មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រ វាយតម្លៃថា ចំនួនត្រីឆ្លាមខ្លាដំបង (Leopard shark) បានងាប់នោះវាច្រើនជាងនេះទៀតផង ។
អំឡុងពេលចន្លោះខែ ២-៧-២០១៧ នេះ ប្រជាពលរដ្ឋរស់នៅជិតឈូងសមុទ្រ San Fransisco (រដ្ឋកាលីហ្វនីញ៉ាអាមេរិក) បានសម្លឹងឃើញទិដ្ឋភាពដ៏ព្រឺព្រួចគឺត្រីឆ្លាមខ្លាដំបងជាង២០០ក្បាល បានងាប់រណូករណែល ហើយត្រូវរលកវាយឡើងឆ្នេរ ។
ពុំត្រឹមតែត្រីឆ្លាមទេ សូម្បីសត្វសមុទ្រផ្សេងទៀតជាអាទិ៍ ៖ ត្រីបបែល ត្រីឆ្លាម ប្រភេទ Mustelus…ក៏បានងាប់យ៉ាងអាថ៌កំបាំង រួចត្រូវរលកច្រានឡើងច្រាំង ។
ការងាប់ដ៏សន្ធឹកសន្ធាប់នៃពពួកសត្វសមុទ្រទ្រង់ទ្រាយធំបែបនេះ បាននាំកង្វក់យ៉ាងខ្លាំងចំពោះបរិស្ថានសមុទ្រនៅទីនេះ ។ អ្នកវិទ្យាសាស្ត្របានប្រមូលផ្តុំភ្លាមៗដើម្បីសិក្សារកមូលហេតុ ។
ត្រីឆ្លាមដែលត្រូវពួកប៉ារ៉ាសិត ស៊ីខួរក្បាល
តាមបណ្ឌិត Mark Okihiro នោះ “ឃាតករសម្ងាត់” បង្កការងាប់រាលដាលបែបនេះ គឺប្រភេទប៉ារ៉ាសិតមានឈ្មោះថា Miamiensis avidus ។
មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះប៉ារ៉ាសិតទោលដ៏តូចល្អិតនេះថាជា”Zombie”។ អម្បូរនេះវាបណ្តែតខ្លួនតាមចរន្តទឹករួចជ្រែកចូលតាមច្រមុះ បន្ទាប់មកក៏ចាប់ផ្តើមស៊ីខួរក្បាលបន្តិចម្តងៗ ទៅលើពពួកសត្វសមុទ្រ ។
ប៉ារ៉ាសិតស៊ីខួរក្បាល Miamiensis avidus
ក្រោយពេលធ្វើកោសល្យវិជ្ជមានខ្មោចសត្វសមុទ្រទាំងនោះ បណ្ឌិតរូបនេះបានពិនិត្យឃើញថា ខួរក្បាលរបស់ពួកវាបាន “បាត់” ឬពុំពេញលេញ ។ ក្រោយមកទើបគាត់រកឃើញប៉ារ៉ាសិត ស៊ីខួរក្បាលនេះ ។
ដោយឡែកចំពោះពពួកត្រីឆ្លាម ដំណើរការនេះប្រព្រឹត្តទៅយឺតៗ ហេតុនេះដំបូងពុំឃើញមានរោគសញ្ញាអ្វីទេ ។ តែក្រោយមកត្រីឆ្លាមចាប់ផ្តើមមានកាយវិការចម្លែកៗដូចជាហែលក្រឡឹងចុះឡើងៗច្រើនជុំ ឬក៏វង្វេងទិសតែម្តង ។ ពេលដែលខួរក្បាលត្រូវ “ស៊ីខ្ទេច” នោះវានឹងងាប់ហើយរសាត់ចូលច្រាំង ។
ពេលនេះអ្នកវិទ្យាសាស្ត្រ កំពុងស្វែងរកវិធីដើម្បីជួយសង្គ្រោះពួកវា ព្រោះការងាប់រង្គាលបែបនេះ នាំឲ្យប្រព័ន្ធជីវសាស្ត្រសមុទ្ររងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែសត្វសមុទ្រពុំមែនប៉ុណ្ណឹងទេ ដែលងាប់ហើយរសាត់ចូលច្រាំងនោះ មានខ្លះវាលិចចុះសមុទ្រតែម្តង៕