បន្ទាយមានជ័យ ៖ ក្រោយមានសំណូមពរនិងការរិះគន់ពីបងប្អូនប្រជាពលរដ្ឋនិងអ្នកជម្ងឺ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងនោះមានគេហទំព័រ cen.com.kh ផងដែរ នាពេលកន្លងមក មន្ត្រីអាជ្ញាធរនិងក្រុមការងារផ្លូវចូលមណ្ឌលសុខភាពសង្កាត់កំពង់ស្វាយ១ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ត្រូវបានជួសជុល សម្រួលលំៗអោយឆ្លងកាត់បានជាបណ្តោះអាសន្ន ។
មន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណអោយសារព៍ត័មានកាលពីថ្ងៃទី១៨មករាថា ៖ ដោយមានការរិះគន់ សំណូមពរនិងឃើញភាពេជាក់ស្តែងនៃផ្លូវនេះ ទើបមន្ត្រីអាជ្ញាធរដែនដីនិងសប្បុរសជន កាលពីថ្មីៗនេះ បានដាក់គ្រឿងចក្រជួសជុលសម្រួលត្រង់ផ្លូវខូចធំៗនោះអោយបានធ្វើដំណើរឆ្លងកាត់បានឡើងវិញជាបណ្តោះអាសន្ន ។
ពោលគឺ អោយគ្រឿងចក្រចូក ជីក កាយ ចាក់បំពេញ ឈួសឆាយកិនបង្ហាប់ត្រង់ចំណុចជង្ហុក ថ្លុកទឹកនិងភក់លើផ្លូវដែលខូចខាតផ្លូវចូលមណ្ឌលសុខភាពកំពង់ស្វាយ ១ នោះ។
ប៉ុន្តែការជួសជុលនោះ គ្រាន់តែចាក់ដីភ្នំលើជង្ហុកថ្លុកទឹកនិងភក់នាំអោយវាមានសភាពជ្រាយផុលៗ និងរដិបរដុបពុំអាចអោយយានយន្តមធ្យមនិងធំឆ្លងកាត់បានទេ។
ករណីនេះ លោកហ៊ីល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណប្រាប់អ្នកយកព័ត៍មានថ្ងៃទី១៨មករាថា ៖ បន្ទាប់ពីនេះទៅ អាជ្ញាធរនឹងសម្រួលផ្លូវនេះបន្លែមដោយក្រាលគ្រួសដើម្បីអោយពលរដ្ឋបានធ្វើដំណើរស្រួលជាងនេះ ។
សូមរំលឹកថា ផ្លូវចូលមណ្ឌលសុខភាពកំពង់ស្វាយ១ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ នោះរងការខូចខាតធ្ងន់ធ្ងរ ក្លាយជាថ្លុកទឹកឬដូចត្រពាំងចំនួន២កន្លែងជារហូត ហើយមិនអាចចរាចរណ៍ ធ្វើដំណើរឆ្លងកាត់បានឡើយ។
ពលរដ្ឋឈ្មោះយឿម យ៉ាន រត់ម៉ូតូឌុបនៅភូមិពង្រសង្កាត់កំពង់ស្វាយដែល ដឹកអ្នកជម្ងឺនិងពលរដ្ឋមកមណ្ឌលសុខភាពបាននិយាយថា ៖ កន្លងមកផ្លូវនេះរងការខូចខាត ហើយមានជង្ហុក២កន្លែង ដែលមានទឺកដក់និងភក់ជ្រៅមិនអាចឆ្លងកាត់បាន តែកាលពីម្សិលមិញ ឃើញមន្ត្រីអាជ្ញាធរនិងគ្រឿងចក្របានចាក់ដីលុនថ្លុកនោះហើយ។
លោកបន្តថា ពលរដ្ឋនិងអ្នកជម្ងឺចង់បានអោយមានការជួសជុលផ្លូវនេះល្អជាងនេះ ហើយបង្កអោយជាប់ផុង រលាក់ រអិលដួលអ្នកជម្ងឺនិងស្តីមានផ្ទៃពោះដូចកាលពីរដូវវស្សាកន្លងមក។ គឺសុំអោយជួសជុល ឬអាចធ្វើជាផ្លូវបេតុងល្អស្អាតដូចផ្លូវចូលសាលាសង្កាត់ដែរ។ ចំណែកពលរដ្ឋឈ្មោះឡុង អុត ដែលរស់នៅជាប់នឹងចំណុចផ្លូវដែលខូចខាតបាននិយាយថា ៖ ពលរដ្ឋសូមថ្លែងអំណរគុណណាស់ដល់អាជ្ញាធរនិងសប្បុរសជនដែលបានជួសជុលចាក់បំពេញដីត្រង់ង់ថ្កុកទឹកនិងភក់ដែលដក់ខួបប្រាំងវស្សាលើផ្លូវចូលមណញឌលសុខភាពកំពង់ស្វាយ១នេះ ។
ពលរដ្ឋបន្តថា ឥឡូវនេះ ផ្លូវនេះអាចឆ្លងកាត់បានវិញមែន តែមិនទាន់សមរម្យនិងស្រួលនៅឡើយ។ដូច្នេះសូម មន្ត្រីអាជ្ញាធរនិងអ្នកពាក់ព័ន្ធជួយបន្តទៀត។ គឺអាចជួយអោយឈានដល់ចាក់បេតុងដូចផ្លូវចូលសាលាសង្កាត់ និងវត្តខ្លាកូនចាស់តែម្តងក៏រឹតតែល្អ។
ដូចគ្នាដែរ ក្រុមគិលានុប្បដ្ឋាកនិងអ្នកជម្ងឺមកពិនិត្យព្យបាលនិងទទួលសេវាសុខភាពមៅមណ្ឌលសុខភាពកំពង់ស្វាយ ១ បាននិយាយថា ៖ ពួកគេបានថ្លែងអំណរគុណដល់ការឆ្លើយតប យកចិត្តទុកដាក់ជួសជុលកំណាត់ផ្លូវចូលមឌលសុខភាពនេះ។ ប៉ុន្តែ ស្នើសុំជួសជុលកំណាត់ផ្លូវនេះអោយល្អស្អាតសបស្របជាផ្លូវចូលមណ្ឌលសុខភាព កុំធ្វើលំៗអោយរួចតែពីដៃ។ ឬអាចថា ស្នើសុំស្ថាបនាជាផ្លូវបេតុងតែម្តងក៏រឹតតែល្អ ព្រោះផ្លូវចូលមណ្ឌលសុខភាពសាធារណ:ផង។
សូមបញ្ជាក់ថា ផ្លូវនេះ មានទទឹង ៧ ម៉ែត្រ បណ្តោយជាង ៥០០ ម៉ែត្រប៉ុណ្ណោះ តែវាបានខូចខាតខ្លាំងតាំងពីមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនាឆ្នាំ២០១៧ កន្លងមកម្ល៉េះ ។
កាលមុនបោះឆ្នោត មានការជួសជុលជាហេតុៗខ្លះអោយល្អមើលផងនិងសម្រួលការធ្វើដំណើរផង ហើយមានការសន្យាថានឹងជួសជុលនិងស្ថាបនាជាផ្លូវក្រាលគ្រួសនិងអាចជាផ្លូវបេតុងតែម្តង។
លោករ៉េន រើក ចៅសង្កាត់ស្តីទីសង្កាត់កំពង់ស្វាយ ធ្លាប់បាននិយាយថា ៖ កាលពីក្រោយបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនាឆ្នាំ២០១៨ សង្កាត់បានប្រើប្រាសថវិកាគុណប្រយោជន៍ខេត្ត ដោយស្ថាបនាផ្លូវបេតុង១ខ្សែគឺផ្លូវចូលសាលាសង្កាត់និងវត្តខ្លាកូនចាស់ ១ខ្សែនិង ១ខ្សែទៀត ផ្លូវចូលវត្តស្វាយថ្មីហៅវត្តតាហី។និងផ្លូវជាច្រើនខ្សែទៀតមៅភូមិភ្នំកន្ទួត ភូមិសូភីនិងភូមិកំពង់ស្វាយ ។ ឯផ្លូវចូលមណ្ឌលសុខភាពកំពង់ស្វាយ ១,មណ្ឌលសុខភាពកំពង់ស្វាយ២ និងផ្លូវទៅគោលដៅជាច្រើនទៀតក៏បានស្នើស្ថាបនាដែរ៕ ដោយ ៖ បន្ទាយ