ក្មេងស្រីចិនម្នាក់វ័យ ៧ឆ្នាំ ដែលកើតជំងឺមហារីក បានសរសេរសំបុត្រសុំឲ្យឪពុកយកខ្លួនត្រឡប់ទៅផ្ទះវិញ ដោយពុំចង់ឲ្យឪពុកត្រូវលំបាកវេទនា រកលុយព្យាបាលខ្លួន។ ក្មេងស្រីនេះ ក៏សង្ឃឹមថា ប្រសិនបើខ្លួនស្លាប់ទៅ នោះម្តាយដែលបានគេចទៅបាត់ នឹងវិលត្រឡប់មកជួបជុំជាមួយឪពុកវិញ។
ក្មេងស្រី Zhang Jiaye យំដោយការឈឺចាប់នៅមន្ទីរពេទ្យ និងសំបុត្រគួរឲ្យរំភើបដែលប្អូនស្រីសរសេរផ្ញើឲ្យឪពុក
តាមគេហទំព័រ K618.CN សំបុត្រមួយច្បាប់នេះ បានធ្វើឲ្យសាធារណមតិចិនរញ្ជូលចិត្ត ព្រោះម្ចាស់សំបុត្រវ័យ៧ឆ្នាំ ឈ្មោះ Zhang Jiaye រស់នៅភូមិតូចមួយ Jiamusi, ខេត្ត Heilongjiang។ នាងតូចកើតជំងឺមហារីកឈាមតាំងពីខែឧសភា ឆ្នាំ២០១៦ ហើយក៏ត្រូវបានព្យាបាលក្នុងមន្ទីរពេទ្យ។
តាម SCMP បានដកស្រង់ផ្នែកនៃការសរសេរសំបុត្រនិយាយថា “ពុក! ថ្ងៃនេះកូនបានឃើញពុកយំ កូនពិបាកចិត្តណាស់។ កូនដឹងថាដើម្បីព្យាបាលជំងឺកូន ពុកបានចំណាយលុយដ៏ច្រើន។ ពេលនេះពុកប្រាកដជាអស់លុយហើយ។ ម្តាយក៏ចាកចេញទៅបាត់ទៀត។ ទាំងអស់នោះជាកំហុសរបស់កូន។ ប្រសិនបើកូនស្លាប់ទៅម៉ែនឹងវិលត្រឡប់មកជួបជុំជាមួយពុក និងចែករំលែកសុភមង្គលជាមួយគ្នាដូចពេលមុន។ កូនពុំចង់ព្យាបាលជំងឺទៀតទេណាពុក។ ពុក! អើយពុក! យើងទៅផ្ទះយើងវិញទៅ”។
បុរសជាឪពុកឈ្មោះ Zhang Mingliang ឲ្យដឹងថា កូនរបស់ខ្លួនបានឆ្លងកាត់ការព្យាបាលដោយគីមី ១៨លើកហើយ ក្នុង១ឆ្នាំកន្លងមក ហើយបានចំណាយអស់លុយជាង ៩២០០០០ដុល្លារ។ ម្តាយរបស់នាងក៏បានចាកចេញទៅចោលកាលពីខែកក្កដា ឆ្នាំ ២០១៧ ។ ប៉ុន្តែគាត់នៅបន្តអះអាងថា នឹងពុំបោះបង់ចោលឱកាសព្យាបាលកូនឡើយ។
បច្ចុប្បន្ន តាម SCMP សំបុត្រនេះត្រូវបានបង្ហោះលើបណ្តាញសង្គម ដោយរបៀបណាទេ ប៉ុន្តែការគិតគូររបស់ក្មេងស្រីមានវ័យទើប ៧ឆ្នាំ បានអង្រួនបេះដូងពលរដ្ឋចិន។ សប្បុរសជនទាំងឡាយបានរួមវិភាគទានជួយព្យាបាលជំងឺឲ្យក្មេងស្រីរូបនេះ។ រហូតថ្ងៃទី ២៦ មករា គ្រួសាររបស់ទទួលបានប្រាក់ 94,000 ដុល្លារ។
ទន្ទឹមនឹងសាធារណមតិទាំងឡាយលើកឡើងក្នុងបណ្តាញសង្គមចិនអំពាវឲ្យចែករំលែកការលំបាករបស់ក្មេងស្រី Jiaye ហើយស្នើសុំឲ្យរដ្ឋាភិបាលចិនបង្កើតឲ្យមានគោលយោបាយជួយឧបត្ថម្ភអ្នកក្រីក្រពុំមានលទ្ធភាពព្យាបាលជំងឺ។
“ពិតជាឈឺចាប់ណាស់ គ្រាដែលឪពុកម្តាយខ្លួនសំលឹងឃើញកូនឈឺចុកចាប់នេះ ។ ប្រការនេះកាន់តែធ្វើឲ្យគេអស់សង្ឃឹមពើតផ្សាថែមទៀត គ្រាដែលកី្តសង្ឃឹមចុងក្រោយត្រូវបានពន្លត់ ព្រោះតែខ្លួនក្រ”។ សប្បុរសជនម្នាក់បានថ្លែងយ៉ាងដូច្នេះ៕ សូយន