តាកែវ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា ប្រាក់បៀវត្សរ៍របស់គ្រូបង្រៀនកាន់តែមានការកើនឡើង ដូច្នេះលោកគ្រូអ្នកគ្រូ ត្រូវតែយកចិត្តទុកដាក់លើការបង្ហាត់បង្ហាញបង្រៀនដល់សិស្សអោយកាន់តែមានគុណភាពថែមទៀតលើចំណេះវិជ្ជារបស់ខ្លួនដែលមាន ដើម្បីអោយពួកគាត់បានក្លាយជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់ដឹកនាំប្រទេសជាតិរបស់យើងបន្តទៀត។
ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង លោក ឡោ វីរិទ្ធិ ជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ជំនួសប្រធានមន្ទីរចាស់ដែលដល់អាយុត្រូវចូលនិវត្តន៍ នៅព្រឹកថ្ងៃទី ២៣ ខែមករា ២០១៨ នៅសាលប្រជុំផែនការវិនិយោគខេត្តតាកែវ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានជំរុញដល់ថ្នាក់ដឹកនាំនៃមន្ទីរ ជាពិសេសប្រធានមន្ទីរថ្មី ដែលចូលមកកាន់មុខដំណែងជំនួសប្រធានមន្ទីរចាស់ត្រូវយកចិត្តទុកដាក់លើការចុះពិនិត្យចំពោះគ្រូបង្រៀនលើឥរិយាបទ និងជំរុញអោយពួកគាត់បង្រៀនសិស្សានុសិស្សអោយអស់ពីសមត្ថភាពដែលមាន ពីព្រោះថាមូលដ្ឋានគ្រឹះពីខាងក្រោមនេះគឺ ចំណុចសំខាន់ខ្លាំងណាស់សម្រាប់យុវជនម្នាក់ៗនៅក្នុងឆាកជីវិតរបស់ពួកគេ មុននិងខ្លាចជាថ្នាលមួយដ៏ល្អសម្រាប់ដឹកនាំប្រទេសជាតិទៅថ្ងៃខាងមុខ ។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវថ្មីដែលចូលមកកាន់មុខដំណែងជំនួសប្រធានមន្ទីរចាស់បានធ្វើការប្តេជ្ញាថា និងធ្វើការកែប្រែឥរិយាបទរបស់គ្រូបង្រៀនឡើងវិញ ថែមទាំងបង្កើនការចុះអធិការកិច្ចនៅតាម សាលារៀនអោយបានច្រើនជាងមុនថែមទៀត ដើម្បីពង្រឹងលើគុណភាពសិក្សា ពីគ្រូបង្រៀនផ្ទេរមកអោយសិស្ស ។
ទទឹមនិងមានការផ្តេជ្ញាចិត្តនេះដែរលោក អ៊ូច ភា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា សម័យនេះគឺជាសម័យថ្មីដែលប្រធានមន្ទីរថ្មីបានចូលមកកាន់មុខដំណែងជំនួសប្រធានមន្ទីរចាស់ ដូច្នេះបរិបទ និងគំនិតថ្មីលើការចូលរួម កំណែរទម្រងវិស័យអប់រំ គឺត្រូវតែមានការវិវិត្តន៏ទៅមុខ ជាបន្តទៀត ហើយការវិវត្តន៏ទៅមុខតទៅទៀតបាន ចាំបាច់ណាស់ត្រូវតែមានការសាម្គីភាពគ្នា លើការធ្វើការរួមគ្នាជាមួយមន្ត្រីអប់រំទាំងអស់ ទាំងលោកគ្រូ អ្នកគ្រូ បូករួមទាំងក្មួយៗជាយុវជន និងសិស្សានុសិស្សផ្ទាល់ផងដែរ ទើបវិស័យអប់រំរបស់យើង កាន់តែមានគុណភាព និងការទទួលស្គាល់ខ្ពស់៕ តាកែវ