Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រាំ ចុះហត្ថលេខា​លើ​បទបញ្ជា ដើម្បី​ផ្អាក​ជនអន្តោប្រវេសន៍ ចូល​អា​មេ​រិច​មួយរយៈ

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅ​ថ្ងៃ​ពុធ​ថា លោក​បាន​ចុះ​ហត្ថ​លេខ​រួចរាល់​ហើយ​លើ​បទបញ្ជា ដើម្បី​ផ្អាក​កុំ​ឲ្យ​មាន​ការធ្វើ​អន្តោប្រវេសន៍ ចូល​ទឹកដី​អា​មេ​រិច ដោយ​លើក​ហេតុផល​ថា វិធានការ​នោះ​នឹង​អាចជួយ​ការពារ​ការងារ សម្រាប់​ពលរដ្ឋ​អា​មេ​រិច​ក្នុង​កំឡុង​វិបត្តិ​កូ​រ៉ូ​ណា​។​

​លោក​ថ្លែង​ក្នុ​សន្និសីទ​សារព័ត៌មាន​ថា “​ដើម្បី​ការពារ​កម្មករ​អា​មេ​រិច ខ្ញុំ​ទើបតែ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ ដើម្បី​ផ្អាក​បណ្តោះអាសន្ន​នូវ​អន្តោប្រវេសន៍ ចូល​ទឹកដី​អា​មេ​រិច​។ វិធានការ​នេះ​នឹង​ធានាថា ពលរដ្ឋ​អា​មេ​រិច​កាំ​ង​ដែល​គ្មាន​ការងារ​ធ្វើ​គ្រប់​ស្រទាប់វណ្ណៈ ទាំងអស់​នឹងមាន​អាទិភាព​មុនគេ​ក្នុង​ការទទួល​បានការ​ងារ នៅពេលដែល​សេដ្ឋកិច្ច​ពួកយើង​ចាប់​បើក​ឡើងវិញ​”​។​

​ការផ្អាក​រយៈពេល ៦០​ថ្ងៃ​បាន​ប៉ះពាល់​ទៅដល់​ប្រជាជន​ដែល បានដាក់​ពាក្យស្នើសុំ​រស់​នៅ​អចិន្ត្រៃយ៍ ឬក៏​ប័​ណ្ឌ​បៃតង​។ កម្មករ​ដែល​ធ្វើការ​ងារ​តាម​រដូវ ដូចជា​ជនអន្តោប្រវេសន៍​ដែលមាន​សារសំខាន់ ចំពោះ​ពលកម្ម​អា​មេ​រិច នៅតែ​អនុញ្ញាតិ​ឲ្យ​ចូល​ទឹកដី​អា​មេ​រិច​។​

​លោក​ត្រាំ ថ្លែងថា គាត់​កំពុង​ស្វែងរក​ការការពារ​ទីផ្សារការងារ សម្រាប់​ពលរដ្ឋ​អា​មេ​រិច នៅពេល​វេលា​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ ដោយមាន​មនុស្ស​ចំនួន ២២​លាន​នាក់ គ្មាន​ការងារ​ធ្វើ ដោយសារតែ​ការបិទ​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​វីរុស​។​

​លោក​បន្តទៀតថា “​បើ​គ្មាន​ការអន្តរាគមន៍​នោះទេ អា​មេ​រិច​ប្រឈម​នឹង​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច និង​ភាព​គ្មាន​ការងារ​ធ្វើ​ខ្ពស់​”​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន អា​មេ​រិច​គឺជា​ប្រទេស​ដែល​រងគ្រោះ ដោយសារ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ធ្ងន់ធ្ងរ​ជាងគេ ហើយ​រហូតមក​ដល់ពេលនេះ មាន​អ្នក​ឆ្លង​ទូទាំងប្រទេស​ជិត ៨៥០.០០០​នាក់ និង​ស្លាប់​ជាង ៤៦.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

×