Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ម៉ៃ តុលា​អតីត​អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ត្រូវបាន​ឃាត់ខ្លួន បញ្ជូនទៅ ACU រឿង​ពុករលួយ​កិបកេង​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ លោក ម៉ៃ​តុលា អតីត​អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន​ឃាត់ខ្លួន កាលពី​ម្សិលមិញ ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​ស្តីទី និង​ជា​អតីត​នាយក​បច្ចេកទេស​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​រង​ការដាក់ពិន័យ​ធ្ងន់ធ្ងរ​ជាងគេ ចំនួន​២​ចំណុច គឺ​មិនឱ្យ​ប៉ះពាល់​សកម្មភាព​កីឡា បាល់ទាត់​អស់​មួយជីវិត និង​ត្រូវបាន​សហព័ន្ធ​បញ្ជូន​សំណុំរឿង​ពុករលួយ​ទៅកាន់​តុលាការ​នោះ​។​

​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​បាន​បញ្ជាក់ថា «​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ហើយ នៅ​ថ្ងៃទី​៧ ខែឧសភា ហើយ​បច្ចុប្បន្ន​លោក ម៉ៃ តុលា កំពុង​ត្រូវបាន​សួរនាំ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ ដើម្បី​កសាង​សំណុំរឿង និង​អនុវត្តតាម​នីតិ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។​

​សូមបញ្ជាក់ថា មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ចំនួន ៤​រូប​ដែល​ត្រូវបាន​គណៈកម្មាធិការ​ប្រតិបត្តិ​សម្រេច​ដក​មុខតំណែង និង​ព្យួរ​មិន​ឲ្យ​ធ្វើ​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត ដែល​ធ្វើ​ឲ្យ​កក្រើក​នៅក្នុង​មជ្ឈដ្ឋាន​កីឡាបាល់ទាត់ FFC ត្រូវបាន​មន្ត្រី​នៅក្នុង​សហព័ន្ធ​ទម្លាយ​ប្រាប់​ជា​សាធារណៈ​ថា គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ នឹង​អំពើពុករលួយ ឃុបឃិត​ជា​ប្រព័ន្ធ​ចាប់តាំងពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០២០ ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​។​

​ទំហំ​ទឹកប្រាក់​នៅក្នុង​អំពើ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ត្រូវបាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​រកឃើញ​មាន​ទឹកប្រាក់​ប្រមាណ ៥៩៧៣៦​ដុល្លារ គិត​ចាប់តាំងពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៩ ហើយ​នេះ​មិន​រាប់បញ្ចូល​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​ជាច្រើន នាពេល​កន្លង​នោះឡើយ​។​

​ការឃាត់ខ្លួន​មន្ដ្រី​បច្ចេកទេស​ខាងលើ គឺ​ក្រោយ​មួយថ្ងៃ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាស​បញ្ចប់​តួនាទី​ភារកិច្ច​អតីត​អគ្គលេខាធិការរង​សហព័ន្ធ​ខាងលើ ព្រមទាំង​អតីតមន្ដ្រី ៣​រូប​ទៀត រួមមាន​លោក ទុយ វិច្ឆិកា ជា​ប្រធានការិយាល័យ​អាជ្ញាកណ្តាល​, លោក ឆាំង ពិសិដ្ឋ ជា​ប្រធានការិយាល័យ​ប្រកួត និង​លោក គល់ សុភា​រម្យ ជា​ប្រធានការិយាល័យ​រដ្ឋបាល ដែល​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ កិបកេង​ថវិកា​របស់​សហព័ន្ធ ទទួលបាន​ពី​ការប្រកួត Tiger Street នូវ​ទឹកប្រាក់​៥៩.៧៣៦​ដុល្លារ គិតពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៩​។​

​ដោយសារ​ការប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ ផ្ទុយ​ពី​ក្រុម​សីលធម៌ និង​វិន័យ​របស់​សហព័ន្ធ ទើប​ថ្នាក់ដឹកនាំ FFC សម្រេច​ព្យួរ​អតីតមន្ដ្រី ៤​រូប​ខាងលើ មិន​ឲ្យ​ពាក់ព័ន្ធ​សកម្មភាព​បាល់ទាត់​អស់​មួយជីវិត​។ លើកលែងតែ​លោក ម៉ៃ តុលា ដែល​ត្រូវបាន​សហព័ន្ធ ដាក់ពាក្យ​បណ្ដឹង ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ រហូតដល់​មានការ​ឃាត់ខ្លួន​ដូច្នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×