បន្ទាយមានជ័យ ៖ សមត្ថកិច្ចបានបញ្ជូនទៅឃុំជនសង្ស័យ ដែលធាក់ផ្តួលរួចដណ្តើមយកម៉ូតូក្មេងស្រីសិស្សសាលា ហើយទុកម៉ូតូចាស់ខ្លួនឯងចោល។ សូមរំលឹកថា កាលពីម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងជើងភោជនីយដ្ឋាននាគទិព្វ២ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ។
លោកវរសេនីយ៍ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងថា៖ ចោរលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ) នោះពាក់អាវពណ៌ខ្មៅដៃវែង ខោខ្លីក្រោមជង្គង់ ពាក់មួកខ្លប់ពណ៌ខ្មៅ បានជិះម៉ូតូ១គ្រឿង ម៉ាកវេវ ។
គេបើកបរម៉ូតូចាស់នោះពីក្រោយជនរងគ្រោះឈ្មោះ ប៉ាល់ សុថារី ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ជិះពីទិសខាងជើងទៅទិសខាងត្បូង ដែលបើកបរម៉ូតូម៉ាកហុងដាស្យ៊ូមមឺអេច ពណ៌ទឹកក្រូចលាយខ្មៅ សេរី២០១៥ ។
ជនសង្ស័យបានបើកហួសម៉ូតូក្មេងរងគ្រោះបានប្រហែល១០ម៉ែត្រ ក៏ត្រឡប់មកវិញ ហើយលើកជើងធាក់ម៉ូតូ ជនរងគ្រោះដែលកំពុងជិះបណ្តាលអោយដួល ហើយវាក៏យកម៉ូតូនាងរងគ្រោះជិះគេចទៅទិសខាងត្បូងបាត់ទៅ។
ចំណែកម៉ូតូចាស់របស់ចោរទុកចោលនៅនឹងចំណុចកើតហេតុខាងលើ ត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ករណីនេះកម្លាំងជំនាញ និងប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវ។
លុះដល់វេលាម៉ោង២០នឹង២៣នាទីថ្ងៃខែឆ្នាំដដែលទើបកំលាំងយើងស្រាវជ្រាវចាប់មុខសញ្ញាបាន នៅចំណុចបរិវេណការស៊ីហ្គោឌិនក្រោននៅនឹងកន្លែងផ្ញើម៉ូតូស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានយកមកធិការរដ្ឋានដើម្បីសួរនាំ ។ ជនសង្ស័យបានឆ្លើយសារភាពលើករណីនេះ ។កំលាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅខេត្ត៕ ដោយ ៖ បន្ទាយ