ភ្នំពេញ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈម្ចាស់ចាក់សោទ្វារទុកចោល ហើយនាំគ្នាទៅលេងស្រុកកំណើត ហេតុការណ៍អគ្គិភ័យខាងលើនេះ បង្កឲ្យមានកាលភ្ញាក់ផ្អើលនៅវេលាម៉ោង២និង ៣០នាទីរៀល ថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០
ស្ថិតនៅផ្លូវលំភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហតុ បានឲ្យដឹងថា មុនពេលកើតហេតុ ឃ្លាំងអេតចាយខាងលើ ម្ចាស់បានចាក់សោទ្វារទុកចោល ហើយក៏នាំគ្នាទៅលេងស្រុកកំណើតលុះ នៅថ្ងៃកើតហេតុខាងលើ ស្រាប់តែគេឃើញមានអណ្តាតភ្លើង ឆេះចេញមកពីក្នុងឃ្លាំង បង្កឲ្យមានផ្សែងខ្មៅហុយយ៉ាងខ្មួលខ្មាញ់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌមានជ័យ ភ្លាមៗនោះដែរ ក៏មានរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ រថយន្តចំនួន២គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន២គ្រឿង ចេញទៅអន្តរាគមន៍ជួយបាញ់ពន្លត់ ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង៣និង២០នាទីថ្ងៃដដែល។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះឃ្លាំងអេតចាយខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងគ្រោះនោះទេ គ្រាន់តែខូចខាតសម្ភារអេតចាយអស់មួយចំនួនធំ និងឆេះឃ្លាំងស្តុកអេតចាយអស់ទាំងស្រុង៕ដោយ៖CEN