បាត់ដំបង៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានចុះចាប់ឃាត់រថយន្ត ដែលធ្វើចរាចរណ៍លើដងផ្លូវ ក្នុងក្រុងបាត់ដំបង មានផ្ទុកនិងដឹកទំនិញសំពីងសំពោងខុសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នាំយកមកកាន់ស្នងការដ្ឋាន ឲ្យម្ចាស់រថយន្តធ្វើកំណត់ហេតុនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព ហើយឲ្យម្ចាស់រថយន្តផ្ទេរចេញនូវទំនិញ ដែលផ្ទុកសំពីងសំពោងនោះចេញ ពីរថយន្ត មុននឹងធ្វើការផាកពិន័យ ស្របទៅតាមបទប្បញ្ញតិ្ត នៃច្បាប់ចរាចរណ៍ផ្លូវគោក ទើបឲ្យចាកចេញទៅវិញ។
លោកវរសេនីយ៍ទោ ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការអនុវត្តនេះតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងព្រមទាំងទទួលបាននូវមតិ ដឹកនាំរបស់លោកស្នងការរងទទួលផែន។
លោកវរសេនីយ៍ទោ ចាន់ សុធី បានដឹកនាំកងកម្លាំងក្នុងការិយាល័យជំនាញចុះចាប់ឃាត់ និងនាំយកនូវរថយន្តដែលធ្វើចរាចរណ៍ លើដងផ្លូវក្នុងក្រុងបាត់ដំបង មានផ្ទុកនិងដឹកទំនិញសំពីងសំពោង ខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមន្ត្រីនគរបាលកំពុងអនុវត្តរាល់ថ្ងៃ។ ពេលនាំយកមកកាន់ស្នងការដ្ឋាន ម្ចាស់រថយន្តទាំងនោះ ត្រូវបានមន្ត្រីជំនាញធ្វើកំណត់ហេតុសាកសួរ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ក្នុងករណីម្ចាស់រថយន្ត នៅតែបន្តប្រព្រឹត្តិល្មើសច្បាប់នោះ ត្រូវអនុវត្តស្របតាមច្បាប់ ដោយមិនអនុគ្រោះឬលើកលែងឡើយ។ ក្រៅពីនេះបានតម្រូវឲ្យធ្វើការផ្ទេរ ចេញនូវទំនិញដែលផ្ទុកសំពីងសំពោងនោះចេញ ពីរថយន្តមុននឹងធ្វើការផាកពិន័យ ស្របទៅតាមបទប្បញ្ញតិ្តនៃច្បាប់ទើបឲ្យចាកចេញទៅវិញ។
លោកវរសេនីយ៍ទោ ចាន់ សុធី បានបញ្ជាក់ថា ការរឹតបន្តឹងនូវយានយន្តដឹកសំពីងសំពោងនេះ នៅមានកត្តាល្មើសច្បាប់ចរាចរណ៍ជាច្រើន ទៀតដែលកំពុងកើតមាន ហើយការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវភារកិច្ចរបស់មន្ត្រីអនុវត្តច្បាប់នេះ ចាំបាច់ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់យានយន្តទាំងអស់។ សូមបញ្ឈប់នូវករណីដឹកសំពីងសំពោង បន្តទៅទៀត ព្រោះថានៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ការអនុវត្តនូវខ្លឹមសារអនុក្រឹត្យថ្មី របស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តវិធានការផាកពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដែលនឹងត្រូវចាប់ផ្តើមអនុវត្តហើយ។ ពេលនោះការផាកពិន័យចំពោះអំពើល្មើសច្បាប់ នឹងមានចំនួនទឹកប្រាក់ច្រើន ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិតបងប្អូន និងដើម្បីសង្គមជាតិយើងទាំងមូល ពិសេសកុំឲ្យអស់ប្រាក់ ដោយករណីផាកពិន័យនេះ៕ ដោយ ៖ អ៊ុងសារុំ