ភ្នំពេញ៖ ការបោះ ចោលសំរាមពាសវាលពាសកាល ពីសំណាក់មនុស្សជាទូទៅ នៅ គ្រប់ទីកន្លែងរាប់តាំងពីនៅ មុខផ្ទះ តាមចិញ្ចើមផ្លូវ និងនៅ តាមទីសាធារណៈ នានា មិនមែនជា រឿងថ្មីនោះ ទេ ពោលគឺជាទម្លាប់ដ៏អាក្រក់មួយ ដែលបានកើតមានតាំងពីយូរមកហើយ ។ ការបោះចោលសំរាមយ៉ាងអាណាធិបតេយ្យនេះ ត្រូវបានសង្កេតឃើញពុំមែនមានតែនៅតាមដងផ្លូវសាធារណៈប៉ុណ្ណោះទេ គឺនៅតំបន់ទេសចរណ៍ សំខាន់ៗមួយចំនួនរួម ទាំង ប្រាសាទអង្គរវត្តផងដែរ ជាពិសេស នៅពេលកម្ពុជា ប្រារព្ធពិធីបុណ្យនានា ដែលមានភ្ញៀវទេសចរ ដើរកម្សាន្តច្រើន ។
ជាការពិតណាស់ សំរាមជាទូទៅ នៅតាមតំបន់ទេសចរណ៍នោះ គេតែងតែប្រទះឃើញមានដូចជា៖ ដបទឹកសុទ្ធ កំប៉ុងទឹកក្រូច កំប៉ុងស្រាបៀរ ប្រអប់ស្នោដាក់អាហារ ថង់ប្លាស្ទីក និងកាកសំណល់ចំណីអាហារ ជា ដើម។
កង្វះការយល់ដឹងអំពីបរិស្ថាន ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមិនយកចិត្តទុកដាក់ ចំពោះការបោះចោល និង ការគ្រប់គ្រងសំរាមឲ្យបានល្អ នោះសាលារៀន គឺជាកន្លែងទី ២ ដែលត្រូវអប់រំកុមារយុវជន និងពលរដ្ឋឲ្យបានយល់ដឹង អំពីផលប៉ះពាល់បរិស្ថាន ដោយសារសំរាម ។
ដោយនៅតែមើលឃើញថា ការបោះចោលសំរាមយ៉ាងអាណាធិបតេយ្យ នៅតែជាបញ្ហាដដែលជាដដែល ជាពិសេសនៅតាមសួនច្បារសំខាន់ក្នុងទីក្រុង ដែលមានភ្ញៀវទេសចរមកលំហែកម្សាន្តនោះ ថ្មីៗនេះ ក្រុមប្អូនៗជាសិស្សសាលាមួយក្រុម មកពីមជ្ឈមណ្ឌល ភាសា Aii ដែលមានប្អូនស្រី ហេង សិរីយ៉ា និង សុខណាក់ សិរិវឌ្ឍនា ដើរតួសម្តែងជាអ្នកហូបបោះសំរាមចោល និងប្អូនស្រី សុទ្ធ រក្សា ដើរតួជាអ្នកអប់រំ និងរើសសំរាមពីទីសាធារណៈដាក់ចូលធុង ដោយនិយាយជាភាសាអង់គ្លេសបានយ៉ាងល្អ ដើម្បីអប់រំដល់យុវជនដទៃ និងក៏ដូចជាប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដោយបញ្ឈប់នូវរាល់សកម្មភាព បោះចោលសំរាមក្រៅធុងតទៅទៀត៕ ដោយ៖ លឹម ហុង
សូមទស្សនាវីដេអូខាងក្រោម៖