សង្គមសព្វថ្ងៃនេះ ហាក់ដូចជាចូលចិត្តការមានរូបសម្រស់ភ្លឺស្អាត ។ ហេតុនេះ ប្រសិនបើមនុស្សណាម្នាក់មិនមានស្បែកសស្អាត នឹងតែងត្រូវបានគេចំអកពុំខាន ។ តួយ៉ាង នារីវ័យក្មេងម្នាក់នេះជាដើម ត្រូវបានគេចំអកមើលងាយដាក់ តាំងពីវ័យក្មេងរហូតនាងពេញវ័យក្រមុំ ដោយសារស្បែកអាក្រក់ពីកំណើតរបស់នាង ។
នារីជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Evita Delmundo អាយុ ២០ ឆ្នាំ ត្រូវបានដឹងថា កើតមកជាមួយស្លាកស្នាម «ប្រជ្រុយ» នៅពាសពេញផ្ទៃមុខ និងដងខ្លួនរបស់នាង ដែលជាលក្ខខណ្ឌមួយគេហៅថា «Giant Congenital Melanocytic Nevus» ។ នាងតែងត្រូវបានចំអកដាក់នៅសាលារៀន ដោយសិស្សសាលាដទៃៗហៅនាងថា «បិសាច និងមេនំ Chipsmore» ។
នារីអភព្វរូបនេះ បាននិយាយថា៖ «នៅសាលារៀន គ្មាននរណាម្នាក់ចង់ធ្វើជាមិត្តនឹងខ្ញុំទេ។ ខ្ញុំចងចាំថា គ្រូម្នាក់បានឲ្យក្មេងស្រី២នាក់ដើរអមជាមួយខ្ញុំ ក្នុងអំឡុងពេលសំរាក ហើយពួកគបាននិយាយខ្សឹបគ្នាថា ‘ហេតុអ្វីយើងត្រូវចាត់ទុកនាងដូចជាព្រះនាង?’ ។ នៅពេលនោះ ខ្ញុំពិតជាតូចចិត្តខ្លួនឯងខ្លាំងណាស់ ។ ខ្ញុំក៏បានប្រាប់ពួកគេវិញថា ពួកគេពុំចាំបាច់ដើរតាមខ្ញុំទេ ហើយពួកគេក៏បានដើរចេញភ្លាមៗ ។ និយាយរួមទៅ ខ្ញុំជាក្មេងស្រីឯកោ» ។
ទោះយ៉ាងណា នាងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តរួមថ្នាក់របស់នាង ដែលពួកគេទទួលយកនូវលក្ខណៈចម្លែករបស់នាង ។ ប្រការនេះ បានធ្វើឲ្យនាងរំភើបចិត្ត និងចាប់ផ្តើមស្រលាញ់ខ្លួនឯងផងដែរ ។
រាជិនីប្រជ្រុញរូបនេះនិយាយថា៖ «ខ្ញុំរៀនទទួលយកស្លាកស្នាមរបស់ខ្ញុំ និងស្រលាញ់ខ្លួនឯង ។ ខ្ញុំមានទំនុកចិត្តសន្សឹមៗ ដើម្បីបង្ហាញលក្ខណៈពិសេសរបស់ខ្ញុំ ហើយខ្ញុំចាប់ផ្តើមមានសកម្មភាពកាន់តែច្រើន ក្នុងការចូលរួមប្រលងចម្រៀងផ្សេងៗ ។ មិត្តភក្តិរបស់ខ្ញុំបានដឹងពីការផ្លាស់ប្តូររស់ខ្ញុំ ហើយពួកគេគាំទ្រខ្ញុំជានិច្ច» ។
នាងក៏សង្ឃឹមថា នាងនឹងបានផ្លាស់ប្តូរជីវិតថ្មីដ៏ស្រស់បំព្រងបង្ហាញពិភពលោក នៅពេលណាដែលនាងបានចូលរួមប្រលងបវរកញ្ញា Miss Universe Malaysia ៕ ចន្ទី