ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០វេលាម៉ោង២០និង០៥នាទី ត្រង់ចំណុចមុខផ្ទះលេខ៦៣៦ លើផ្លូវជាតិលេខ១ ភូមិមិត្តភាព ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ខណៈពេលដែលរថយន្តបើកបត់ត្រឡប់ក្រោយ ត្រូវម៉ូតូបុកបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។
បើតាមរបាយការណ៍របស់នគរបាល ៖ រថយន្តម៉ាកHighlander ពណ៌សពាក់ផ្លា កលេខភ្នំពេញ២T.៧៦០០ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ១IC.៤៨០៦។
រថយន្តម៉ាកHighlander បើកបរដោយឈ្មោះហ៊ុន ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៤D ផ្លូវ១៦៨ (បូរីលឹមឈាងហាក់) ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតរួចបត់ត្រឡប់ក្រោយ (មិនរងរបួស) លុះដល់ត្រង់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា បានជ្រុលទៅបុករថយន្តម៉ាកHighlanderនោះចំទ្វារមុខផ្នែកខាងឆ្វេង បើកបរដោយឈ្មោះពៅ ពន្លក ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មកររត់តុការ ស្នាក់នៅផ្ទះលេខ០២៥ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)ជិះមានគ្នា២នាក់ អ្នករួមដំណើរពីក្រោយឈ្មោះយ៉ាន់ សីហា ភេទប្រុសអាយុ២០ឆ្នាំមុខរបរបើកបររថយន្ត ស្នាក់នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង(រងរបួសធ្ងន់)បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យ រថយន្តខូចខាតស្រាលចំនួន១គ្រឿង,ម៉ូតូខូចខាតធ្ងន់ចំនួន១គ្រឿង, ស្លាប់១នាក់ (អ្នកបើកបរម៉ូតូ) នៅកន្លែងកើតហេតុាហើយ សពបានប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតមប្រពៃណី, រងរបួសធ្ងន់ចំនួន១ (អ្នករួមដំណើរម៉ូតូ) យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកការវាស់វែង ពិនិត្យកន្លែងកើតហេតុ យើងសន្ឋិដ្ឋានបានថា÷ អ្នកបើកបររថយន្តបើកបត់ត្រឡប់ក្រោយមិនគោរពសិទ្ធិយានផ្លូវត្រង់, អ្នកបើកបរម៉ូតូបើកលឿនមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។
ករណីខាងលើនេះ បានប្រគល់រថយន្តនិងម៉ូតូព្រមទាំងអ្នកបើកបររថយន្តឲ្យ ទៅខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីជាបន្ត៕ ដោយ៖កូឡាប