Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អា​មេ​រិច​ថា ចិន​លាក់​ទិន្នន័យ​ផ្ទុះ​វីរុស​ដំបូង ដើម្បី​ចង់​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​មុនគេ​លក់​ទៅកាន់​ពិភពលោក​

​ទីប្រឹក្សា​សេត​វិមាន​អា​មេ​រិច លោក Peter Navarro បានធ្វើការ​ចោទប្រកាន់​នៅ​ថ្ងៃ​ចន្ទ​ថា ចិន​មិន​ព្រម​ផ្តល់​ទិន្នន័យ​ដំបូង​ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ពីព្រោះ​ចិន​ចង់​ឈ្នះ​ការប្រកួតប្រជែង​ពាណិជ្ជកម្ម ដើម្បី​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​មុនគេ​លក់​ឲ្យ​ពិភពលោក​។​

​សហរដ្ឋ​អា​មេ​រិច ដែល​បច្ចុប្បន្នកំពុងរ​ង​គ្រោះ​ពី​វីរុស​ខ្លាំងជាងគេ បានស្នើ​ជាច្រើនលើក​ច្រើនសារ​ឲ្យ​ទីក្រុង​ប៉េកាំង​ចែករំលែក​ទិន្នន័យ​ដំបូង​ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​លោក Peter Navarro ថ្លែងប្រាប់​សារពត៌មាន Fox Business Network ដូច្នេះ​ថា “​ហេតុផល​មួយ​ដែល​ពួកគេ​ប្រហែល​មិនអោយ​យើង​ចូល និង​ផ្តល់​ទិន្នន័យ​ដំបូង​ពី​វីរុស​ដល់​យើង គឺថា​ពួកគេ​ប្រកួតប្រជែង​ដើម្បី​បង្កើត​វ៉ាក់សាំង ហើយ​ពួកគេ​គិតថា​វា​គឺជា​ការប្រកួតប្រជែង​ពាណិជ្ជកម្ម វា​គឺជា​បញ្ហា​ពាណិជ្ជកម្ម ដូច្នេះ​ពួកគេ​អាច​លក់​វ៉ាក់សាំង​ទៅកាន់​ពិភពលោក​បាន​”​។​

“​ប៉ុន្តែ​ពួកយើង​នឹង​យកឈ្នះ​ពួកគេ (​ចិន​)​។ ពួកយើង​នឹង​យកឈ្នះ​ពួកគេ​ដោយសារតែ​ការដឹកនាំ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ ពួកយើង​នឹង​យកឈ្នះ​ពួកគេ ដោយសារតែ​ក្រសួងសុខាភិបាល និង​សេវាកម្ម​ប្រជាជន​អា​មេ​រិច​មានការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន ៥​រួចហើយ​”​។​

​បច្ចុប្បន្ន មិនទាន់មាន​ថ្នាំ ឬ​វ៉ាក់សាំង​សម្រាប់​ព្យាបាល​វីរុស COVID-19 ឡើយ​។ ចាប់តាំងពី​ផ្ទុះឡើង​កាលបី​ចុងឆ្នាំ ២០១៩​មក វិ​រុស​មរណៈ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ១៧០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ២.៥០០.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×