Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​លុយ​បុណ្យសព​លោក​កែម ឡី​៖ លោក ប៉ាង ងួនទៀង​-​មឿ​ន តុលា អត់​ឃើញ​ចូលខ្លួន​ឆ្លើយបំភ្លឺ​

​ភ្នំពេញៈ នៅ​ថ្ងៃទី​០៩ ខែតុលា នេះ គឺជា​ថ្ងៃ​ដែល​តុលាការ​កំណត់អោយ​លោក ប៉ាង ងួនទៀង នាយក​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) និង​ជា​នាយក​មជ្ឈមណ្ឌល​កម្ពុ​ជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លោក មឿ​ន តុលា នាយក​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស អតីត​គណៈកម្មការ​រៀប​ចំ​បុណ្យសព​លោក កែម ឡី ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់ព័ន្ធ​ករណី​លុយ​បុណ្យសព​របស់លោក កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ​។

​តាម​ដីកាកោះ លោក មឿ​ន តុលា ត្រូវ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅវេលា​ម៉ោង​០៩​ព្រឹក ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧​។ ប៉ុន្តែ​មិនបាន​ឃើញ​វត្តមាន​លោក​មឿ​ន តុលា ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​នោះទេ​។ ចំណែក​លោក​ប៉ាង ងួនទៀង ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​០៩ ខែតុលា វេលា​ម៉ោង​១០​ព្រឹក តែ​មិនឃើញ​មាន​វត្តមាន​នោះទេ​។​

​លោក​ប៉ាង ងួនទៀង (​រូប​ថ​តៈ​ឯកសារ​)

​លោក មឿ​ន តុលា បាន​ឲ្យ​ដឹងថា លោក​អត់​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះទេ ដោយសារតែ​មិនបាន​ទទួល​ដីកាកោះ ហើយ​កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ លោក​បានដាក់​លិខិត​ស្នើសុំ​ពន្យា​ពេល​ចូល​ឆ្លើយបំភ្លឺ​។​

​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ បានចេញ​ដីកាកោះ​លោក ប៉ាង ងួនទៀង និង​លោក មឿ​ន តុលា ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ដាក​សួរ​បំភ្លឺ​អំពី​ដំណើររឿង​ពាក់ព័ន្ធ​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត កែម ឡី និង​បទ​រំលោភ​លើ​ទំនុកចិត្ត តាម​ពាក្យបណ្ដឹង​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។ ចំណែក​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​។​

​ការចេញ​ដីកាកោះ​នេះ គឺ​បន្ទាប់ពី​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​ប៉ាង ងួនទៀង និង​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ អតីត​គណៈកម្មការ​រៀប​ចំ​បុណ្យសព​លោក កែម ឡី រឿង​បាត់​លុយ​បុណ្យសព​។ ហើយ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ លោក ពេជ្រ ស្រស់ បាន​ចូលទៅ​ឆ្លើយបំភ្លឺ​ពី​ដំណើររឿង​ស្វែងរក​ការពិត​លើ​ប្រាក់​បច្ច័យ បានមកពី​ការចូល​បុណ្យសព លោក​បណ្ឌិត កែម ឡី តាម​ការកោះហៅ​របស់លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូម​ជ្រាបថា ទាក់ទង​បុណ្យសព​លោក​កែម ឡី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បុណ្យ​ជា​ថវិកា​ចំនួន ១ ម៉ឺន​ដុល្លារ​ជូន​ដល់​ក្រុមគ្រួសារ​សព​លោក បណ្ឌិត កែម ឡី ក្រោយពី​សារព័ត៌មាន រាយការណ៍​ថា​ក្រុមគ្រួសារ​សព​បាន​ខ្វះខាត​ថវិកា​ចំនួន ៧៨០០​ដុល្លារ​សម្រាប់​ចំណាយ​ទៅលើ​ពិធី​បុណ្យខួប​មួយឆ្នាំ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៧ និង​បានផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ សម្រាប់ធ្វើ​ការសង​សង់​ចេ​តេ​យ្យ​លោក​កែ ឡី​៕​ដោយៈ មុនីរាជ​

​លោក​មឿ​ន តុលា (​រូប​ថ​តៈ​ឯកសារ​)​

 

×