ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងប៉ុស្តិ៍បឹងតាព្រហ្ម និងកម្លាំងជំនាញគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជំនួយការសារព័ត៌មានគំនិតខ្មែរ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។
បើតាមការផ្សព្វផ្សាយរបស់ផេក ប្រជាជនខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ និន សុផល ហៅ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ អូរចំណារ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ក្នុងនោះនគរបាល ដកហូតបានថ្នាំញៀនសរុបចំនួន៥កញ្ចប់ ម៉ូតូ១គ្រឿងម៉ាកFUTUR ពណ៌ខ្មៅគ្មានផ្លាកលេខ និងសម្ភារពាក់ព័ន្ធបទល្មើសគ្រឿងញៀនមួយចំនួនទៀត។
សូមបញ្ជាក់ថា ៖ ជនសង្ស័យមានប័ណ្ណសម្គាល់ខ្លួនថាជាអ្នកកាសែត (សារព័ត៌មានគំនិតខ្មែរ) ហើយសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ។
ទោះជាយ៉ាងនេះក្តី បើតាមលោកវរសនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានប្រាប់ថា សមត្ថកិច្ចកំពុងសាកសួរសាវតារបន្ត ដើម្បីបញ្ជាក់ពីប័ណ្ណសារព័ត៌មាននោះ នៅមានសុពលភាព ឬអស់សុពលភាព ដោយសារថាប័ណ្ណសារព័ត៌មាននោះចេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩៕ដោយ៖កូឡាប