Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦​ថ្ងៃ នៅ​ភ្នំពេញ គ្មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ឃាត់​យានយន្តល្មើសច្បាប់​សរុប ៥២៨១​ គ្រឿង និង​កោះហៅ​មនុស្ស​ទំនើង ៣​នាក់ មក​អប់រំ

ភ្នំពេញ​៖ យុទ្ធនាការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៦​ថ្ងៃ ពី​សំណាក់​កម្លាំង​នគរបាល​សេចក្តីរាយការណ៍ ពី​ការិយាល័យ​នគរបាល​ចរាចរណ៍ រាជធានី​ភ្នំពេញ ឱ្យដឹងថា គ្មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នោះឡើយ មានតែ​អ្នកទទួល​រងរ​បួ​សប៉ុ​ណ្ណោះ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ មនុស្ស​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​ការងារ​សន្តិសុខ ឃាត់ខ្លួន និង​អប់រំ​ឱ្យ​ដោយ​ឱ្យធ្វើ​កិច្ចសន្យា បញ្ឈប់​កម្ម​ភាព ហើយ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយពី​ពួកគេ​បាន​ប្រមាថ និង​ចោទប្រកាន់ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មកលើ​សមត្ថកិច្ច ធ្វើឱ្យ​មហាជន​មានការ​ភាន់ច្រឡំ​។​

​រាជធានី​ភ្នំពេញ មុននឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវបាន​អ្នកជំនាញ​ប៉ាន់ប្រមាណ​ថា ក្នុង​០១​ថ្ងៃ​គិត​ជា​មធ្យម​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មនុស្ស​ស្លាប់​ម្នាក់​។​ក្នុងអំឡុងពេល​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​០៦​ថ្ងៃ ចំនួន​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​ក៏មាន​ការថយចុះ​ផងដែរ​។ លទ្ធផល​កិច្ចប្រតិបត្តិការ​នៃ​យុទ្ធនាការ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ឃាត់​យានយន្ត​ល្មើសច្បាប់​សរុប ៥.២៨១​គ្រឿង ក្នុងនោះ​ម៉ូតូ ៤.៤៩០​គ្រឿង រថយន្ត​តូចធំ ៧៩១​គ្រឿង ដើម្បី​អនុវត្តតាម​អនុក្រឹត្យ​លេខ​៣៩ ស្តីពី​ការផាកពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​។

​ក្នុង​ពេលវេលា នៃ​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរ​រាច​រណ៍​ផ្លូវគោក នៅក្នុង​រាជធានី​ភ្នំពេញ មាន​មនុស្ស​៣​នាក់​(​ស្រី​ម្នាក់​) ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​ការងារ​សន្តិសុខ ក៏​ត្រូវបាន​ឃាត់ខ្លួន និង​អប់រំ​ឱ្យ​ដោយ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​កម្ម​ភាព ហើយ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ក្រោយពី​ពួកគេ​ទាំង​៣​នាក់​នោះ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ព័ត៌មាន​មិន​ពិត​រឿង​ចាស់ បង្ហោះ​រូបភាព​វីដេអូ​ការប្រមាថ និង​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ធ្វើឱ្យ​មហាជន​មានការ​ភាន់ច្រឡំ បង្ក​ឱ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​មកលើ​សម​ត្ថ​កិច្ច​អនុវត្ត​ច្បាប់​ដែល​បាន​បំពេញភារកិច្ច​ត្រឹមត្រូវ​អនុវត្តតាម​គោលការណ៍​ច្បាប់ បទបញ្ជា និង​គោរព​វិជ្ជាជីវៈ​នគរបាលជាតិ​។ សំដៅ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នាំមក​នូវ​សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អ្នក់ប្រើប្រាស់​ផ្លូវថ្នល់​ទូទៅ​។
​គ្រា​ដែល​គេ​មើលឃើញថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជា​រៀងរាល់ថ្ងៃ រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០១៩​កន្លងទៅនេះ មាន​អ្នកស្លាប់​ចំនួន ៣៣៨​នាក់ អ្នករងរបួស​ធ្ងន់ និង​ស្រាល ១.៧៣២​នាក់ មូលហេតុ​ដោយ​ការបើកបរ​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ទន្ទឹម​ដែល​ការចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ​ផងដែរ គឺមាន​មនុស្ស​មួយចំនួន​មិន​ពេញចិត្ត ហើយ​រិះគន់​ទៅលើ​ការអនុវត្ត​ច្បាប់ ដោយ​មិនបាន​យល់​អំពី​សារសំខាន់ នៃ​ការអនុវត្ត​ច្បាប់​ក្នុង​ការធានា ស្ថិរភាព សុវត្ថិភាព អាយុជីវិត និង​ទ្យ​ព្យ​សម្បត្តិ​។

​ដោយឡែក​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នោះ ក៏​ត្រូវគេ​មើលឃើញថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​គាំទ្រ នូវ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា សំដៅ​កាត់បន្ថយ​អ្នកស្លាប់​និង​អ្នករងរបួស​។​

បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យដឹងថា ប្រៀបធៀប​ក្នុង​រយៈពេល​៥​ថ្ងៃមុន ថ្ងៃ​អនុវត្ត​និង​អំឡុងពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​រាជធានី​ភ្នំពេញ បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​២​លើក ថយ​អ្នកស្លាប់​៤​នាក់ ចំណែក​អ្នករងរបួស​ធ្ងន់​និង​ស្រាល​១៣​នាក់​ស្មើគ្នា​។​

​ការថយចុះ​អ្នកស្លាប់ និង​ថយចុះ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​បែប​នោះ ត្រូវគេ​មើលឃើញថា ប្រជាពលរដ្ឋ​ភាគច្រើន​កំពុងតែ បាន​នឹងចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក យ៉ាង​ខ្ជាប់ខ្ជួន​។ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ប៉ុណ្ណោះ នៅតែ​បើកបរ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​។

​ការអនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល​៦​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ ដំណើរការ​ទៅបាន​រលូន អនុវត្ត​ដោយ​តម្លាភាព ប្រសិទ្ធភាព និង​គ្មាន​អំពើហិង្សា ដែល​បង្ក​ការរាំងស្ទះ​ដល់​ការអនុវត្តន៍​ច្បាប់​នោះឡើយ៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

×