Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់ ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៨​នេះ​នៅ​សាលប្រជុំ​នៃ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។

លោក ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​ថ្លែង​រំលឹក​ខួប​គម្រប់​២០​ឆ្នាំ​នៃ​ថ្ងៃកំណើត គ​.​ជ​.​ប​ព្រោះថា​យើង​មិន​មាន​ពេលវេលា​ច្រើន​ដើម្បិ​ជួបជុំ​គ្នា​រំលឹក​ខួបកំណើត​នេះ​ទេ​។ គ​.​ជ​.​ប ដែល​បាន​បង្កើត​ដំបូង​នេះ មាន​ការលំបាក​ច្រើន​ណាស់ ទោះបីជា​មាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ច្រើន​ទាំង​ផ្នែក​ថវិកា សម្ភារៈ និង​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​យ៉ាងណាក៏ដោយ ហើយ​ការលំបាក​ទាំងនោះ​មានដូចជា​ផ្នែក​ច្បាប់ ការរៀបចំ​បទបញ្ជា​និង​នីតិវិធី​និង​ការផលិត​ឯកសារ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត និង​ការខ្វែងគំនិត​គ្នា​រវាង គ​.​ជ​.​ប និង​សហភាព​អឺរ៉ុប ជាដើម​។​

​លោក​បន្តថា ទោះបិ​មាន​បញ្ហា​ច្រើន​យ៉ាងក៏​ដោយ ក៏ គ​.​ជ​.​ប និង​មន្ត្រី​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​នៅ​ពេល​នោះ បាន​ពុះពារ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​ការបោះឆ្នោត​មួយ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ហើយ​ដែល​ជោគជ័យ​នេះ​ត្រូវបាន​សហគមន៍​អន្តរជាតិ​វាយតម្លៃ​ថា​ជា​អច្ឆរិយ​នៃ​ដង​ទន្លេមេគង្គ នេះ​គឺជា​លទ្ធផល​គួរ​ជាទី​មោទកភាព​ណាស់ ដែល​ខ្មែរ​រៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯងបាន ហើយ​ធ្វើ​ដោយ​ឥត​មាន​បទពិសោធន៍​រៀបចំ​ការបោះឆ្នោត​ទាល់តែសោះ​។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​២ ឆ្នាំ​១៩៩៨ គឺជា​មេរៀន​ពិសោធន៍​ដ៏​សំខាន់​សម្រាប់​មន្ត្រី គ​.​ជ​.​ប​. គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នានា ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការបោះឆ្នោតជាបន្ត​បន្ទាប់​។

​លោក​បាន​បញ្ជាក់ថា​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ គ​.​ជ​.​ប​. បាន​រៀបចំ​ការបោះឆ្នោត​បាន​ចំនួន​១៣​លើក​រួច​ហើយ​គឺ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន​៤​លើក គឺ​នៅ​ឆ្នាំ​១៩៩៨ ២០០៣ ២០០៨ និង​ឆ្នាំ​២០១៣​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៤​លើក គឺ​នៅ​ឆ្នាំ​២០០២ ២០០៧ ២០១២ និង​ឆ្នាំ​២០១៧​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១២​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៤ និង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​ការបោះឆ្នោត​បំពេញ​អាណត្តិ​) គឺ​នៅ​ឆ្នាំ​២០១១​។ នេះ​មិន​ទាន់​គិត​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ដែល គ​.​ជ​.​ប​. បាន​ធ្វើ​ចាប់តាំងពី​ឆ្នាំ​២០០៤ មកម្ល៉េះ​នោះទេ​។

​លោក​បន្តថា ជា​ប្រវត្តិសាស្ត្រ​ពិត​របស់ គ​.​ជ​.​ប​. ដែល​យើងទាំងអស់គ្នា​ត្រូវតែ​ចងចាំ​នូវ​ព្រឹត្តិការណ៍​ទាំងអស់នេះ និង​ចងក្រង​ជា​ឯកសារ​សម្រាប់​ទុកជា​ប្រវត្តិសាស្ត្រ​នៃ​ស្ថាប័ន​របស់​យើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។ ដូច្នេះ​មកដល់ពេលនេះ គ​.​ជ​.​ប​. មាន​មន្ត្រី​ដែល​មាន​បទពិសោធន៍​លើ​ការងារ​រៀបចំ គ្រប់គ្រង​និង​ចាត់ចែង​ការងារ​បោះឆ្នោត​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅតាម​រាជធានី ខេត្ត ហើយ​គ​.​ជ​.​ប​.​គ្មាន​សាលា​ណា​បង្រៀន​ពី​ការរៀបចំ គ្រប់គ្រង និង​ចាត់ចែង​ការបោះឆ្នោត​ទេ​។ មន្ត្រី គ​.​ជ​.​ប​. ក្រៅ​ពី​ការអនុវត្ត​ការងារ​រៀបចំ គ្រប់គ្រង ចាត់ចែង​ការងារ​បោះឆ្នោត​ដោយផ្ទាល់ និង​បាន​បើក​វគ្គ​បំប៉ន ដោយ​បាន​អញ្ជើញ​អ្នក​មាន​ជំនាញ​ពី​អង្គការ​បោះឆ្នោត​ល្បីៗ មក​បង្ហាត់បង្រៀន ហើយក៏​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូលរួម​សិក្ខាសាលា និង​សង្កេតការណ៍​បោះឆ្នោត​នៅ​បរទេស​ជាច្រើន​លើក ច្រើន​សារ​ទៀត​ផង​៕​ ដោយ​៖​កូឡាប​

spot_img
×