ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម បានឲ្យដឹងថា រោងចក្រថ្មីចំនួន៧៧ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងត្រីមាសទីមួយឆ្នាំ២០២០នេះ។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅព្រឹកថ្ងៃទី២៣ ខែមេសា នាទីស្តីការគណៈរដ្ឋមន្ត្រី លោក ហេង សុខគង់ រដ្ឋលេខាធិការនឹងជានាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ បានមានប្រសាសន៍ថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ គម្រោងវិនិយោគ និងបង្កើតរោងចក្រថ្មីចំនួន៧៧បន្ថែមទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុញ្ញាតឱ្យចាប់ដំណើរការ នៅតាមបណ្តាខេត្ត ក្រុង មានចំនួន ៧៧ ទោះបីជាកម្ពុជាកំពុងប្រឈមជាមួយនឹងវិបត្តិជំងឺឆ្លង Covid-19។
គម្រោងនេះនឹង ផ្តល់ឱកាសការងារប្រមាណ ២៧,៩០៩នាក់ ស្របពេលដែលរោងចក្រចំនួន៦ ត្រូវបានសម្រេចបិទទ្វារ ឈប់ដំណើរការទាំងស្រុង។
លោក សុខគង់ បញ្ជាក់ថា នៅក្នុងចំណោមរោងចក្រទាំង៧៧ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការនេះ ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍អនុញ្ញាតឱ្យដំណើរការចំនួន៧៤ អនុញ្ញាតដោយ សាលារាជធានីភ្នំពេញចំនួន០១ និងរោងចក្រដំណើរការឡើងវិញ ចំនួន០២។
លោកសុខគង់ថា៖«យើងឃើញថា ចំនួន៧៧ រោងចក្របានស្នើសុំបង្កើតឡើង ហើយក៏ជាមោទនភាពមួយដែល ក្នុងដំណាក់កាលមួយដែលកម្ពុជា របស់យើងនិងទូទាំងពិភពលោក កំពុងជួបប្រទះ បញ្ហាជំម្ងឺកូវីដ១៩ នេះ។ រោងចក្រមួយចំនួនប្រទេសមួយចំនួន គឺខ្វះវត្ថុធាតុដើម សម្រាប់ប្រើប្រាស់ក្នុងបណ្ដារោងចក្រ នេះ ដែលបានបិទរោងចក្រទាំងអស់។ ប៉ុន្តែកម្ពុជារបស់យើងខុសគ្នា ដែលរាជរដ្ឋាភិបាលឲ្យរោងចក្រទាំងអស់ ដំណើរការធម្មតា កម្មករទាំងអស់ថ្ងៃចូលឆ្នាំក៏ធ្វើការធម្មតា នេះជាលក្ខណៈពិសេសមួយរបស់ប្រទេសកម្ពុជា»។
លោកបន្តថា៖«ទី១ប្រទេសកម្ពុជាបង្ការបានការឆ្លងរាលដាលនៃជំងឺកូវីដនេះទៅកាន់សហគមន៍ទី ២ អ្វីដែលសំខាន់បំផុតកម្ពុជារបស់យើង មានលក្ខណៈពិសេសមួយមានមិត្តភាពល្អ ជាបងប្អូនល្អដៃគូល្អជាមួយប្រទេសចិន នៅពេលដែលកម្ពុជាយើង ជួបក្នុងការលំបាកពិសេសកង្វះវត្ថុធាតុដើម ចិនផ្ដល់ឲ្យកម្ពុជាជាប្រទេសទី១ នៅលើពិភពលោក ដែលផ្ដល់វត្ថុធាតុដើមឲ្យកម្ពុជាយើង ថ្វីត្បិតមិនទាន់គ្រប់គ្រាន់មែន ប៉ុន្តែជាជំហានបន្តបន្ទាប់ទាំងអស់នេះ ធានាបាននូវនិរន្តរភាព ដំណើរការនៃខ្សែសង្វាក់ផលិតរោងចក្ររបស់កម្ពុជាយើង រោងចក្រមួយចំនួន គេមើលឃើញប្រទេសមួយចំនួន អត់មានវត្ថុធាតុដើមផង ប៉ុន្តែកម្ពុជារបស់យើងអាចធានា បាននូវវត្ថុធាតុដើម ដើម្បីដំណើរការរោងចក្រមកបង្កើតថ្មី»។
គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២០នេះ រោងចក្រដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ មានចំនួន ១.៨០១ រោងចក្រ ដែលក្នុងនោះផ្តល់ឱកាសការងារដល់កម្មករ-កម្មការិនី ប្រមាណ ១.០៦៣.០៣១ នាក់ ៕ដោយ៖សម្ផស្ស