ភ្នំពេញ៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានប្រកាសការចាប់ដៃគូសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក គឺក្រុមហ៊ុន Microsoft ក្នុងការចែកចាយកម្មវិធី OFFICE 365 នៅកម្ពុជានាថ្ងៃសុក្រ ទី១៩ មករា នេះ។ ក្នុងនាមជា Microsoft CSP Partner ដំបូងគេនៅកម្ពុជា ក្រុមហ៊ុន EZECOM មានសិទ្ធិចែកចាយដោយស្របច្បាប់នូវកម្មវិធី OFFICE 365 ដែលជាបណ្តុំកម្មវិធីកុំព្យូទ័រចុងក្រោយបំផុត ដែលប្រមូលផ្តុំនូវមុខងារពិសេសៗជាច្រើន និងអនុញ្ញាតអោយអ្នកប្រើប្រាស់មានផលិតភាពការងារ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ការដែលក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនដ៏ធំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក សម្រេចចិត្តជ្រើសរើស EZECOM ជា Cloud Service Provider (CSP) ដំបូងគេនៅកម្ពុជាយ៉ាងដូច្នេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Microsoft មានទំនុកចិត្តចំពោះគុណភាពរបស់ក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់ EZECOM ក្នុងការចែកចាយបន្តនូវផលិតផលរបស់ខ្លួនទៅដល់អតិថិជននានា។
ផលិតផលសំខាន់បំផុតមួយសម្រាប់អតិថិជនគឺ Office 365 ដែលជាបណ្តុំកម្មវិធីការិយាល័យសំបូរបែប រួមមាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែមានភាពបត់បែននិងចល័តភាពខ្ពស់ ដោយអាចប្រើប្រាស់យ៉ាងងាយស្រួលតាមទូរស័ព្ទស្មាតហ្វូន អាចចែករំលែកនិងរក្សាទុកឯកសារយ៉ាងងាយស្រួលនិងមានសុវត្ថិភាពលើបណ្តាញ Cloud មានប្រព័ន្ធអ៊ីមែលថ្មី មុខងារផ្ញើសារ និងអាចឆ្លងឆ្លើយតាមវីដេអូខលក្នុងកម្រិត HD ជាមួយក្រុមការងារនិងអតិថិជនទៀតផង។ បណ្តុំកម្មវិធីទាំងមូលមានមូលដ្ឋានលើបណ្តាញ Cloud ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនង គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលមានសេវាអ៊ីនធឺណិត តាមរយៈកម្មវិធីផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។
សម្រាប់រាល់អ្នកប្រើប្រាស់ម្នាក់ៗ គាត់នឹងទទួលបានទំហំធំរហូតដល់ ១ តេរ៉ាបៃត៍ (TB) សម្រាប់រក្សាទុកនិងចែករំលែកឯកសារនៅលើអ៊ីនធឺណិត ហើយរាល់ឯកសារទាំងអស់នឹងត្រូវបានការពារយ៉ាងមានសុវត្ថិភាពដោយបច្ចេកវិទ្យាចុងក្រោយពីក្រុមហ៊ុន Microsoft និងអាចស្ដារមកវិញបានងាយស្រួល។
លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “ក្រុមហ៊ុន EZECOM ពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលត្រូវបានក្រុមហ៊ុន Microsoft ជ្រើសរើសជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការចែកចាយផលិតផលនិងសេវាដ៏ពិសេសនេះនៅកម្ពុជា ហើយអ្វីដែលកាន់តែគួរអោយមានមោទនភាពនោះ គឺយើងបានក្លាយជាដៃគូផ្លូវការដំបូងគេនៅកម្ពុជាទៀតផង។”
លោកបានបន្ថែមទៀតថា “តាមរយៈការផ្តល់ជូននូវផលិតផលនិងសេវាកម្មថ្មីៗទាំងនេះ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន EZECOM កំពុងរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃសហគ្រាសទាំងតូចនិងធំនៅកម្ពុជា។”
ក្រុមហ៊ុន EZECOM ក៏បានបញ្ជាក់ផងដែរថា ខ្លួនបាននិងកំពុងត្រៀមខ្លួនយ៉ាងស្វិតស្វាញ ដើម្បីធានាថាគ្រប់យ៉ាងមានភាពរលូនល្អក្នុងការផ្តល់ជូនសេវាថ្មីនេះដល់អតិថិជនទាំងអស់ ក៏ដូចជាធានាថាអតិថិជនទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញបំផុតពីសេវាកម្មនេះ។
លោកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារនិងប្រតិបត្តិការ នៃក្រុមហ៊ុន Microsoft បានមានប្រសាសន៍ថា “ការជ្រើសរសើក្រុមហ៊ុន EZECOM ជាដៃគូ Cloud Solutions Partner ដំបូងគេនៅក្នុងប្រទេសកម្ពុជា គឺជាការសម្រេចគោលដៅដ៏សំខាន់មួយទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Microsoft ក្នុងទីផ្សារមួយនេះ។ ដើម្បីសំរេចបាននូវចក្ខុវិស័យរបស់យើង ក្នុងការលើកកម្ពស់សមត្ថភាពមនុស្សនិងស្ថាប័នទាំងអស់នៅលើពិភពលោក យើងចាំបាច់ត្រូវការដៃគូល្អៗដែលដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយទៅដល់អតិថិជន។ ជាមួយនឹងជំនាញយូរឆ្នាំ និងវត្តមានរឹងមាំនៅក្នុងប្រទេសកម្ពុជា យើងជឿជាក់ថាក្រុមហ៊ុន EZECOM នឹងអាចជួយអតិថិជនអោយទទួលអត្ថប្រយោជន៍ច្រើនបំផុតពីការប្រើប្រាស់កម្មវិធី Office 365 នៅក្នុងប្រទេសកម្ពុជា”៕ ដោយ៖កូឡាប