ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានពណ៌នាថា ការរាតត្បាតវីរុស COVID-19 ជាការវាយប្រហារដ៏អាក្រក់បំផុតដែលមិនធ្លាប់មានលើសហរដ្ឋអាមេរិច ដោយលោកចង្អុលដាក់ចិន។
លោកថ្លែងថា ការផ្ទុះវីរុសបានវាយប្រហារអាមេរិច ខ្លាំងជាងការទម្លាក់គ្រាប់បែករបស់ជប៉ុន មកលើកំពង់ផែ Pearl Harbor ក្នុងសង្គ្រាមលើកលើកទី ២ ឬការវាយប្រហារលើអគារពណិជ្ជកម្មពិភពលោក កាលពីឆ្នាំ ២០០១ទៅទៀត។
រដ្ឋបាលរបស់លោកកំពុងថ្លឹងថ្លែង ពីវិធានការប្រឆាំងនឹងប្រទេសចិន ជុំវិញការគ្រប់គ្រងការផ្ទុះវីរុសរបស់ចិន។
ទីក្រុងប៉េកាំងនិយាយថា អាមេរិចចង់បង្វែរការឆ្លើយតបរបស់ខ្លួន ទៅនឹងការរាតត្បាតវីរុស។
ចាប់តាំងពីផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីខែធ្នូឆ្នាំមុន វីរុសដ៏កាចសាហាវនេះ បានផ្តាច់ជីវិតពលរដ្ឋអាមេរិចជាង ៧៣.០០០នាក់ និងឆ្លងដល់មនុស្សជាង ១.២០០.០០០នាក់នៅអាមេរិច។
លោកត្រាំថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា “ពួកយើងបានឆ្លងកាត់ការវាយប្រហារ ដ៏អាក្រក់បំផុតដែលប្រទេស ពួកយើងមិនធ្លាប់ជួបប្រទះ។ នេះជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់ជួប”។
“វាគឺជាការវាយប្រហារដ៏អាក្រក់បំផុតជាង ការវាយប្រហារលើកំពង់ផែ Pearl Harbor។ វាអាក្រក់ជាងការវាយប្រហារ លើអគារពាណិជ្ជកម្មពិភពលោក។ មិនមានការវាយប្រហារណាអាក្រក់ដូចនេះឡើយ”។
លោកថា “វាមិនគួរកើតឡើងឡើយ។ វាគួរតែត្រូវបានបញ្ឈប់នៅចិន”។
នៅពេលសួរថា តើគាត់មើលឃើញការផ្ទុះវីរុសនោះ ជាសកម្មភាពសង្គ្រាម ឬយ៉ាងណា លោកត្រាំ បានបញ្ជាក់ថា ការផ្ទុះវីរុសជាសត្រូវរបស់អាមេរិច ជាជាងចិន។
“ខ្ញុំចាត់ទុកសត្រូវដែលមើលមិនឃើញជាសង្គ្រាម។ ខ្ញុំមិនចូលចិត្តពីរបៀបវាមកដល់ទីនេះឡើយ ពីព្រោះវាគួរតែអាចត្រូវបញ្ឈប់បាន ប៉ុន្តែ ខ្ញុំចាត់ទុកសត្រូវ ដែលមើលមិនឃើញនោះជាសង្គ្រាម”។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា រហូតមកដល់ពេលនេះ បានសម្លាប់ជីវិតមនុស្សជាង ២៦៤.០០០នាក់ និងឆ្លងទៅកាន់មនុស្សជិត ៤.០០០.០០០នាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC