ្រោយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចជាតិ។
លោក ក៏បានស្នើឲ្យកងទ័ពជើងទឹកត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ និងសហការចូលរួមធ្វើលំហាត់ជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេស ការធ្វើល្បាតរួមលើតំបន់ទឹកប្រវត្តិសាស្ត្រ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ចុះបញ្ជី ប្រើប្រាស់ និងធ្វើរបាយការណ៍អំពីអចលនទ្រព្យរបស់កងទ័ពជើងទឹក ឱ្យបានច្បាស់លាស់។
កងយោធពលខេមរភូមិន្ទ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងចាត់វិធានការចាំបាច់នានា ដើម្បីការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំធានាឱ្យរាជរដ្ឋាភិបាលបន្តការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ