ភ្នំពេញ-តួឯកប្រុសក្នុងរឿងភាគទូរទស្សន៍អាស៊ីអាគ្នេយ៍ តារាសម្តែង លោក ស៊ិន សុធារិទ្ធ បានប្រារព្ធខួបកំណើត បែបធំដុំ លើកដំបូង នៅភោជនីយដ្ឋានវីហ្វ្រេន កោះពេជ្រ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតារាប្រុសរូបនេះ បែជាមានអ្នកសិល្បៈស្និទ្ធស្នាលជាច្រើនដួងមកចូលរួម យ៉ាងច្រើនកុះករ។
លោក ស៊ិន សុធារិទ្ធ ជាតារាសម្តែង ពន្លកថ្មី ប៉ុន្តែអាចដណ្តើមបានទីផ្សារគួរឲ្យកត់សម្គាល់ ព្រោះទើបតែប្រឡូកក្នុងសិល្បៈ មិនបានប៉ុន្មានផង សុធារិទ្ធ បែរជាគ្រងតំណែងតួឯកយ៉ាងព្រងើយ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបសង្ហារមួយនេះ ត្រូវបានអ្នកសិល្បៈដូចគ្នាផ្តល់តម្លៃនឹងការស្រលាញ់រាប់អាន ដោយផ្តល់កិត្តិយស ចូលរួមក្នុងថ្ងៃកំណើតរបស់លោក។
តារាសម្តែង សប្បុរស្រអែម សុធារិទ្ធ ឲ្យដឹងថា អ្វីដែលលោកធ្វើ ក្នុងថ្ងៃនោះ គឺដើម្បីឲ្យលោកយាយ របស់លោក បានសប្បាយចិត្តឲ្យគាត់បានឃើញកូនចៅ បង្ហាញទង្វើអ្វីៗដែលល្អដែលខំប្រឹងចេញពីសមត្ថភាព។ លោកថា ម្តាយបានចាកឋានហើយ គឺសល់តែលោកយាយទេ គាត់ក៏ជរាទៀត ទើបយល់ថា ស្មារតីគាត់នៅល្អចងចាំទើបបង្ហាញនូវកម្រងអនុស្សាវរីយ៍ល្អទាន់ខែភ្លឺ។
តារាសម្តែង ស៊ិន សុធារិទ្ធ ជាម្ចាស់ជ័យលាភីលេខ៣ ផ្នែកសម្តែងក្នុងកម្មវិធី “ពេជ្រកំពុងច្នៃ” របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំនេះ លោកមានវ័យ ២៨ឆ្នាំ។ សារសមត្ថភាពសម្តែង និងរូបសម្បត្តិសក្តិសម លោកត្រូវបានផលិតករផ្តល់ឱកាសឲ្យសម្តែងតាមផលិតកម្មជាបន្តបន្ទាប់ និងកំពុងតែសម្តែងជាតួឯក ដែលកំពុងចាក់ផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕ ដោយ-គីម ស្រីរ័ត្ន