ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់ទូរស័ព្ទ មិនបានសម្រេច នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ កាលពីម៉ោង២០និង២០នាទី នៅចំណុចមុខផ្ទះលេខ៩៦ ផ្លូវលេខ៣១០ ក្រុមទី៣៧ ភូមិ១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹកេងកង រាជធានីភ្នំពេញ។
បើតាមការរបាយការណ៍របស់អគ្គស្នងការនគរជាតិ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លីវ ឡៃហួយ អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រឿងអេឡិកត្រូនិកខេ៤ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីកន្លែងកំណើតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ជនសង្ស័យចំនួន២នាក់ ពុំស្កាល់អត្តសញ្ញាណជាប្រភេទក្មេងស្ទាវ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ទៅ២២ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda dream c125 ពណ៌ខ្មៅ ពុំស្គាល់លើស៊េរី និងពុំចាំផ្លាកលេខ បានជិះម៉ូតូរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពមិនបានសម្រេច ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាសេ១២៥ តាមបណ្តោយផ្លូវ៣១០ ស្របពេលនោះ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា មកពីក្រោយ អែបក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួល អូសម៉ូតូនឹងរងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យនៅវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកសមត្ថកិច្ច កំពុងស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនល្មើស៕ដោយ៖បញ្ញាស័ក្តិ